Connect with us

ព័ត៌មានអន្ដរជាតិ

ភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈអ៊ីស្រាអែលរារាំងការ​ដឹក​ជំនួយចូល

បានផុស

នៅ

អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានព្រមានថា ស្ថានការណ៍នៅហ្គាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ជាងមួយសប្តាហ៍មកនេះបន្ទាប់ពីអ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់ទាំងអស់ចូលទៅក្នុងហ្គាហ្សាម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែមីនានេះ។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា «នេះជាចេតនាយ៉ាងច្បាស់ ដែលរារាំងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា»។

លោក បាននិយាយថា «វាជារឿងសំខាន់ដែលជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ម្តងទៀតដើម្បីរក្សាវឌ្ឍនភាពដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ និងបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន» ខណៈប្រជាជនហ្គាហ្សានៅតែរងភាពអត់ឃ្លានដូចមុនពេលមានបទឈប់បាញ់នៅឡើយ»។

ជាមួយគ្នានេះលោក Lazzarini បានបន្ថែមថា ស្ថានភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះគឺកាន់តែយ៉ាប់យឺននិងមានភាពមិនច្បាស់លាស់។ កាលពីមុនថ្ងៃទី ២៦ខែមករា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់ UNRWA ប៉ុន្តែ​បន្ទាប់ពីការចោទប្រកាន់ពីអ៊ីស្រាអែល រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden បានកាត់បន្ថយការរួមចំណែករបស់ខ្លួនចំពោះ UNRWA ទាំងស្រុង ដោយសន្យាថា ខ្លួននឹងបន្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សា តាមរយៈទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។

មកដល់ពេលនេះការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ប្រហែលជាត្រូវបានជាប់គាំងនៅក្នុងការកាត់ផ្តាច់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

(រូបភាព៖ AP)

ទោះបីជាយ៉ាងណាលោក Lazzarini បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃចន្ទ ខណៈអារ៉ាប៊ីសាអូឌីតគឺជាប្រទេសមួយក្នុងចំណោមប្រទេសរាប់សិបដែលបានសម្តែងការគាំទ្រសម្រាប់ផែនការដែលដឹកនាំដោយអេហ្ស៊ីបចំនួន ៥៣ ពាន់លានដុល្លារក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញជាជម្រើសមួយរារាំងផែនការរបស់លោក Trump ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីហ្គាហ្សា។

ផែនការកសាងតំបន់ហ្គាហ្សាឡើងវិញនេះគឺកំពុងត្រូវបានពិចារណាដោយអ្នកចរចាមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស និងអ្នកសម្រុះសម្រួលពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានជាប់គាំងបន្ទាប់ពីអ៊ីស្រាអែលបដិសេធមិនចូលទៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម