ព័ត៌មានអន្ដរជាតិ
សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣
ស្របពេលការគំរាមកំហែងនិងភាពតានតឹងជាមួយរុស្ស៊ី កាន់តែក្តៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ, សមាជិកសភាអង់គ្លេសមួយរូបនេះ បានចេញការព្រមានឲ្យប្រជាជនអង់គ្លេស ឲ្យត្រៀមខ្លួននឹងការកែនចូលធ្វើទាហាន បើសង្គ្រាមលោកលើកទី៣ ពិតជាផ្ទុះឡើងមែន ព្រោះថាបច្ចុប្បន្ន អង់គ្លេសកំពុងខ្វះកម្លាំងទ័ព។

ការព្រមាននេះគឺចេញពីមាត់សមាជិកសភា Mike Martin កាលពីថ្ងៃចន្ទទី១៧ខែមីនាឆ្នាំ២០២៤ ខណៈលោកមើលឃើញថា ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី បានឈានដល់កម្រិតខ្ពស់អាចនឹងកើតសង្គ្រាមហើយ។
លោកប្រាប់ទៅសារព័ត៌មាន Express ថា៖ «មានលទ្ធភាពខ្ពស់ដែលសង្គ្រាមជាមួយរុស្ស៊ីអាចនឹងកើតឡើង ដូច្នេះយើងត្រូវតែត្រៀមលក្ខណៈជាមុន។ ច្បាស់ណាស់គ្មានអ្វីត្រូវសង្ស័យឡើយ ប្រសិនបើយើងមានសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី យើងនឹងកែនប្រជាជនចូលបម្រើកងទ័ព។ ខ្ញុំគិតថានោះជាសារសំខាន់មួយ ខ្ញុំធ្លាប់ចូលរួមសង្គ្រាម ខ្ញុំមិនមែនជាអ្នកនិយមសង្គ្រាមទេប៉ុន្តែខ្ញុំយល់ថា យើងត្រូវតែស្វែងរកសន្តិភាពតាមរយៈកម្លាំង»។

ការព្រមាននេះកើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីភ្នាក់ងារចារកម្មបរទេសនៃប្រទេសរុស្ស៊ី ហៅកាត់ SVR បានចង្អុលចំមុខអង់គ្លេស ថាជាមេនាំសង្គ្រាមធំជាងគេបំផុត ជាក់ស្តែងសង្គ្រាមលោកលើកទី២ក៏ជាប្រទេសនេះដែរ ដែលជាអ្នកបញ្ឆេះ។
SVR បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា «ដល់ពេលហើយដែលត្រូវបកស្បែកមុខអង់គ្លេស ថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់»។

មិនត្រឹមប៉ុណ្ណឹង SVR ថែមទាំងចោទប្រកាន់ចំៗដែរថា គឺអង់គ្លេសនេះឯង ដែលស្វះស្វែងខ្លាំងជាងគេ ដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែន និងព្យាយាមបង្អាក់ដល់ការស្តារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ។
បើយោងតាមតួលេខឆ្នាំ២០២៣ បើបូកសរុបបុគ្គលិកក្នុងជួរកងទ័ពជើងគោក ជើងទឹក និងអាកាសអង់គ្លេស មានចំនួន១៨៤ ៨៦៥នាក់ ដែលនេះជាចំនួនទាបបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអុងមក។ ផ្ទុយទៅវិញ រុស្ស៊ីមានទាហានសកម្មជាង ១.១លាននាក់ ដោយក្នុងនោះមានប្រហែល ៦១៧០០០នាក់ ដែលបច្ចុប្បន្នកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល