ព័ត៌មានអន្ដរជាតិ
[វិចារណកថា] ចូលខែមីនានឹងក្លាយជាពេលដ៏សែនរន្ធត់ក្តុកក្តួលសម្រាប់ លោក Yoon Suk Yeol
ខែមីនាចូលមកដល់ គេអាចនិយាយបានថា ជាពេលដ៏សែនរន្ធត់ក្តុកក្តួលបំផុតជាជាងភាពរីករាយសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលប្រឈមការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញដែលពិភពលោកទន្ទឹងរង់ចាំមើល ថាតើ ប្រធានាធិបតីដែលប្រកាសប្រើច្បាប់អាជា្ញសឹកដ៏តក់ក្រហល់និងមិនជោគជ័យត្រឹមតែប៉ុន្មានម៉ោងនោះ នឹងមានវាសនានយោបាយយ៉ាងដូចម្តេច។

លោក Yoon Suk-yeol បានប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់បំផុតកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ហើយត្រូវរដ្ឋសភាកូរ៉េខាងត្បូងដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សជំទាស់បានបោះឆ្នោតប្រឆាំងច្បាប់អាជ្ញាសឹកនោះ ដោយមានការចូលរួមបោះឆ្នោតគាំទ្រដោយសមាជិករបស់គណបក្សអំណាចប្រជាជនរបស់លោក Yoon Suk-yeol ផងដែរ។
១១ថ្ងៃក្រោយការប្រកាសច្បាប់អាជ្ញាសឹក ពោលគឺនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ សភាជាតិកូរ៉េ បានចោទប្រកាន់និងបោះឆ្នោតទម្លាក់លោក Yoon Suk-yeol ពីអំណាច ដោយសំឡេងសរុប២០៤ទល់នឹងសំឡេងប្រឆាំង៨៥។ ការបោះឆ្នោតទម្លាក់អំណាចនោះក៏មានការចូលរួមរបស់សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) របស់លោក ចំនួន១២រូបចូលរួមគាំទ្រ ព្រោះថា សម្ព័ន្ធគណបក្សប្រជាធិបតេយ្យមានសមាជិកសរុបតែ១៩២ មិនគ្រប់កូរ៉ុម២ភាគ៣នៃសមាជិកសភាសរុប៣០០ឡើយ។
ក្រោយព្យួរពីអំណាច តុលាការធម្មនុញ្ញកូរ៉េបានចាប់ផ្តើមធ្វើការភ្លាមៗដោយមិនបង្អង់យូរឡើយ ព្រោះថា ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េបានធ្លាក់ចូលទៅក្នុងវិបត្តិមិនធ្លាប់មាន។

ក្នុងអំឡុងពេលនៃសវនាការចំនួន១១លើក តុលាការធម្មនុញ្ញបានវាយតម្លៃពីភាពមិនស្របតាមរដ្ឋធម្មនុញ្ញ និងភាពខុសច្បាប់នៃសេចក្តីប្រកាសរយៈពេលខ្លីរបស់ Yoon នៃច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ។
ក្នុងអំឡុងពេលសវនាការជាបន្តបន្ទាប់ក្នុងសំណុំរឿងនេះ សាក្សីចំនួន១៦នាក់ត្រូវបានកោះហៅទៅកាន់តុក្រចកសេះ ដើម្បីផ្តល់សក្ខីកម្ម។ សាក្សីក្នុងរឿងនេះ គឺសុទ្ធសឹងជាមេបញ្ជាការយោធា និងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ដែលមានមុខងារអនុវត្តច្បាប់អាជ្ញាសឹក។
ប្រធានាធិបតីដែលត្រូវបានព្យួរអំណាច លោក Yoon Suk Yeol បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់នៅឯសវនាការចុងក្រោយនៃការកាត់ក្តីចោទប្រកាន់របស់គាត់កាលពីថ្ងៃអង្គារទី២៥ខែកុម្ភៈ។
ឥឡូវនេះ សវនាការត្រូវបានបញ្ចប់សព្វគ្រប់ តុលាការធម្មនុញ្ញបានចាប់ផ្តើមការពិភាក្សា ហើយត្រូវបានគេរំពឹងថានឹងឈានដល់ការសម្រេចអំពីជោគវាសនារបស់ Yoon នៅដើម ឬពាក់កណ្តាលខែមីនាដ៏ខ្លីខាងមុខនេះ។
លោក Yoon Suk-yeol ដែលជាអ្នកកាន់ច្បាប់អស់រយៈពេល២៧ឆ្នាំជារដ្ឋអាជ្ញានិងជាអគ្គរដ្ឋអាជ្ញា មុនប្រែក្លាយវាសនាជាអ្នកនយោបាយក្នុងរយៈពេលខ្លី និងបានឈ្នះឆ្នោតដ៏ប្រផិតប្រផើយនៅដើមឆ្នាំ២០២២ និងបានឡើងកាន់អំណាចកាលខែឧសភាឆ្នាំ២០២២។
ប៉ុន្តែ ក្រោមការដឹកនាំរបស់លោក នយោបាយរបស់ប្រទេសកូរ៉េខាងត្បូងមានភាពរង្គោះរង្គើជាខ្លាំង ដូចជាការសម្រេចប្តូរការិយាល័យធ្វើការរបស់ប្រធានាធិបតីពីវិមានខៀស (Blue House) ទៅកាន់បរិវេណក្រសួងការពារជាតិជាដើមដែលនាំទៅដល់ការចំណាយ៤០លានដុល្លារ។

លោក Yoon Suk-yeol នៅមានសង្ឃឹមខ្លះដែរក្នុងការទទួលបានអំណាចវិញ ដោយសារតែបច្ចុប្បន្ននេះក្នុងចំណោមក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញទាំង៨រូបនៃចៅក្រមសរុប៩រូប គឺមាន៥រូបចេញមកពីការតែងតាំងរបស់លោក និងការពេញចិត្តរបស់គណបក្សរបស់របស់លោក ហើយមានតែ៣រូបប៉ុណ្ណោះដែលតែងតាំងដោយប្រធានាធិបតីមុន និងគណបក្សប្រជាធិបតេយ្យ។
ដូចនេះ ក្នុងករណីដែលចៅក្រមតុលាការធម្មនុញ្ញមិនដល់៦រូបបោះឆ្នោតប្រឆាំងការចោទប្រកាន់របស់រដ្ឋសភាទេ នោះលោក Yoon Suk Yeol នឹងត្រូវវិលទៅកាន់អំណាចវិញ។ ទោះបីយ៉ាងណា បើសិនជាតុលាការធម្មនុញ្ញសម្រេចចេញសាលក្រមដកហូតអំណាចនោះជាផ្លូវការ ប្រទេសកូរ៉េខាងត្បូងត្រូវរៀបចំបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ។
ពេលនោះ លោក Yoon Suk Yeol នឹងត្រូវប្រឈមការចោទប្រកាន់ជាច្រើនទៀតដែលកំពុងតែអនុវត្តនៅតុលាការក្រុងសេអ៊ូល ដោយចោទប្រកាន់ពីបទឧក្រិដ្ឋមានអំពើបះបោរ និងការរំលោភអំណាចជាដើម៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់