ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែក២លើក មុនដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន
ប្រទេសថៃ កើតមានហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន២លើក នៅខេត្តភាគខាងត្បូងដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ខណៈរឿងនេះកើតឡើងមុនដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅទីនោះ។

តាមការចុះផ្សាយរបស់ Bangkok Post, ហេតុការណ៍ទីមួយ កើតឡើងក្នុងខេត្ត Yala នៅម៉ោង៨:២០នាទី យប់ថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ លើផ្លូវហាយវ៉េលេខ១០ ទល់មុខផ្សារទំនើបមួយ ក្នុងស្រុក Bannang Sata ពេលប៉ូលិសកំពុងចេញល្បាត ដោយបណ្តាលឲ្យជនស៊ីលម្នាក់ស្លាប់ និងរបួសប៉ូលិស ៧នាក់។

ហេតុការណ៍ទី២ កើតឡើងក្នុងខេត្ត Narathiwat ដោយគ្រាប់បែកក្នុងរថយន្តភីកអាប់ បានផ្ទុះនៅម៉ោង ៨:៥០នាទីព្រឹកថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥ ក្បែរប៉មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅឯអាកាសយានដ្ឋានខេត្ត មួយម៉ោងមុនពេលយន្តហោះគណៈប្រតិភូលោក ថាក់ស៊ីន ចុះចតនៅទីនោះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេល២ទសវត្សរ៍។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះលើកទី២នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសទេ។
សូមជម្រាបថា ភាគខាងត្បូងប្រទេសថៃ ត្រូវញាំញីដោយជម្លោះដ៏រ៉ាំរ៉ៃ ប៉ះពាល់ដល់ខេត្ត Pattani, Yala, Narathiwat និង Songkhla។ ជម្លោះនេះ គឺមានផ្តើមចេញពីបញ្ហាជនជាតិនិងសាសនា ជាពិសេសគឺអ្នកកាន់សាសនាឥស្លាមនិងព្រះពុទ្ធ។

បញ្ហាធំមួយគឺថា អ្នកនៅទីនោះមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃឡើយ ខណៈការរើសអើង និងកង្វះស្វ័យភាព ក៏មានចំណែកធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរទៅៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ