ព័ត៌មានអន្ដរជាតិ
UN អំពាវនាវឱ្យមានដំណោះស្រាយនៅមីយ៉ាន់ម៉ាឱ្យបានឆាប់ដើម្បីឲ្យជនជាតិរ៉ូហ៊ីងយ៉ាវិលវិញ
បេសកជនអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការដោះស្រាយនយោបាយនៅមីយ៉ាន់ម៉ាឱ្យបានកាន់តែឆាប់ ដើម្បីឲ្យជនជាតិរ៉ូហ៊ីងយ៉ាដែលរត់ភៀសខ្លួន អាចវិលត្រឡប់ចូលប្រទេសវិញ ខណៈពួកគេភាគច្រើនកំពុងរស់នៅប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី២៤ខែកុម្ភៈនេះ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Julie Bishop បានអំពាវនាវកាលពីថ្ងៃអាទិត្យ និងធ្វើការកត់សម្គាល់នៅពេលជួបជាមួយ លោក Md. Touhid Hossain ទីប្រឹក្សាកិច្ចការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស នៅការិយាល័យរបស់គាត់ក្នុងរដ្ឋធានីដាកា ចំពោះដំណោះស្រាយនយោបាយដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលនឹងនាំទៅដល់ការវិលត្រឡប់របស់ជនជាតិរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
លោកស្រី បានសង្កត់ធ្ងន់ថា លោកស្រីកំពុងធ្វើការដើម្បីរក្សាការយកចិត្តទុកដាក់របស់ពិភពលោកលើបញ្ហានេះ ហើយសង្ឃឹមថា សន្និសីទអង្គការសហប្រជាជាតិដែលស្នើឡើង ដោយប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស លោក Muhammad Yunus នឹងបង្កើតកម្លាំងគ្រប់គ្រាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យពីសហគមន៍អន្តរជាតិ។
ចំណែក លោក Hossain បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងថា ការបរាជ័យក្នុងការនាំយកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិនេះនឹងមិនត្រឹមតែប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។
លោក បានបន្ថែមថា ការពង្រឹងសម្ពាធពីសហគមន៍អន្តរជាតិលើមីយ៉ាន់ម៉ា អាចនាំទៅដល់ការបញ្ចប់ជម្លោះ និងនាំមកនូវសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបន្ថែមថា ប្រទេសជិតខាងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមីយ៉ាន់ម៉ាឡើងវិញ ហើយវានឹងត្រូវការការគាំទ្រពីមនុស្សគ្រប់គ្នា។
អ្នកទាំងពីរបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីនាំមកនូវលទ្ធផលយូរអង្វែងពីសន្និសីទអង្គការសហប្រជាជាតិដែលនឹងប្រារព្ធឡើងនៅឆ្នាំនេះស្តីពីជនជាតិរ៉ូហ៊ីងយ៉ា និងបញ្ហាដែលទាក់ទងនឹងជនជាតិភាគតិចផ្សេងទៀត។

បើតាមលោកលោក Yunus បាននិយាយកាលពីខែមុនថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១០០០០០ នាក់ទៀតបានឆ្លងកាត់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា មកជ្រកកោននៅក្នុងជំរុំជនភៀសខ្លួនក្នុងទីក្រុង Cox’s Bazar ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ារវាងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាម ដែលដាក់បន្ទុកបន្ថែមលើប្រទេសបង់ក្លាដែស។
គួរបញ្ជាក់ថាប្រទេសបង់ក្លាដែសបានធ្វើជាម្ចាស់ផ្ទះបណ្ដោះអាសន្នទទួលជនជាតិរ៉ូហ៊ីងយ៉ាជាង ១.២ លាននាក់នៅក្នុងស្រុក Cox’s Bazar ភាគអាគ្នេយ៍នៃប្រទេសចាប់តាំងពីពួកគេបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងខែសីហាឆ្នាំ ២០១៧មកម្លេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?