Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ ក្រុង​ព្យុងយ៉ាង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​រុស្ស៊ី ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

បានផុស

នៅ

បើយោងតាមទីភ្នាក់ងារ​ចារកម្ម​របស់កូរ៉េខាងត្បូង(NIS) កូរ៉េខាងជើងបានបញ្ជូនទាហានបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា​ក្នុង​ឈ្លានពាន​ប្រទេសអ៊ុយក្រែន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NIS បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា ការដាក់ពង្រាយចុងក្រោយនេះ រួមមានទាហានប្រមាណពី ១ ០០០​ ទៅ ៣ ០០០​នាក់ដែលត្រូវបានបញ្ជូនទៅតំបន់ Kursk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ការ​បញ្ជូន​ទ័ព​នេះ ធ្វើឡើងបន្ទាប់ពីការដាក់ពង្រាយទាហានកូរ៉េខាងជើងជាង ១១ ០០០​នាក់កាលពីឆ្នាំមុន។

កងកម្លាំងកូរ៉េខាងជើង បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ រួមទាំងការស្លាប់ និងរបួសជាច្រើនដែលត្រូវបានសន្មតថា​បណ្ដាល​មក​ពី​​ប្រើ​យុទ្ធសាស្ត្រប្រយុទ្ធហួសសម័យ និងភាពមិនស៊ាំជាមួយភូមិសាស្ត្រ​សមរភូមិ។ នៅក្នុងខែមករា របាយការណ៍បានបង្ហាញថា ទាហានកូរ៉េខាងជើង ៣០០​នាក់ត្រូវបានសម្លាប់ និង ២ ៧០០​នាក់បានរងរបួស ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងដល់ ៤ ០០០​នាក់។

ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងដំបូងទៅកាន់រុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែតុលា​ឆ្នាំ​២០២៤ ដោយទាហាន​ទាំង​នោះ​ទទួលការហ្វឹកហ្វឺននៅភាគខាងកើតនៃប្រទេសរុស្ស៊ី មុនពេលដែលឈរជើងនៅជិតព្រំដែនអ៊ុយក្រែន។ ការដាក់ពង្រាយទាំងនេះ គឺជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែលបានបង្កើតឡើងរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងឆ្នាំ​២០២៤។

(រូបភាព៖ បណ្ដាញ​សង្គម)

ការ​ចូល​រួម​របស់​ទាហាន​កូរ៉េ​ខាង​ជើង​ក្នុង​ជម្លោះ ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រទេស​កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ។ មានការបារម្ភថា រុស្ស៊ីអាចនឹងតបស្នងដោយការផ្តល់ឲ្យកូរ៉េខាងជើងនូវសព្វាវុធទំនើបៗ ដែលអាចបង្កើនសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង។ បន្ថែមពីលើនេះ អ្នកជំនាញព្រមានថា ការមើល​ស្រាល​ចំពោះ​ឥទ្ធិពលរបស់ទាហានកូរ៉េខាងជើង អាចជាការគិតខុស ព្រោះវត្តមានរបស់ពួកគេ​ពិត​អាចជះឥទ្ធិពលដល់សក្ដានុពលនៃជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម