ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងហាម៉ាស យល់ព្រមលើវិធីថ្មីក្នុងការដោះដូរចំណាប់ខ្មាំង ដើម្បីកុំឲ្យបទឈប់បាញ់បរាជ័យ
មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារទី២៥កុម្ភៈថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរសាកសពចំណាប់ខ្មាំង ជាមួយការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដោយរក្សាបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេយ៉ាងហោចណាស់ឲ្យមានសុពលភាពពីរទៅបីថ្ងៃទៀត មុនដំណាក់កាលទីមួយត្រូវបញ្ចប់នៅចុងសប្ដាហ៍នេះ។

អ៊ីស្រាអែល បានពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ ៦០០នាក់ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីតវ៉ានឹងអ្វីដែលខ្លួននិយាយថាជាការធ្វើបាបចំណាប់ខ្មាំងយ៉ាងឃោរឃៅក្នុងអំឡុងពេលដោះលែងពួកគេដោយក្រុមហាម៉ាស។ ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយថា ការពន្យារពេលនេះគឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» នៃបទឈប់បាញ់ ហើយថា ការចរចាលើដំណាក់កាលទីពីរគឺមិនអាចធ្វើទៅបានទេរហូតដល់អ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែង។
ភាពជាប់គាំងនេះ បានគំរាមកំហែងដល់ការដួលរលំនៃបទឈប់បាញ់ នៅពេលដែលកិច្ចព្រមព្រៀងដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍នឹងផុតកំណត់នៅចុងសប្តាហ៍នេះ។
ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ ក្រុមហាម៉ាស បានប្រាប់ថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ដើម្បីដោះស្រាយជម្លោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរដោយគណៈប្រតិភូដែលដឹកនាំដោយលោក Khalil al-Hayya ដែលជាមន្ត្រីនយោបាយកំពូលនៅក្នុងក្រុមហាម៉ាស។
ការសម្រេចបាននេះ ជួយសម្រួលដល់ការប្រគល់សាកសពចំណាប់ខ្មាំងបួននាក់ និងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់បន្ថែមទៀត ដែលគ្រោងនឹងដោះលែងនៅក្រោមបទឈប់បាញ់បច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍របស់ហាម៉ាស បានលើកឡើងថា អ្នកទោសពីមុនដែលត្រូវបានកំណត់សម្រាប់ការដោះលែង «នឹងត្រូវបានដោះលែងក្នុងពេលដំណាលគ្នាជាមួយនឹងសាកសពអ្នកទោសអ៊ីស្រាអែលដែលត្រូវបានយល់ព្រមប្រគល់ឲ្យ» រួមជាមួយនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនថ្មីមួយក្រុមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បាននិយាយថា ការដោះដូរអាចនឹងធ្វើឡើងភ្លាមៗនៅថ្ងៃពុធ។ វិបសាយព័ត៌មាន Ynet បានផ្សាយថា សាកសពចំណាប់ខ្មាំងរបស់អ៊ីស្រាអែល នឹងត្រូវប្រគល់ទៅឲ្យអាជ្ញាធរអេហ្ស៊ីប ដោយមិនរៀបចំពិធីសាធារណៈណាមួយឡើយ។

សូមបញ្ជាក់ថា ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងសាកសពចំណាប់ខ្មាំងបួននាក់ នៅក្នុងពិធីសាធារណៈដ៏ធំមួយ ខណៈចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានដាក់ឲ្យដង្ហែរក្បួន និងត្រូវគេបង្ខំឲ្យរាដៃទៅកាន់ហ្វូងមនុស្សយ៉ាងច្រើន។ អ៊ីស្រាអែល រួមជាមួយនឹងមន្ត្រីកាកបាទក្រហម និងអង្គការសហប្រជាជាតិ បាននិយាយថា ពិធីនេះ ជាការធ្វើឲ្យចំណាប់ខ្មាំងអាម៉ាសមុខ ហើយអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក៏បានពន្យារពេលការដោះលែងអ្នកទោសប៉ាឡេស្ទីន។
ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចែងពីការប្រគល់ចំណាប់ខ្មាំង ៣៣នាក់ ក្នុងនោះមានទាំងសាកសព៨នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់។
ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងហាម៉ាស និងអ៊ីស្រាអែល ដែលមានរយៈពេល ១៥ខែ បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់នៅអ៊ីស្រាអែល និងបានចាប់មនុស្សប្រហែល ២៥០នាក់ធ្វើជាចំណាប់ខ្មាំង។
ប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៨ ០០០នាក់ ខណៈប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាប្រមាណ ៩០% បានផ្លាស់ទីលំនៅ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិនបានបែងចែកចំនួនអ្នកស្លាប់ថាតើមានជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធប៉ុន្មាននោះទេ គ្រាន់បញ្ជាក់ថាជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?