ព័ត៌មានអន្ដរជាតិ
រុស្ស៊ីធានាខ្លួនផ្សះផ្សាទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់
រុស្ស៊ីធានាខ្លួនធ្វើជាអ្នកផ្សះផ្សាជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងកម្មវិធី «នុយក្លេអ៊ែរ» អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកផ្អាក់និងប្រើជាមួយមធ្យោបាយដាក់ទណ្ឌកម្មទីក្រុងតេអេរ៉ង់មួយទសវត្សរ៍កន្លងមកហើយ។ ក្នុងទំនាក់ទំនងកាន់តែល្អូកល្អើនឡើងវិញជាមួយរដ្ឋបាលដូណាល់ ត្រាំ ទីក្រុងមូស្គូ បានបង្ហាញសុទិដ្ឋិនិយមក្នុងការនាំជំនួប«អាមេរិក-អ៊ីរ៉ង់»។

តាមការស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg វិមានក្រឹមឡាំងជឿជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់គួរតែដោះស្រាយរាល់ការខ្វែងគំនិតរបស់ពួកគេតាមរយៈការពិភាក្សា ហើយវិមានក្រឹមឡាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកក្នុងរឿងនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន ដូចនិយាយថា៖«រុស្ស៊ីជឿជាក់ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គួរតែដោះស្រាយបញ្ហាទាំងអស់តាមរយៈការចរចា» ដោយបន្ថែមថា ទីក្រុងម៉ូស្គូ «ត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីសម្រេចបាននូវបញ្ហានេះ»។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានធ្វើឲ្យទំនាក់ទំនងការទូតជាមួយទីក្រុងមូស្គូប្រសើរឡើងវិញ បន្ទាប់ពីការនិយាយទូរស័ព្ទលើកដំបូងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលថ្ងៃទី១២ខែកុម្ភៈកន្លងទៅ និងជំនួបផ្ទាល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅទីក្រុងរីយ៉ាដ៦ថ្ងៃក្រោយជំនួបតាមទូរស័ព្ទនោះ។
យោងតាមប្រភពរបស់ Bloomberg រុស្ស៊ីបានយល់ព្រមជួយរដ្ឋបាលអាមេរិកឱ្យចូលរួមជាមួយអ៊ីរ៉ង់លើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស និងការគាំទ្រសម្រាប់កងកម្លាំងប្រឆាំងអាមេរិកនៅមជ្ឈិមបូព៌ា។
ប្រភពក៏បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញសំណើនេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី១២ខែកុម្ភៈ ហើយបញ្ហានេះត្រូវបានពិភាក្សាដោយគណៈប្រតិភូរុស្ស៊ី និងអាមេរិកនៅទីក្រុងរីយ៉ាដនៅថ្ងៃទី១៨ខែកុម្ភៈ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា កាលពីថ្ងៃទី៧ខែកុម្ភៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា វាមិនអាចទៅរួចទេក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ព្រោះវាធ្លាប់បានបោកប្រាស់ទីក្រុងតេអេរ៉ង់ម្តងរួចមកហើយ។ លោក Khamenei បានរំលឹកថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៥ ដោយមិនបានបំពេញលក្ខខណ្ឌរបស់ខ្លួន មិនបានដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងបានលុបចោលកិច្ចព្រមព្រៀងជាឯកតោភាគីនៅឆ្នាំ២០១៨ ក្នុងអំណាចរដ្ឋបាលរបស់លោកដូណាល់ ត្រាំ កាលអាណត្តិទី១។
ទោះបីយ៉ាងណា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា ទីក្រុងតេអេរ៉ង់នឹងពិចារណាឡើងវិញការចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោនបង្ហាញថាខ្លួនអាចចរចាដោយស្មោះត្រង់៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ