ព័ត៌មានអន្ដរជាតិ
តម្លៃស៊ុតនៅអាមេរិកកើនឡើងជាង៥០%ខ្ពស់បំផុតមិនធ្លាប់មាន ខណៈរដ្ឋបាលត្រាំបញ្ចេញលុយ១០០០លាន
តម្លៃស៊ុតនៅសហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុត ឈានដល់ជាមធ្យម ៨.១១ ដុល្លារអាមេរិកក្នុងមួយឡូ (១២គ្រាប់) គិតត្រឹមថ្ងៃពុធ ពោលគឺកើនឡើង៥៣ភាគរយធៀបនឹងឆ្នាំមុន ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីដ៏បំផ្លិចបំផ្លាញដែលកាត់បន្ថយចំនួនមេមាន់ពងរបស់ប្រទេសនេះ។

ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី (HPAI) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០២២ បានបង្ខំឱ្យកសិករសម្លាប់មេមាន់ប្រមាណ១៦៦លានក្បាលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិកលោក Brooke Rollins។
វិបត្តិនេះកាន់តែខ្លាំងឡើងនៅដើមឆ្នាំ២០២៥ ដោយសារស៊ុតពាណិជ្ជកម្មប្រហែល១៨.៨លានគ្រាប់បានរងផលប៉ះពាល់ដោយ HPAI នៅក្នុងខែមករាតែមួយ ដែលជាចំនួនសរុបប្រចាំខែខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង។
នៅក្នុងការព្យាករណ៍តម្លៃអាហារប្រចាំខែកុម្ភៈ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានព្យាករណ៍ថា តម្លៃស៊ុតនឹងកើនឡើង៤១.១ ភាគរយនៅឆ្នាំ២០២៥។ ការកើនឡើងតម្លៃយ៉ាងគំហុកនេះកំពុងមានផលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងឧស្សាហកម្មម្ហូបអាហារ ជាពិសេសប្រជាជននៅ ញូវយ៉ក និងកាលីហ្វ័រញ៉ា កំពុងជួបប្រទះនឹងតម្លៃកាន់តែខ្ពស់ ដោយអ្នកខ្លះចំណាយច្រើនដល់ទៅ៩ដុល្លារ ឬច្រើនជាងនេះក្នុងស៊ុតមួយឡូ។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋបាលលោក ដូ ណាល់ត្រាំ បានប្រកាសពីយុទ្ធសាស្ត្រប្រាំចំណុចកាលពីថ្ងៃពុធ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះ ដោយសន្យាទម្លាក់លុយជំនួយដល់ទៅ១ពាន់លានដុល្លារអាមេរិកក្នុងវិធានការណ៍សង្គ្រោះ ក្នុងនោះ៥០០លានដុល្លារ ដើម្បីបង្កើនវិធានការការពារជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ ផ្តល់ជំនួយសង្គ្រោះហិរញ្ញវត្ថុចំនួន ៤០០ លានដុល្លារដល់កសិករដែលរងផលប៉ះពាល់ និងបែងចែក១០០លានដុល្លារទៀតសម្រាប់ការស្រាវជ្រាវរកវ៉ាក់សាំង។
យុទ្ធសាស្ត្ររបស់រដ្ឋបាលក៏មានការស្វែងរកប្រភពស៊ុតពីទីផ្សារក្រៅប្រទេស ដូចជាការនាំចូលស៊ុតពីប្រទេសតួកគី។USDA បានបញ្ជាក់ថា ខ្លួនក៏កំពុងពិភាក្សាជាមួយប្រទេសមួយចំនួនទៀតដើម្បីធានាការនាំចូលស៊ុតបន្ថែមដែលជាផ្នែកនៃដំណោះស្រាយរយៈពេលខ្លីចំពោះវិបត្តិនេះ។
ទោះយ៉ាងណាអ្នករិះគន់បានចង្អុលទៅការដោះស្រាយវិបត្តិរបស់រដ្ឋបាលថាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់។ ការបញ្ឈប់ការងារយ៉ាងច្រើននាពេលថ្មីៗនេះរបស់រដ្ឋបាល លោក ត្រាំ នៅទីភ្នាក់ងារសហព័ន្ធ រួមទាំង USDA បានរំខានដល់ការតាមដាន ការធ្វើតេស្ត និងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលចំពោះជំងឺផ្តាសាយបក្សី៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?