ព័ត៌មានអន្ដរជាតិ
Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក
ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទាស់សម្តីគ្នាយ៉ាងបែកផ្សែងនៅក្នុងការិយាល័យអូវ៉ាល់ ជុំវិញបញ្ហាសង្គ្រាមរបស់រុស្ស៊ី ហើយជម្លោះនេះធ្វើឲ្យកក្រើកពិភពលោក និងត្រូវបានសារព័ត៌មានទាំងអស់ចុះផ្សាយព្រោងព្រាត កាលពីថ្ងៃសុក្រទី២៨ខែកុម្ភៈឆ្នាំ២០២៥។

លោក Zelensky បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីសីញេលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែកម្រជាមួយជំនួយយោធាអាមេរិក ដើម្បីយកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលនៅតែបន្តឆាបឆេះ ប៉ុន្តែរឿងរ៉ាវហាក់មិនរលូនតាមការគ្រោងទុកឡើយ ដល់ថ្នាក់លោក Trump បណ្តេញលោក Zelensky ឲ្យចាកចេញពីសេតវិមានទាំងតក់ក្រហល់ទៀតផង។
ជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ព្រោះខ្ញុំប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

យ៉ាងណាក្តី លោក Zelensky បានការពារជំហររបស់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខដ៏រឹងមាំ និងបង្ហាញពីក្តីបារម្ភថា បើលែងមានការគាំទ្រនោះរុស្ស៊ីនឹងឈ្លានពានកាន់តែខ្លាំង។
នៅពេលលោក Vance ជំរុញឲ្យ Zelensky ថ្លែងអំណរគុណខ្លះដល់សហរដ្ឋអាមេរិក និងប្រធានាធិបតីដែលព្យាយាមជួយសង្គ្រោះប្រទេសរបស់អ្នកនោះ ស្រាប់តែ Zelensky ឆ្លើយតបថា «សូមអ្នកគិតថាប្រសិនបើអ្នកនិយាយខ្លាំង ៗ អំពីសង្គ្រាម…» និយាយបានប៉ុណ្ណឹងស្រាប់តែ Trump កាត់សម្តីដោយនិយាយដំឡើងសំឡេងថា «ប្រទេសរបស់អ្នកមានបញ្ហាធំ។ អ្នកមិនឈ្នះទេ អ្នកមានឱកាសល្អក្នុងការចេញមកក្រៅមិនអីទេដោយសារពួកយើង»។ ក្រោយមកលោក Trump បញ្ជាក់ថា «អ្នកមិននៅម្នាក់ឯងទេ។ យើងឲ្យប្រាក់អ្នក៣៥០ពាន់លានដុល្លារ ហើយជួយឧបករណ៍យោធាទៀតផង តាមរយៈប្រធានាធិបតី Joe Biden។ នៅពេលលោក Zelensky ព្យាយាមស្រែកដាក់លោក Trump, ប្រធានាធិបតីអាមេរិក ក៏បកទៅវិញថា ប្រសិនបើគ្មានជំនួយពីអាមេរិកទេ សង្រ្គាមនឹងបញ្ចប់ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ។

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។
យ៉ាងណា មេដឹកនាំអ៊ុយក្រែន បានចេញមុខការពារអាកប្បកិរិយារបស់គាត់នៅឯសេតវិមាន ដោយអះអាងថា គាត់មិនបានធ្វើអាក្រក់ទេ។ តើគាត់ពិតជាជំពាក់ការសុំទោសមែនឬ។

លោក Zelensky និយាយថា «ទេ! ខ្ញុំគោរពប្រធានាធិបតី ហើយខ្ញុំគោរពប្រជាជនអាមេរិក។ ខ្ញុំមិនប្រាកដថា យើងបានធ្វើអ្វីអាក្រក់ទេ។ បញ្ហាមួយចំនួនគួរតែត្រូវបានពិភាក្សានៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ»។
ចំណែកលោក Trump ឯណោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក Zelensky មិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកសន្តិភាពទេ គាត់អាចវិលមកវិញម្តងទៀតពេលត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកសន្តិភាព»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក