Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ២គ្រឿង ប៊ិះបុកគ្នាទៀតនៅ អាមេរិក

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥ សហរដ្ឋអាមេរិក ប៊ិះនឹងកើតមហន្តរាយយន្តហោះបុកគ្នាទៀតទៅហើយ រវាងយន្តហោះដឹកអ្នកដំណើរ ជាមួយយន្តហោះឯកជន។  

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ AP, យន្តហោះរបស់ក្រុមហ៊ុន Southwest Airlines មួយគ្រឿងផ្ទុកអ្នកដំណើរ៩៩នាក់ រៀបនឹងចុះចតដល់គោលដៅទៅហើយ ស្រាប់តែមានយន្តហោះឯកជនមួយគ្រឿងបើកមកកាត់មុខ លើផ្លូវរត់ ធ្វើឲ្យអាកាសយានិកនៃយន្តហោះដឹកអ្នកដំណើរ បង្ខំចិត្តបញ្ជាយន្តហោះ ហោះឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់។

យោងតាមរដ្ឋបាលសហព័ន្ធអាមេរិក (FFA), រឿងនេះកើតឡើងនាវេលាម៉ោង៨:៥០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯអាកាសយានដ្ឋានអន្តរជាតិ Midway ក្នុងទីក្រុង Chicago នៃរដ្ឋ Illinois រវាងយន្តហោះ Boeing 737 Max8 ដែលជាជើងហោះហើររបស់លេខ ២ ៥០៤របស់ក្រុមហ៊ុន Southwest Airlines ហោះពីទីក្រុង Omaha ជាមួយយន្តហោះឯកជន Flexjet Bombardier Challenger។

(រូបថត៖ X)

FFA ចេញសេចក្តីប្រកាសថា យន្តហោះឯកជននោះបានបើកចូលផ្លូវរត់ (Runway) ដោយគ្មានការអនុញ្ញាត ខណៈខ្លួនបើកការស៊ើបអង្កេតលើករណីនេះហើយ។

ហេតុការណ៍យន្តហោះប៊ិះបុកគ្នានេះ ធ្វើឲ្យគេបារម្ភថែមមួយកម្រិតទៀតចំពោះសុវត្ថិភាពវិស័យអាកាសចរណ៍ ពិសេសនៅសហរដ្ឋអាមេរិកតែម្តង ខណៈមួយរយៈចុងក្រោយ មានហេតុការណ៍ពាក់ព័ន្ធយន្តហោះ កើតឡើងញឹកញាប់មែនទែន។

ហេតុការណ៍ធំបំផុតគឺកើតឡើងកាលពីខែមុន ដែលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines បុកជាមួយឧទ្ធម្ភាគចក្រយោធាក្បែរអាកាសយានដ្ឋាន Ronald Reagan Washington National ដោយសម្លាប់មនុស្សទាំងអស់៦៧នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម