ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមថា អ៊ីរ៉ង់នឹងជួបទុក្ខធំ បើក្រុមហ៊ូធី មិនឈប់វាយប្រហារ
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី១៧ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមទៅអ៊ីរ៉ង់ថា ពួកគេនឹងជួបទុក្ខធំនិងទទួលខុសត្រូវ ប្រសិនបើក្រុមឧទ្ទាមហ៊ូធីមានមូលដ្ឋាននៅប្រទេសយេម៉ែន មិនព្រមឈប់វាយប្រហារកប៉ាល់ដឹកទំនិញលើផ្លូវទឹកអន្តរជាតិ នៅសមុទ្រក្រហមទេនោះ។

លោកសរសេរថា «កុំឲ្យនរណាម្នាក់យល់ច្រឡំ! ការវាយប្រហាររាប់រយលើករបស់ចលនាហ៊ូធី ដែលជាក្រុមឧក្រិដ្ឋជននិងក្រុមបងតូចបងធំដ៏អាក្រក់មានមូលដ្ឋាននៅយេម៉ែន និងត្រូវបានប្រជាជនយេម៉ែនស្អប់ខ្ពើម គឺសុទ្ធតែកើតចេញនិងបង្កឡើងដោយអ៊ីរ៉ង់។ ប្រសិនបើក្រុមហ៊ូធីបន្តវាយប្រហារឬសងសឹក ពួកគេនឹងប្រឈមជាមួយកម្លាំងដ៏ខ្លាំងក្លា ហើយគ្មានការធានាថាកម្លាំងនោះនឹងឈប់ត្រឹមហ្នឹងទេ។ ចាប់ពីពេលនេះទៅ រាល់គ្រាប់កាំភ្លើងដែលក្រុមហ៊ូធីបាញ់ នឹងត្រូវចាត់ទុកថាជាគ្រាប់ ដែលបាញ់ចេញពីអាវុធនិងក្រោមការដឹកនាំរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវនិងជួបទុក្ខធំ ហើយផលវិបាកទាំងនោះនឹងមានភាពធ្ងន់ធ្ងរខ្លាំងបំផុត!»។
ការគំរាមរបស់លោកត្រាំនេះ គឺកើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ក៏គំរាមទៅក្រុមហ៊ូធីដែរថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារពួកគេ ហើយបើចលនាប្រដាប់អាវុធយេម៉ែន មិនព្រមឈប់បាញ់លើកប៉ាល់ដឹកទំនិញទេនោះ កុំសង្ឃឹមបានសុខឲ្យសោះ។

មុននេះ សហរដ្ឋអាមេរិក បើកការវាយប្រហារអាកាសសម្លាប់មនុស្ស៥៣នាក់នៅយេម៉ែនរួចហើយ ខណៈក្រុមហ៊ូធីក៏ប្តេជ្ញាសងសឹកអាមេរិកវិញផងដែរ ដោយមេធំរបស់ខ្លួនគឺលោក Abdul Malik al-Houthi ប្រកាសកំណត់គោលដៅលើនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហមតែម្តង។
នៅព្រឹកថ្ងៃអាទិត្យ ក្រុមហ៊ូធី បានបញ្ជូនដ្រូននិងបាញ់មីស៊ីលកំណត់គោលដៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S Truman នៅសមុទ្រក្រហម ហើយក្រុមឧទ្ទាមនេះ ក៏បាញ់មីស៊ីលបាលិស្ទិក ធ្លាក់ជិតនាវានេះផងដែរ។

សូបជម្រាបថា លោកត្រាំ គឺជាបុគ្គលប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងអ៊ីរ៉ង់ ហើយតែងជំរុញទីក្រុងតេហេរ៉ង់ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ ទោះបីជានៅឆ្នាំ២០១៨ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ប្រធានាធិបតីរូបនេះ បានដកសហរដ្ឋអាមេរិកចេញពីផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ «JCPOA» ដែលជាកិច្ចព្រមព្រៀងតម្រូវឲ្យអ៊ីរ៉ង់បញ្ចប់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយ។
មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែនេះ លោក ត្រាំ ថែមទាំងផ្ញើលិខិតទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ផងដែរដោយព្រមានថា សហរដ្ឋអាមេរិកអាចឆ្លើយតបដោយយោធា ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនត្រូវបានសម្រេចទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ