Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

បានផុស

នៅ

អ៊ីស្រាអែល នឹងអនុម័តសំណើរបស់​បេសកជនពិសេស​​​របស់​ប្រធានាធិបតីអាមេរិក សម្រាប់​បទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សា សម្រាប់​ពិធី​បុណ្យ Ramadan និង​ពិធី​បុណ្យ Passover។ នេះ​បើ​យោង​តាម​ការិយាល័យនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ​ទី​២​ខែ​មីនា​នេះ ប៉ុន្មានម៉ោងបន្ទាប់ពីដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាពីមុនមក​ នឹង​ផុត​កំណត់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ប្រកាស​ថា នៅថ្ងៃដំបូងនៃសំណើរបស់​លោក Steve Witkoff ចំណាប់ខ្មាំងពាក់កណ្តាលដែលត្រូវបានឃុំខ្លួននៅ​តំបន់​ហ្គាហ្សា​ទាំងនៅរស់ និងស្លាប់ នឹងត្រូវបានដោះលែង ដោយ​បន្ថែម​ថា ចំណាប់ខ្មាំងដែលនៅសេសសល់ក៏នឹងត្រូវបានដោះលែងផងដែរ បន្ទាប់ពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ត្រូវបាន​ព្រមព្រៀង។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបន្ត​ថា លោក Witkoff បានធ្វើសំណើដើម្បីបន្តបទឈប់បាញ់បច្ចុប្បន្ន បន្ទាប់ពីដឹងថាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាអចិន្ត្រៃយ៍។

អ្នកនាំពាក្យក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស លោក Hazem Qassem កាល​​ពី​ព្រឹកថ្ងៃសៅរ៍ បាន​ប្រាប់​ថា ហាម៉ាស​បានច្រានចោល​ការ​លើក​ឡើង​របស់អ៊ីស្រាអែល ក្នុងការបន្តដំណាក់កាលទី​មួយ​នៃបទឈប់បាញ់។

ការិយាល័យរបស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានបញ្ជាក់​ថា អ៊ីស្រាអែលនឹងធ្វើការចរចាភ្លាមៗលើផែនការរបស់លោក Witkoff ​បើក្រុមហាម៉ាសយល់ព្រម។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយដែរថា៖ «យោងតាមកិច្ចព្រមព្រៀង អ៊ីស្រាអែលអាចត្រឡប់​ទៅប្រយុទ្ធ​វិញ​បន្ទាប់ពីថ្ងៃទី​៤២ បើខ្លួន​មានអារម្មណ៍ថា ការចរចាគ្មានប្រសិទ្ធភាព» ដោយចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភលើកិច្ចព្រមព្រៀង។

កន្លង​មក ភាគី​ទាំង​ពីរ​បាន​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​​ពី​បទ​បំពាន​​លើ​កិច្ច​ព្រម​ព្រៀង​។

(រូបថត៖ Getty)

អ៊ីស្រាអែល ​បាន​ស្នើសុំ​ពន្យារ​ដំណាក់កាល​ទីមួយ ដោយ​មាន​លក្ខខណ្ឌ​លើ​ការ​ប្រគល់​អ្នកទោស​ដែល​នៅរស់ និង​សាកសព​មួយចំនួន​ជា​រៀងរាល់សប្តាហ៍។ យ៉ាង​ណាមិញ ក្រុម​ហាម៉ាស​បាន​ច្រាន​ចោល និង​ទទូច​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​ព្រម​ព្រៀង​នេះ ដើម្បី​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ និង​កាតព្វកិច្ច​អ៊ីស្រាអែល​ចំពោះ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ពី​មុន​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា។

សូម​បញ្ជាក់​ថា ដំណាក់កាល​ដំបូង​នៃ​កិច្ចព្រមព្រៀងឈប់បាញ់ បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥​ខែ​រវាង​​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស ហើយមានការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣​នាក់ និងជនជាតិថៃ ៥​នាក់ សម្រាប់អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ ០០០​នាក់។

ការ​ពិភាក្សា​អំពី​បទ​ឈប់​បាញ់​បាន​និង​កំពុង​បន្ត ដែល​ថ្មីៗ​នេះ​​ធ្វើ​ឡើង​នៅ​ទីក្រុង​គែរ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម