Connect with us

ព័ត៌មានអន្ដរជាតិ

Trump ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយទាស់គ្នាបែកផ្សែងជាមួយ Zelensky

បានផុស

នៅ

នៅទីបំផុត ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឲ្យក្រសួងការពារជាតិផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយការឈ្លោះប្រកែកគ្នាបែកផ្សែងនៅសេតវិមាន កាលពីចុងសប្តាហ៍មុន។

លោក Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ មន្ត្រីអាមេរិកមួយរូបនិយាយថា ទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តផ្អាកនិងពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួន ដើម្បីធានាថាខ្លួនកំពុងរួមចំណែកដល់ដំណោះស្រាយណាមួយ។

យោងតាមប្រភពដែលចុះផ្សាយដោយ Fox News នៅថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥ ការផ្អាកជំនួយនេះ ក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។

សព្វាវុធអាមេរិក (រូបថត៖ Reuters)

មុនសេចក្តីប្រកាសនេះមួយថ្ងៃ លោក Trump ក៏បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយវាយប្រហារដឹកនាំអ៊ុយក្រែនជាថ្មីផងដែរ ដោយសរសេរថា លោក Zelensky បានធ្វើសេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត បន្ទាប់ពីគាត់ធ្វើអត្ថាធិប្បាយថា សង្គ្រាមនៅវែងឆ្ងាយទៀត មិនងាយដល់ទីបញ្ចប់ទេ។ អាមេរិក​នឹង​មិន​ទុកសង្គ្រាមនៅ​យូរ​ទៀត​ទេ! វា​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ បុរស​ម្នាក់​នេះ​មិន​ចង់​ឲ្យ​ទីនោះ​មាន​សន្តិភាព​ឡើយ ដរាបណា​គាត់​នៅតែមាន​ការ​គាំទ្រ​ពី​អាមេរិក​»។

មុនសេចក្តីប្រកាសនេះដែរ សហរដ្ឋអាមេរិក ទាមទារឲ្យលោក Zelensky ត្រូវចេញវីដេអូសុំទោសលោក Trump ជាសាធារណៈទើបប្រធានាធិបតីអាមេរិកសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែមេដឹកនាំអ៊ុយក្រែន ធ្លាប់ព្រលយពាក្យហើយថា លោកមិនជំពាក់ការសុំទោសលោក Trump ឬអនុប្រធានាធិបតីអាមេរិក JD Vance ឡើយ។

លោក Zelensky (ឆ្វេង) ជាមួយលោក Trump (រូបថត៖ Reuters)

មួយលើកជាពីរលើក លោក Trump តែងចោទ Zelensky ថាបានធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។

យ៉ាងណាក្តី លោក Zelensky ទទូចហើយទទូចទៀតថា បទឈប់បាញ់ណាមួយ ត្រូវតែចងភ្ជាប់ទៅនឹងការធានាសន្តិសុខដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតប៉ុន្តែលោក Trump នៅតែបដិសេធចំពោះការធានាជាក់លាក់ ហើយថែមទាំងទាត់ចោលលទ្ធភាពរបស់អ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ និងការដាក់ពង្រាយកម្លាំងទ័ពធ្វើជាកងរក្សាសន្តិភាពនៅអ៊ុយក្រែន ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម