ព័ត៌មានអន្ដរជាតិ
ក្រោមបទចោទដូចគ្នា Duterte ត្រូវចាប់ខ្លួន ខណៈ Min Aung Hlaing បន្តកាន់អំណាច
ស្ថិតក្រោមបទចោទដូចគ្នា ពីស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិតែមួយ មកដល់ពេលនេះ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនដែលត្រូវបានគេរាយការណ៍ថា តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

លោក Duterte ស្ថិតក្នុងចំណោមនាំអាស៊ីអាគ្មេយ៍តែ២រូប ដែលប្រឈមការស៊ើបអង្កេតនិងប្រឈមដីកាស្វែងរកការចាប់ខ្លួនក្នុងបទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ក៏ប្រឈមការចោទប្រកាន់ដូចគ្នា។
លោក Rodrigo Duterte បានជាប់សង្ស័យក្នុងការសម្លាប់មនុស្សប្រមាណ៦០០០នាក់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់២០២២។ ប៉ុន្តែមានរបាយការណ៍របស់អ្នកឃ្លាំមើលសិទ្ធិមនុស្សខ្លះ អះអាងថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក បានសម្លាប់មនុស្សរហូតដល់ប្រមាណ៣ម៉ឹននាក់ឯណោះ។
ក្នុងពេលកាន់អំណាច លោក Rodrigo Duterte នៅឆ្នាំ ២០១៩ បានដកប្រទេសហ្វីលីពីន ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែមិនបានរារាំងដល់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា ICC ដែលដីកាចាប់ខ្លួនលោកត្រូវបានគេជជែកយ៉ាងទូលំទូលាយថា អាចនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
ទីបំផុត អតីតប្រធានាធិបតី រូបនេះត្រូវបានចាប់ខ្លួនតាមដីកាតុលាការឧក្រិដ្ឋកម្មនេះមែន បន្ទាប់ពីការអះអាងរបស់លោកត្រឹមតែមួយថ្ងៃនៅទីក្រុងហុងកុងជាទីដែលលោកជួបជាមួយអ្នកគាំទ្រនៅពហុកីឡដ្ឋានក្នុងទីក្រុងហុងកុងសម្រាប់ការឃោសនាការបោះឆ្នោតនៅពាក់កណ្តាលអាណត្តិ។
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា៖«ប្រសិនបើនោះជាជោគវាសនារបស់ខ្ញុំ នោះមិនអីទេ ខ្ញុំនឹងទទួលយកវា។ យើងមិនអាចធ្វើអ្វីបានទេ ប្រសិនបើខ្ញុំត្រូវបានចាប់ខ្លួន ឬដាក់គុក»។
លោក Duterte ដែលបានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ បានការពារអ្វីដែលគេហៅថា សង្រ្គាមលើគ្រឿងញៀនដែលកំណត់អាណត្តិប្រធានាធិបតីរបស់គាត់ ដោយប្រាប់អ្នកចូលរួមថា លោកបានធ្វើវាសម្រាប់ពួកគេ និងកូនរបស់ពួកគេ។
លោក Rodrigo Duterte មានវ័យ ៧៩ឆ្នាំរូបក៏ជាឪពុករបស់អនុប្រធានាធិបតី Sara Duterte ដែលមានរឿងទំនាស់នយោបាយជាមួយប្រធានាធិបតី Ferdinand Marcos Jr. រហូតដល់វាយប្រហារគ្នាដោយពាក្យសម្តីមានការនិយាយអំពីការធ្វើឃាតជាដើម។
មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ក៏ប្រឈមការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែរ។
សំណុំរឿងអំពីហិង្សាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាកាលឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ក្នុងអាណត្តិដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដ៏មានប្រជាប្រិយភាព បាននាំទៅដល់ការចោទប្រកាន់ចុងក្រោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែលជាមេបញ្ជាការយោធាក្នុងកាលនោះ។
លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ដោយទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ