ព័ត៌មានអន្ដរជាតិ
កាន់អំណាចត្រឹម១ខែ លោក ត្រាំ ធ្វើឲ្យរំជើបរំជួលទាំងក្នុងស្រុក និងការបែកបាក់សម្ព័ន្ធមិត្ត
រយៈពេល១ខែគត់គិតត្រឹមថ្ងៃទី២០ខែកុម្ភៈ ចាប់តាំងពីស្បថចូលកាន់អំណាចសម្រាប់អាណត្តិទីពីរជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននាំទៅដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងទាំងការកែទម្រង់នយោបាយក្នុងប្រទេសនិងបង្កភាពវឹកវរក្នុងនយោបាយអន្តរជាតិ។

នៅក្នុងខែដំបូងនៃការឡើងកាន់អំណាច លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងភាពរំជើបរំជួលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក និងដំណើរការនយោបាយសកល បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រើប្រាស់អំណាចជាប្រធានាធិបតីដាក់ចេញនូវបទបញ្ជាប្រតិបត្តិលើគោលនយោបាយយ៉ាងច្រើនមិនធ្លាប់មានក្នុងប្រវត្តិឡើងកាន់អំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ។
ត្រឹមរយៈពេល១ខែនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ (Executive Order) ចន្លោះពី៦៨ទៅ៧៣ ដែលសំដៅពង្រឹងកិច្ចការក្នុងរដ្ឋបាលរបស់លោកចាប់ពីដើមអាណត្តិនេះទៅ។ លោកដូណាល់ ត្រាំ បានធ្វើរឿងចម្រូងចម្រាសជាច្រើនក្នុងត្រឹម១ខែនេះ។
សម្រាប់ការផ្លាស់ប្តូរគោលនយោបាយក្នុងស្រុក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាច្រើន នាំទៅដល់ការផ្លាស់ប្តូរនិងបង្កភាពវឹកវរនិងការរំជើបរំជួលក្នុងប្រទេស ដោយគ្រាន់តែថ្ងៃដំបូងនៃការឡើងកាន់អំណាចភ្លាម លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិរហូតជាង២៥ ដោយផ្តោតលើអន្តោប្រវេសន៍ ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធឡើងវិញ និងគោលនយោបាយសង្គម។
លោក ដូណាល់ ត្រាំ បានចេញបទបញ្ជារឹតបន្តឹងសន្តិសុខតាមព្រំដែន ដោយប្រកាសនូវភាពអាសន្នជាតិនៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងបញ្ជូនទាហានទៅទប់ស្កាត់ការឆ្លងកាត់ព្រំដែនខុសច្បាប់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងនិងភ្លាមៗ គឺ ប្រទេសម៉ិកស៊ិក និងអាមេរិកកណ្តាល។
រឿងដែលចម្រូងចម្រាសបំផុត គឺការចេញបញ្ជាឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលនាំទៅដល់ការកាត់ផ្តាច់ជំនួយរាប់សិបពាន់លានទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍និងប៉ះពាល់ដល់ប្រជាជនអាមេរិករាប់ ដល់រាប់ម៉ឺននាក់ដែលបម្រើការនៅភ្នាក់ងារសហព័ន្ធ១នេះ។
ដូចការសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ បានបញ្ចប់សិទ្ធិស្វ័យប្រវត្តិក្នុងការទទួលសិទ្ធិពលរដ្ឋពីកំណើត ដែលជាចលនាមួយប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។
ការកាត់បន្ថយបុគ្គលិករដ្ឋគឺជាប្រធានបទដ៏ចម្រូងចម្រាសមួយក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំក្នុងអាណត្តិនេះ។ យោងទីភ្នាក់ងារព័ត៌មារ៉យទ័រ បុគ្គលិករដ្ឋប្រមាណ៧៥០០០ត្រូវបានទទួលយកការលាលែងដោយស្ម័គ្រចិត្ត ហើយ ការបញ្ឈប់បុគ្គលិករដ្ឋអាចមានលើស៨៤០០០នាក់គិតត្រឹមពាក់កណ្តាលខែកុម្ភៈ។
ការបញ្ឈប់បុគ្គលិករដ្ឋរបស់រដ្ឋបាលត្រាំ ក៏បង្កឲ្យមានការចេញតវ៉ានៅមុខសេតវិមានដ៏កម្រផងដែរ។ លើសពីនេះទៅទៀត ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យជាច្រើនរូបក៏បានចាប់ផ្តើមធ្វើយុទ្ធនាការប្រឆាំងលោកដូណាល់ ត្រាំ ជាបណ្តើរៗ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដោយមានការចូលរួមរបស់មហាសេដ្ឋី Elon Musk តាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានគោលដៅកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធរហូតដល់១០% (ប្រហែល ២៣ម៉ឺននាក់ក្នុងចំណោមបុគ្គលិកស៊ីវិល២,៣លាននាក់)។
សម្រាប់នយោបាយអន្តរជាតិវិញ ឥទ្ធិពលរបស់លោកដូណាល់ ត្រាំ បានជំរុញឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសង្គ្រាមទាំងក្នុងតំបន់មជ្ឈិមបូព៌ា ដែលនាំទៅដល់ការសម្រេចបានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស។ បទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលចូលជាធរមានមួយថ្ងៃមុនការឡើងកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ។ កិច្ចព្រមព្រៀងបទឈប់បាញ់នោះ បាននាំទៅដល់ការដោះលែងចំណាប់ខ្មាំង៣៣នាក់ដែលក្រុមហាម៉ាសចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ២០០០នាក់ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។
កិច្ចព្រមព្រៀងបទឈប់បាញ់នេះបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែការសម្រេចចិត្តផ្សេងៗទៀតបាននាំមកនូវភាពរំជើបរំជួលយ៉ាងខ្លាំងក្នុងនយោបាយអន្តរជាតិ ដូចជា ការសម្រេចដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UNHRC, អង្គការយូណេស្កូ (UNESCO), អង្គការសុខភាពពិភពលោក (WHO) និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Climate Agreement) ជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើរឿងដ៏សែនរហ័សបំផុតមួយដែលមនុស្សស្ទើរតែមួយពិភពលោកពិបាកជឿ គឺការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលថ្ងៃទី១២ខែកុម្ភៈ បានទាញរបស់នយោបាយសកលលោកយ៉ាងខ្លាំង។ ការនិយាយគ្នារវាងប្រមុខដឹកនាំប្រទេសទាំងពីរដែលធ្លាប់តែជាសត្រូវប្រជែងឥទ្ធិពលគ្នាលើកនេះ បានកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងខ្លាំង ក៏ីដូចជាការវាយប្រហារសម្ព័ន្ធមិត្តរបស់អាមេរិកផ្សេងៗទៀតដែលធ្លាប់តែជឿជាក់លើការធ្វើដំណើររួមគ្នា។ ការជជែករបស់ពួកគេ បានធ្វើឲ្យប្រទេសនៅក្នុងតំបន់អឺរ៉ុបផ្លាស់ប្តូរគោលជំហរក្នុងការគាំទ្រអាមេរិកទៅជាប្រជែងនឹងអាមេរិកទៅវិញ។
ដើម្បីបំពេញតាមការសន្យាពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានប្រឹងប្រែងដើម្បីឈានទៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយចាប់ផ្តើមចរចាតាមទូរស័ព្ទដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង ការបញ្ចូនរដ្ឋមន្ត្រីការបរទេសចរចាដោយផ្ទាល់លើកដំបូង។ ប៉ុន្តែសំណុំរឿងចរចាសន្តិភាពអ៊ុយក្រែននេះបានក្លាយជារឿងដ៏ចម្រូងចម្រាស និងនាំទៅដល់ការបែកបាក់សម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តសកលក្រោយសង្គ្រាមលោកលើកទី២។ អ្វីដែលលោកដូណាល់ ត្រាំ បានធ្វើហាក់បង្ហាញពីចំណុចស្នូលឆ្ពោះទៅរកគោលនយោបាយការបរទេសរបស់រដ្ឋបាលរបស់លោក ដែលចែងថា «America First»។
ជុំវិញនយោបាយសេដ្ឋកិច្ច លោក ដូណាល់ ត្រាំ បានដាក់បន្ថែមបន្ទុកពន្ធគយ២៥% លើកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីប្រទេសចិន។ នយោបាយពន្ធនេះបានធ្វើឱ្យទីផ្សារពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែការយកពន្ធនេះនឹងត្រូវពន្យាពេលដល់ដើមខែមីនាខាងមុខនេះ។
សរុបសេចក្តីមក ក្នុងរយៈពេល១ខែនៃការឡើងកាន់អំណាចសម្រាប់អាណត្តិទី២របស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជាឯកតោភាគីច្រើន ដោយមិនខ្វល់ខ្វាយពីការប្រតិកម្មពីសម្ព័ន្ធមិត្តឡើយ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?