Connect with us

ព័ត៌មានអន្ដរជាតិ

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅថ្ងៃ​​ព្រហស្បតិ៍​ទី​៦​ខែ​មីនា​នេះ បានប្រកាសពីការបណ្តេញលោក Phil Goff ដែលជា​អគ្គ​រដ្ឋទូត​ជាន់ខ្ពស់របស់​នូវែលសេឡង់​ប្រចាំនៅចក្រភពអង់គ្លេស បន្ទាប់ពី​​មន្ត្រី​រូប​នេះ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​និង​រិះគន់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក Phil Goff (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Goff ដែលបានបម្រើការក្នុងតួនាទីការទូតតាំងពីខែមករាឆ្នាំ​២០២៣ បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសុន្ទរកថានៅឯវេទិកាមួយ​ក្នុង​ទីក្រុងឡុងដ៍កាលពីថ្ងៃ​អង្គារ ដោយ​បាន​ប្រៀបធៀប​កិច្ច​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​របស់​លោក ត្រាំ ទៅ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ Munich ឆ្នាំ​១៩៣៨ ដែល​​អនុញ្ញាត​ឲ្យ​ Adolf Hitler កាត់​យក​ដី​​ពី​ឆេកូស្លូវ៉ាគី។

លោក Goff បានរំលឹកពីរបៀបដែលលោក Winston Churchill អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ បានរិះគន់កិច្ចព្រមព្រៀងនោះ បន្ទាប់មកបាននិយាយអំពីមេដឹកនាំសហរដ្ឋអាមេរិកថា៖ «ប្រធានាធិបតី ត្រាំ បាន​ដាក់​តាំង​ឡើងវិញនូវ​រូប​របស់​លោក Churchill ទៅការិយាល័យពងក្រពើ។ ប៉ុន្តែតើអ្នកគិតថាគាត់ពិតជាយល់​ច្បាស់​អំពីប្រវត្តិសាស្រ្តដែរឬក៏​អត់?»។

លោក ដូណាល់ ត្រាំ ថត​ជាមួយ​រូប​សំណាកលោក Winston Churchill (រូបថត៖ Getty)

ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​នេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បាននិយាយថា ការ​លើក​ឡើង​របស់​លោក Goff គឺ​ជា​រឿង​ខកចិត្តយ៉ាងខ្លាំង និង​​មិនអាចទទួលយកបាន ដោយ​សង្កត់​ធ្ងន់​ថា សម្ដី​ដូច្នេះ​មិនតំណាង​ឲ្យ​ទស្សនៈរបស់រដ្ឋាភិបាលនូវែលសេឡង់នោះ​ឡើយ។

អតីតនាយករដ្ឋមន្ត្រី​នូវែលសេឡង់ លោកស្រី Helen Clark បានរិះគន់​ការបណ្តេញ​​លោក Goff នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅលើ​បណ្ដាញ​សង្គម X។ លោកស្រី បាន​​និយាយ​ថា​ ការ​ដក​​​អតីតរដ្ឋមន្ត្រីការបរទេស​«ដ៏​គួរ​ឲ្យ​គោរព» ចេញពីតួនាទីការទូតរបស់គាត់ មិន​មាន​មូលហេតុ​គ្រប់គ្រាន់ និង​សមហេតុ​ផល​នោះ​​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម