ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដាថ្មី បង្ហាញជំហរមុតមាំប្រឆាំងលោក Trump
លោក Mark Carney ត្រូវបានជ្រើសតាំងជាប្រមុខគណបក្សសេរីនិយមហើយនឹងស្បថចូលកាន់តំណែងជំនួសលោក Justin Trudeau ក្នុងនាមជានាយករដ្ឋមន្ត្រីប្រទេសកាណាដា នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈលោក Carney បានបង្ហាញជំហរយ៉ាងមុតមាំប្រឆាំងនិងមិនចុះញ៉មនឹងប្រធានាធិបតីអាមេរិក Donald Trump ដាច់ខាត។

ក្នុងសុន្ទរកថាក្រោយការតែងតាំង អតីតប្រធានធនាគារកណ្តាលរបស់ចក្រភពអង់គ្លេស និងកាណាដារូបនេះនិយាយថា ប្រជាជាតិរបស់លោក កំពុងប្រឈមមុខនឹងថ្ងៃដ៏ខ្មៅងងឹត ដែលនាំមកដោយប្រទេសមួយដែលគ្រប់គ្នាមិនអាចទុកចិត្តទៀតបាន។
ទន្ទឹមនោះ នៅក្នុងសារផ្ញើទៅកាន់លោក Trump, លោក Carney បានប្តេជ្ញាថា នឹងសងសឹកវិញ តាមរយៈការយកពន្ធលើទំនិញរបស់សហរដ្ឋអាមេរិករហូតដល់ ទីក្រុងវ៉ាស៊ីនតោន បង្ហាញការគោរពដល់កាណាដា។

តើលោក Mark Carney ជានរណា?
លោក Mark Carney កើតនៅថ្ងៃទី១៦ខែមីនាឆ្នាំ១៩៦៥ ក្នុងទីក្រុង Fort Smith នៃតំបន់ Northwest Territories នៃប្រទេសកាណាដា។
ដ្បិតថាបុរសវ័យ៥៩ឆ្នាំរូបនេះ ខ្វះបទពិសោធន៍ផ្នែកនយោបាយក៏ដោយ ប៉ុន្តែលោកបានចាប់ផ្តើមកាន់តំណែងជាទេសាភិបាលនៃធនាគារកាណាដា ចំពេលមានវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨ ហើយគេសរសើរគាត់មិនដាច់ពីមាត់ ចំពោះការចាត់វិធានការរហ័សនិងសម្រេចចិត្តទាន់ពេលត្រឹមត្រូវ ជួយស្រោចស្រង់ប្រទេសកាណាដាពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ក្នុងឆ្នាំ២០១៣ លោកបានចាកចេញទៅកាន់មុខតំណែងនៅធនាគារអង់គ្លេសវិញ ដោយធ្វើការរហូតដល់ឆ្នាំ២០២០ ដែលជាឆ្នាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។
នៅទីនោះផងដែរ គេសរសើរគាត់ថាបានជួយកាត់បន្ថយផលប៉ះពាល់នៃ Brexit ទោះការវាយតម្លៃរបស់គាត់ដែលថា ការបែកចេញពី EU នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចអង់គ្លេស បានបង្កការខឹងសម្បាពីសំណាក់អ្នកអភិរក្សនិយមក៏ដោយ។

កាលពីថ្ងៃអាទិត្យទី៩ខែមីនាឆ្នាំ២០២៥ លោក Carney បានឈ្នះការបោះឆ្នោតក្នុងគណបក្សសេរីនិយម ដោយសំឡេងលើសលប់ ៨៥.៩% ផ្តួលបេក្ខជន៣នាក់ទៀតដូចជា Chrystia Freeland, Karina Gould និង Frank Baylis។
ដូច្នេះ លោក Carney នឹងត្រូវចូលជំនួសតំណែងលោក Trudeau ដែលបានប្រកាសលាលែងកាលពីខែមករា ក្រោយកាន់តំណែងបាន៩ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិបានដដែល ពេលចូលរួមជាមួយអាមេរិក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី