ព័ត៌មានអន្ដរជាតិ
១១ឆ្នាំក្រោយបាត់ដំណឹង ប្រតិបត្តិការរុករកយន្តហោះ MH370 បានចាប់ផ្ដើមម្ដងទៀតហើយ
ការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានចាប់ផ្តើមសាជាថ្មី បន្ទាប់ពីបាត់ខ្លួនយ៉ាងអាថ៌កំបាំងអស់រយៈពេលជាង១ទសវត្សរ៍។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke កាលពីថ្ងៃអង្គារទី២៥កុម្ភៈ។

លោក Loke បានប្រាប់អ្នកសារព័ត៌មានថា សេចក្ដីលម្អិតនៃកិច្ចសន្យារវាងម៉ាឡេស៊ី និងក្រុមហ៊ុន Ocean Infinity ត្រូវបានបញ្ចប់ហើយ សម្រាប់ការដាក់ពង្រាយកប៉ាល់រុករកយន្តហោះ MH370 ដែលបានបាត់កាលពីខែមីនាឆ្នាំ២០១៤។ យ៉ាងណាមិញ មន្ត្រីម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា រយៈពេលនៃការស្វែងរកមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។
លោក Loke ក៏មិនបានផ្តល់ព័ត៌មានលម្អិតថាតើក្រុមហ៊ុនរុករករបស់អង់គ្លេសបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនពីពេលណាមកដែរ។
យន្តហោះ MH370 ដែលដឹកមនុស្ស ២៣៩នាក់ បានបាត់ពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ ខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង។
ទោះបីជាមានការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញទេ។

កាលពីខែធ្នូឆ្នាំ២០២៤ លោក Loke បានលើកឡើងថា ការស្វែងរកថ្មីនឹងធ្វើឡើងលើគោលការណ៍ «រកមិនឃើញ មិនគិតលុយ» ដូចគ្នានឹងការស្វែងរកពីមុនរបស់ក្រុមហ៊ុន Ocean Infinity ដោយរដ្ឋាភិបាលម៉ាឡេស៊ីនឹងចំណាយប្រាក់លុះត្រាណាទាល់តែរកឃើញយន្តហោះ MH370។
លោក Loke ធ្លាប់បាននិយាយថា កិច្ចសន្យាមានរយៈពេល ១៨ខែ ហើយម៉ាឡេស៊ីនឹងបង់ប្រាក់ចំនួន ៧០លានដុល្លារដល់ក្រុមហ៊ុន បើយន្តហោះត្រូវបានរកឃើញ។
Ocean Infinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការស្វែងរក MH370 មិនបានសម្រេចក្នុងឆ្នាំ២០១៨។ កិច្ចខិតខំប្រឹងប្រែងដំបូងរបស់ក្រុមហ៊ុន បានធ្វើឡើងបន្ទាប់ពីការស្វែងរកដ៏ធំដែលដឹកនាំដោយអូស្ត្រាលីដែលមានរយៈពេលរហូតដល់៣ឆ្នាំ មុនពេលត្រូវផ្អាកនៅក្នុងខែមករាឆ្នាំ២០១៧។
ការស្វែងរកដែលដឹកនាំដោយអូស្ត្រាលី បានគ្របដណ្តប់លើផ្ទៃដី ១២ម៉ឺនគីឡូម៉ែត្រការ៉េ នៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែស្ទើរតែមិនបានរកឃើញដាននៃយន្តហោះនោះទេ ដោយមានតែបំណែកកម្ទេចកម្ទីខ្លះប៉ុណ្ណោះដែលរើសបាន។
លោក Loke ធ្លាប់បានប្រាប់ថា តំបន់ថ្មីមានផ្ទៃដី ១៥ ០០០គីឡូម៉ែត្រការ៉េ នៃមហាសមុទ្រឥណ្ឌាភាគខាងត្បូង នឹងត្រូវរុករកបន្ថែមដោយក្រុមហ៊ុន Ocean Infinity៕
ដោយ៖ ឈាង
ចុចអាន៖ ម៉ាឡេស៊ី ត្រៀមបើកប្រតិបត្តិការរុករកយន្តហោះ MH370 សាជាថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?