ព័ត៌មានអន្ដរជាតិ
តើ Rodrigo Duterte ជាឧក្រិដ្ឋជន ឬជាវីរបុរសរបស់ប្រជាជនហ្វីលីពីន?
ការចាប់ខ្លួន ការបញ្ជូនខ្លួនរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលបានឡើងកាន់អង្គជំនំជម្រះមុនសវនាការផ្លូវការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងត្រូវបានចោទសួរយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនហ្វីលីពីនទូទៅ ក៏ដូចជាអ្នកនយោបាយហ្វីលីពីនដែលតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។

ខណៈការចាប់ខ្លួនលោក Duterte មានរយៈពេល១០ថ្ងៃមកដល់ថ្ងៃទី២១ខែមីនានេះ ដំណើរការផ្លូវច្បាប់ប្រឆាំងលោក បានធ្វើឡើងនៅក្របខណ្ឌស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ ហើយចលនានៃកាតវ៉ាទាមទាររបស់អ្នកគាំទ្រលោកក៏បានកក្រើកឡើងនៅក្នុងប្រទេស ស្របពេលដែលអ្នកនយោបាយនិងអ្នកច្បាប់បានជជែកគ្នាយ៉ាងទូលំទូលាយក្នុងរឿងនេះ។
ដើម្បីដឹងច្បាស់និងលម្អិតអំពីដំណើរការនីតិវិធីដែលលោក Duterte ដែលជាមេដឹកនាំអាស៊ីដំបូងបំផុតប្រឈមការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កម្ពុជាថ្មីសូមលើកយកនូវដំណើរការចាប់ខ្លួនដ៏ចម្រូងចម្រាស ដោយមតិខ្លះយល់ថា លោក គឺជាវីរជនបង្រ្កាបគ្រឿងញៀន ខណៈទិដ្ឋភាពច្បាប់លោក គឺជាឧក្រិដ្ឋជនទៅវិញ។
លោក Duterte បានបង្ហាញខ្លួនចុងក្រោយ នៅពេលចូលរួមដំណើរការសាកសួរលើកដំបូងមុនសវនាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តាមរយៈតំណភ្ជាប់វីដេអូ នៅរសៀលថ្ងៃសុក្រទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់)។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ខែមីនាដល់ដំណើរការជំនុំជម្រះក្តីនៅ ថ្ងៃ ទី១៤ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹមតែ៤ថ្ងៃដ៏ចម្រូវងចម្រាសនិងតក់ក្រហល់។
តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ «ប្រកបដោយប្រសិទ្ធភាព» បែបនេះ ខណៈការចោទប្រកាន់រូបលោកបានកើតមានជាយូរមកហើយនោះ?
មានការកត់សម្គាល់ឃើញថា ការចាប់ខ្លួននិងដំណើរការជំនុំជម្រះក្តីលោក Rodrigo Duterte លើកនេះ មានការកំណត់ពេលវេលាបន្តកន្ទុយគ្នាជាប់រដឹកដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ខែមីនា នៅពេលដែលលោក Duterte បានវិលត្រឡប់ពីទីក្រុងហុងកុងទៅដល់ទីក្រុងម៉ានីលវិល លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ ជើងយន្តហោះដឹកលោក Duterte បានទៅដល់ទីក្រុងឡាអេ ដែលមានចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ នៅថ្ងៃទី១២ខែមីនាប។ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់នៅថ្ងៃទី១៣ខែមីនា ចៅក្រមតុលាការ ICC ក៏សម្រេចឃុំខ្លួនលោកនៅមន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្ម ICC។ តុលាការនេះក៏ចាប់ផ្តើមដំណើរការជំនុំជម្រះក្តី នៅថ្ងៃទី១៤ខែមីនា។
មានការកត់សម្គាល់ដែរថា ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់នេះហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែ តាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ពេលកំពុងកាន់តំណែង។ តាមដីកាចោទប្រកាន់របស់តុលាការ បទល្មើសនានាត្រូវបានគេចាប់ផ្តើមរាប់តាំងពីថ្ងៃទី១វិច្ឆិកា២០១១ ដល់ឆ្នាំ២០១៩ មុនពេលប្រទេសហ្វីលីពីនដកខ្លួនផុតពីសមាជិកហត្ថលេខីរបស់តុលាការ ICC។

មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៤លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។
បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។
ប៉ុន្តែ ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។
យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 «ប្រទេសមួយដែលក្លាយជាភាគី នៃលក្ខន្តិកៈនេះ» គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte។
អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស(Marcos) គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺ ជាមូលហេតុ ដែល រដ្ឋាភិបាល លោក Marcos ប្រើប្រាស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិធ្វើទុក្ខបុកម្នេញ លោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុង គោលបំណងនយោបាយ។
ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះគឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងបញ្ហានេះ។ គេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។

នៅល្ងាចថ្ងៃទី១១ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) ដែលជាកូនស្រី លោក Duterte បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួន ឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះគឺជាការប្រមាថជាសាធារណៈចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។
យោងតាមសេចក្តីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី១៥និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davaoមួយ ជាទីក្រុងដែលលោក Duterte ធ្លាប់ធ្វើជាអភិបាលក្រុង គឺមានមនុស្សប្រហែល៣ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ខែមីនានេះ។
វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ ប៉ុន្តែដំណើរការនីតិវិធីច្បាប់អន្តរជាតិក៏ហាក់បង្ហាញច្បាស់ថា អតីតប្រធានាធិបតី Dutere បានរំលោភអំណាចដោយការបញ្ជាឲ្យសម្លាប់ជនរងគ្រោះដោយគ្មានការជម្រះក្តីត្រឹមត្រូវ ដែលជាហេតុជាប់បន្ទុក។
យ៉ាងណាក៏ដោយ មានការបួងសួងសូមឲ្យុ លោក Duterte ដែលជាមេដឹកនាំអាស៊ីនិងពីអាស៊ីអាគ្នេយ៍ដំបូងគេ អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់