Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ អាជ្ញាធរអ៊ីរ៉ង់កំពុងប្រើដ្រូននិង ​apps ដើម្បីចាប់​ស្ត្រីដែលមិនពាក់ហ៊ីចាប

បានផុស

នៅ

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ អ៊ីរ៉ង់កំពុងប្រើប្រាស់ដ្រូន ប្រព័ន្ធសម្គាល់មុខ និងកម្មវិធីរាយការណ៍ពលរដ្ឋ ដើម្បីតាមរកស្រ្តីដែលមិនពាក់ហ៊ីចាប់ (hijab​) ​ដែលជាកន្សែង​រុំ​ក្បាល​តាមកាតព្វកិច្ចរបស់ពួកគេ​​អនុលោម​តាម​ក្បួន​សាសនា​អ៊ីស្លាម​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN​ នៅថ្ងៃទី១៥ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃសុក្រ របាយ​ការណ៍​បាន​បង្ហាញ​​​​ថា អ៊ីរ៉ង់​​ពឹង​​ផ្អែក​លើ​បច្ចេក​វិទ្យា​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ដាក់​ទណ្ឌកម្ម​លើ​ស្ត្រី​ដែល​ប្រឆាំង​នឹងច្បាប់​សំលៀកបំពាក់​ជា​កាតព្វកិច្ច។

ការបង្រ្កាបនេះរួមមានកម្មវិធីទូរស័ព្ទ «Nazer» ដែលជាឧបករណ៍គាំទ្រដោយរដ្ឋាភិបាលដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និង​ប៉ូលិសរាយការណ៍អំពីស្ត្រីចំពោះការរំលោភដែលត្រូវបានចោទប្រកាន់។ កម្មវិធីទូរស័ព្ទ «Nazer» អាចឱ្យអ្នកប្រើប្រាស់​បង្ហោះស្លាកលេខ ទីតាំង និងពេលវេលានៃយានជំនិះ ដែលស្ត្រីមិនពាក់ហ៊ីចាបកំពុងជិះទៅឲ្យប៉ូលិស។

កម្មវិធីនេះអាចចូលប្រើបានតាមរយៈគេហទំព័រប៉ូលីសរបស់ប្រទេសអ៊ីរ៉ង់ ដែលមានអក្សរកាត់ថា (FARAJA) បង្កើតនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកំណត់គោលដៅស្ត្រីនៅក្នុង តាក់ស៊ី និងការដឹកជញ្ជូនសាធារណៈ។

អាជ្ញាធរអ៊ីរ៉ង់ក៏បានដាក់ពង្រាយ«ដ្រូន» នៅក្នុងរដ្ឋធានី Tehran និងភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដើម្បីឃ្លាំមើល​ទីសាធារណៈ​ និង ត្រួតពិនិត្យការអនុលោមតាមច្បាប់ហ៊ីចាប់នៅកន្លែងសាធារណៈ រួមជាមួយការបន្ថែមពីលើកម្មវិធីសម្គាល់​មុខថ្មី​ដែល​ត្រូវបានរាយការណ៍ថាបានដំឡើងនៅដើមឆ្នាំ២០២៤ នៅច្រកចូលនៃសាកលវិទ្យាល័យ នៅក្នុងរដ្ឋធានី Tehran ផងដែរ។

(រូបភាព៖ EPA)

ទោះបីជាសេចក្តីព្រាងច្បាប់របស់អ៊ីរ៉ង់ទាក់ទងនឹង «ហ៊ីចាប់ និង ភាពបរិសុទ្ធ» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់ស្ត្រី និង​ក្មេងស្រីនៅក្នុងប្រទេសត្រូវបានផ្អាកនៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការជជែកដេញដោលផ្ទៃក្នុងក៏ដោយ។ ប៉ុន្តែរបាយ​ការណ៍​ បាន​និយាយ​ថា ប្រសិន​បើ​សេចក្តីព្រាងច្បាប់នេះត្រូវ​បាន​អនុម័ត ច្បាប់​នឹង​ដាក់​ទោសស្រ្តីឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ស្មើ​នឹង ១២០០០ ដុល្លារចំពោះការ​មិន​អនុវត្ត​តាម​ច្បាប់។

លើសពីនេះយោងតាមមាត្រា២៨៦ នៃក្រមព្រហ្មទណ្ឌអ៊ីរ៉ង់ ស្ត្រីអាចប្រឈមនឹង «ទោសប្រហារជីវិត» ប្រសិនបើត្រូវបានចោទប្រកាន់ពីបទ «ពុករលួយនៅលើផែនដី»។

យោងតាមអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០២២ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងច្បាប់ហ៊ីចាបជាកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ង់ និងបញ្ហានយោបាយ និងសង្គមបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ២២ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលិសក្នុងខែកញ្ញាឆ្នាំនោះ៕

(រូបភាព៖ EPA)
(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម