ព័ត៌មានអន្ដរជាតិ
អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ដោយមិនចាំបាច់មានសហរដ្ឋអាមេរិក ប្រទេសរបស់លោកនិងបារាំង នឹងដឹកនាំក្រុមចម្រុះមួយ ដើម្បីដាក់ទ័ពទៅអ៊ុយក្រែន ជាការគាំទ្រផ្នែកយោធានៅពេលណា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូត្រូវបានឈានដល់។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោក Starmer បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំបន្ទាន់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុបជាច្រើនរូបដូចជាប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Olaf Scholz, នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងមេដឹកនាំផ្សេងទៀតរួមមាននាយករដ្ឋមន្រ្តីកាណាដា Justin Trudeau, ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងអគ្គលេខាធិការអង្គការណាតូ Mark Rutte។
យោងតាមលោក Starmer, ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។

ដោយឡែក ក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ លោក Starmer បាននិយាយថា ចំណុចចំនួនបួនត្រូវបានព្រមព្រៀងដូចជា៖
- ត្រូវរក្សាលំហូរជំនួយយោធាចូលអ៊ុយក្រែន និងបន្តបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី
- សន្តិភាពយូរអង្វែងណាមួយ ត្រូវតែធានានូវអធិបតេយ្យភាពនិងសន្តិសុខរបស់អ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវតែមានវត្តមាននៅក្នុងកិច្ចចរចាសន្តិភាព
- ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព ត្រូវតែបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពាននាពេលអនាគត
- ត្រូវបង្កើត «សម្ព័ន្ធឆន្ទៈ» ដើម្បីការពារកិច្ចព្រមព្រៀងមួយនៅអ៊ុយក្រែន និងធានាសន្តិភាពនៅពេលក្រោយ
យ៉ាងណាជុំវិញរឿងនេះដែរ ប្រធានាធិបតីបារាំង Emmanuel Macron បញ្ជាក់ថា កងទ័ពនឹងបញ្ជូនទៅតែពេលណាដែលសន្តិសុខត្រូវបានធានា និងពេលវេលាមានសុវត្ថិភាពប៉ុណ្ណោះ ហើយកងទ័ពក៏មិនទាន់បញ្ជូនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដែរ ត្រូវរង់ចាំសិន។

បារាំងនិងអង់គ្លេស គឺជាអ្នកចេញមុខចេញមាត់ជាងគេ ក្នុងយុទ្ធនាការប្រមែប្រមូលកងទ័ពអឺរ៉ុបឲ្យបាន ៣០ ០០០នាក់ ដើម្បីបញ្ជូនទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាពនៅពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នា ប៉ុន្តែរឿងនេះធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក និងជំទាស់យ៉ាងដាច់អហង្ការ។
ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ។
សូម្បីប្រធានាធិបតីអាមេរិក Donald Trump ឯណោះក៏មិនគាំទ្រដែរ ដោយលោកនិយាយថា បើកងទ័ពអឺរ៉ុបបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ីមែន សូមដោះស្រាយខ្លួនឯងទៅ។
សូមជម្រាបជាថ្មី កងទ័ព ៣០ ០០០នាក់ដែលស្ថិតក្នុងផែនការអឺរ៉ុបនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស ថែមប្រាក់កម្ចីឲ្យអ៊ុយក្រែន ជិត៣ពាន់លានដុល្លារ សម្រាប់ផលិតកម្មអាវុធ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?