ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះ៥០០០នាក់នឹងត្រូវបញ្ជូនចេញពីមីយ៉ាន់ម៉ាទៅចិនវិញនៅសប្តាហ៍ក្រោយ
ចិននិងថៃរៀបចំធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនចំនួន៥០០០នាក់ដែលជាជនរងគ្រោះពី Call-Center ក្នុងប្រទេស មីយ៉ាន់ម៉ា នៅខែក្រោយជាមួយនឹងផែនការបញ្ជូនត្រឡប់ទៅវិញប្រហែល១០០០នាក់ក្នុងមួយសប្តាហ៍ពីប្រទេសថៃ។ នេះបើយោងតាមការចេសញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០១ខែមីនានេះ។

ការប្រកាសនេះបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានបន្ទាប់ពី «កិច្ចប្រជុំសម្របសម្រួលថៃ-មីយ៉ាន់ម៉ា-ចិនលើការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមទូរគមនាគមន៍» ដែលបានធ្វើឡើងក្នុងទីក្រុងបាងកកកាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa បានបង្ហាញឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះចំនួន ៧០០០នាក់ដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍នោះ មានជនជាតិចិនចំនួន ៥០០០ នាក់នឹងត្រូវបញ្ជូនទៅប្រទេសចិនវិញ នៅសប្តាហ៍ក្រោយ។
ទាក់ទិននឹងជនរងគ្រោះ ២០០០នាក់ផ្សេងទៀត លោកថា ក្រសួងកំពុងសម្របសម្រួលជាមួយស្ថានទូតរៀងៗខ្លួន ដើម្បីផ្ទៀងផ្ទាត់សញ្ជាតិ បញ្ជាក់ពីអត្តសញ្ញាណ និងរៀបចំការវិលត្រឡប់របស់ពួកគេ។ លោក Maris បានកត់សម្គាល់ថា៖ «ដំណើរការនេះអាចនឹងចំណាយពេលវេលា ព្រោះប្រទេសខ្លះមិនមានស្ថានទូតនៅក្នុងប្រទេសថៃ»។

ដើម្បីជួយពន្លឿនដំណើរការធ្វើមាតុភូមិនិវត្តន៍ ក្រសួងការបរទេសថៃ បានឲ្យដឹងថាខ្លួនកំពុងចរចាជាមួយអង្គការអន្តរជាតិ រួមទាំងអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ដើម្បីទទួលបានការគាំទ្រសម្រាប់ប្រតិបត្តិការនេះ រួមទាំងការផ្តល់មូលនិធិផងដែរ ព្រោះទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា មានដែនកំណត់ថវិកាដែលអាចប៉ះពាល់ដល់ការបញ្ចប់បេសកកម្មនេះ។
កិច្ចប្រជុំត្រីភាគីដែលដឹកនាំដោយលោក Maris នេះមានការចូលរួមដោយ Aung Kyaw Kyaw អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា និងលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃប្រទេសចិន និងក៏មានក៏ចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃ ប៉ូលិសភូមិន្ទថៃ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុក៏មានវត្តមានផងដែរ។
គួរបញ្ជាក់ថាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសថៃបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសចិន មីយ៉ាន់ម៉ា និងប្រទេសជិតខាងក្នុងអំឡុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាច្រើន រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៩ និងការពិគ្រោះយោបល់ក្នុងតំបន់ផ្សេងទៀត។ កិច្ចប្រជុំត្រីភាគីនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាជាបន្តបន្ទាប់ដើម្បីបង្កើតក្របខ័ណ្ឌច្បាស់លាស់ និងជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនាក់ទំនងទ្វេភាគីរឹងមាំ និងផលប្រយោជន៍រួម ជាមួយនឹងគោលដៅរួមគឺការការពារប្រជាពលរដ្ឋ និងរក្សាសន្តិសុខក្នុងតំបន់៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?