Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

បានផុស

នៅ

​មេដឹកនាំ​​របប​យោធា​​​របស់​ប្រទេស​​មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលដែលខ្លួន​បានសន្យាជាយូរមកហើយ ដោយ​មេដឹកនាំ​​នៃ​របប​យោធា​​​នេះ​បាន​ទៅអញ្ជើញ​​អ្នក​អង្កេត​ការណ៍​​​​ពី​បណ្តាប្រទេស​ជាតិមិត្ត ដូច​ជា​ប្រទេសបេឡារុស​ជាដើម​​ដើម្បី​ចូលរួម​អង្កេត​ការណ៍​នៅ​ពេលខាងមុខ​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ខែមីនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមកាសែតរដ្ឋ Global New Light of Myanmar កាលពីថ្ងៃសៅរ៍បានផ្សាយថា រដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ា​នឹងរៀបចំការបោះឆ្នោតនៅខែធ្នូឆ្នាំ២០២៥​ឬខែមករាឆ្នាំ២០២៦។ ប្រមុខរដ្ឋាភិបាល​យោធា​​ លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតនឹងមាន «សេរី និងយុត្តិធម៌»។ លោក Min បានបន្ថែមថា គណបក្សនយោបាយ​ចំនួន៥៣ បាន«ដាក់បញ្ជីឈ្មោះរបស់ពួកគេ» ដើម្បីចូលរួមប្រកួតរួចហើយ។

ការ​បោះឆ្នោតនេះនឹងក្លាយជាការបោះឆ្នោតលើកដំបូងចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko នៅទីក្រុង Minsk ប្រមុខរដ្ឋ​មីយ៉ា​ន់​ម៉ា លោក​ Min Aung Hlaing បានអញ្ជើញ «ក្រុមសង្កេតការណ៍មកពីប្រទេសបេឡារុស្សឱ្យមកសង្កេតមើល» ការបោះឆ្នោតដែលបានគ្រោងទុកនេះ។

(រូបភាព៖​ Reuters)

មេដឹកនាំរបបយោធាបានសន្យាជាយូរមកហើយថា ខ្លួន​នឹងរៀបចំការបោះឆ្នោតថ្មីដើម្បីស្ដារការគ្រប់គ្រងស៊ីវិល ប៉ុន្តែយោធា​ដែល​កំពុងកាន់អំណាចបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នម្តងហើយម្តងទៀត ខណៈការពន្យារពេលចុងក្រោយបំផុតត្រូវបានប្រកាសនៅក្នុងខែមករា។

មីយ៉ាន់ម៉ា​មាន​ភាព​ចលាចល​ចាប់​តាំង​ពី​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព ​លោកស្រី Aung San Suu Kyi ត្រូវ​បាន​​របប​​យោធា​​​​បណ្តេញ​ចេញ​ពី​អំណាច​​។ គណបក្ស​របស់​លោកស្រី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២០ ប៉ុន្តែ​​​ក្រុម​យោធា​បាន​​ច្រាន​ចោល​ និង​ចោទ​ប្រកាន់​មេដឹកនាំ NLD ពី​បទ​រៀបចំ​ការ​ក្លែង​បន្លំ​​លទ្ធផល​​​បោះឆ្នោត។

ការចូល​កាន់​អំណាច​​របស់​របប​យោធានៅក្នុងខែកុម្ភៈឆ្នាំ២០២១ បានបង្កឱ្យមានចលនាតវ៉ាយ៉ាង​ខ្លាំង​ដែលបានប្រែក្លាយទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធានៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍។ ជនស៊ីវិលជិត៦៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារជាមួយនឹងការចាប់ខ្លួនជាង២៨៧០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយពីក្រុមឃ្លាំមើលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)៕

(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម