ព័ត៌មានអន្ដរជាតិ
កត្តាសំខាន់៣ធ្វើឲ្យ លោក Yoon មានប្រៀបឈ្នះក្តីនៅតុលាការធម្មនុញ្ញ
តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងប្រកាសសាលក្រមក្នុងពេលឆាប់ៗនេះខាងមុខនេះ លើសំណុំរឿងរបស់ប្រធានាធិបតី Yoon Suk-yeol ដែលរដ្ឋសភាបានបោះឆ្នោតទម្លាក់ពីអំណាចកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤។ សាលក្រមរបស់លោក Yoon ត្រូវបានគេរង់ចាំយ៉ាងអន្ទះសា ដោយសារវាប្រើពេលយូរជាងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ធៀបនឹងអតីតប្រធានាធិបតី២រូបមុនដែលប្រឈមការបណ្តេញចេញពីអំណាចនេះដែរ។

រហូតដល់ថ្ងៃទី២៦ខែមីនា២០២៥នេះ មានរយៈពេល១០១ថ្ងៃដែលរដ្ឋសភាបោះឆ្នោតបណ្តេញ លោក Yoon ពីអំណាច ប៉ុន្តែសាលក្រមតុលាការធម្មនុញ្ញមិនទាន់ដឹងប្រកាសនៅពេលណា។ ខុសពីអតីតប្រធានាធិបតីមុនៗ មាន Roh Moo-Hyun កាលឆ្នាំ២០០៤ ប្រើពេលតែ៦៣ថ្ងៃ និង អតីតប្រធានាធិបតី Park Geun-hye កាលចុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧ ប្រើពេលតែ៩២ថ្ងៃ។
លោក ប្រធានាធិបតី Yoon Suk-yeol នៅមុនសភាបោះឆ្នោតទម្លាក់ពីអំណាច បានថ្លែងសារនយោបាយតាមកញ្ចក់ទូរទស្សន៍ ដោយលើកឡើងថា «លោកនឹងប្រយុទ្ធដល់ទីបញ្ចប់»។ សាលក្រមតុលាការធម្មនុញ្ញដែលត្រូវរំពឹងទុកក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងកំណត់ជោគវាសនារបស់ប្រធានាធិបតីថាតើ នឹងទទួលបានអំណាចវិញ ឬក៏ត្រូវអស់អំណាច។
ទោះបីជាបែបណា នៅមុនសាលក្រមចេញជាផ្លូវការ យើងនឹងក្រឡេកទៅមើលទិដ្ឋភាពទូទៅជុំវិញដំណើរការផ្លូវច្បាប់ និងកត្តានយោបាយមួយចំនួន ដែលធ្វើឲ្យប្រធានាធិបតី Yoon Suk Yeol មានប្រៀបក្នុងការទទួលបានអំណាចត្រឡប់មកវិញ។
តើប្រធានាធិបតី Yoon Suk-yeol នៅមានចំណុចខ្លាំងអ្វីខ្លះដែលអាចនាំទៅដល់ការឡើងកាន់អំណាចវិញ?
- កត្តាតុលាការធម្មនុញ្ញ៖ សមាសភាពតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងនាពេលនេះបានផ្តល់នូវអំណោយផលខ្លាំងដល់ប្រធានាធិបតី Yoon Suk-yeol ក្នុងការទទួលបានអំណាចវិញ។ សមាជិកក្រុមប្រឹក្សាចៅក្រមទាំង៨រូបដែលមានក្នុងតំណាងនិងតួនាទីបច្ចុប្បន្ន ក្នុងចំណោមចៅក្រមសរុប៩រូបនៃសមាជិកក្រុមប្រឹក្សាពេញលេញ គឺមានរហូតដល់៥រូបទៅហើយដែលតែងតាំងដល់លោក Yoon និងគណបក្សអំណាចប្រជាជន (PPP) របស់លោក ខណៈសមាជិក៣រូបទៀតតែងតាំងដោយអតីតប្រធានាធិបតី Moon Jae-in និងស្នើដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ។ ក្នុងការសម្រេចសេចក្តី លើបណ្តឹងទម្លាក់អំណាចរបស់ប្រធានាធិបតីស្តីទី Han Duck-soo មានចៅក្រមរហូតដល់ទៅ៥រូបបានបោះឆ្នោតប្រឆាំងការទម្លាក់អំណាចនោះ និងមានតែ១រូបប៉ុណ្ណោះបានបោះឆ្នោតគាំទ្របណ្តឹងទម្លាក់អំណាច។ ចំណែកចៅក្រម២រូបទៀត បានបោះឆ្នោតប្រឆាំងបណ្តឹងរបស់រដ្ឋសភានោះតែម្តង។ តាមរយៈការសម្រេចនេះ ហាក់បង្ហាញឱ្យឃើញថា គណបក្សប្រជាធិបយតេយ្យដែលជាបក្សប្រឆាំងនិងគ្រប់គ្រងសមាជិកសភាភាគច្រើននោះ មិនមានប្រៀបឈ្នះនោះទេ។ គណបក្សអំណាចប្រជាជន (PPP) បានព្យាយាមរារាំងការតែងតាំងចៅក្រមឲ្យគ្រប់ចំនួន៩រូប។ ទាំងប្រធានាធិបតីស្តីទី Han Duck-soo និង Choi Sang-mok បានព្យាយាមរារាំងដូចគ្នា។ លោក Han Duck-soo បានបដិសេធការចេញក្រឹត្យតែងតាំងនៅមុនថ្ងៃទី២៧ខែធ្នូ រហូតដល់សភាចោទប្រកាន់ទម្លាក់អំណាច។ ឯ ប្រធានាធិបតីស្តីទី Choi Sang-mok បានចេញក្រឹត្យតែងតាំងតែ២រូប គឺ១រូបស្នើដោយគណបក្សប្រជាធិបតេយ្យ និងចៅក្រម១រូបទៀតស្នើដោយគណបក្សកាន់អំណាចតែម្តង ខណៈចៅក្រម១រូបទៀតស្នើដោយបក្សប្រឆាំងមិនត្រូវបានតែងតាំងរហូតដល់ឥឡូវនេះ។ ក្នុងចំណោមចុះក្រមទាំង៨រូបនៅក្នុងតំណែង បើចៅក្រម៦រូបបរាជ័យក្នុងការបោះឆ្នោតគាំទ្រការចោទប្រកាន់ទម្លាក់អំណាចនោះ លោក Yoon Suk Yeol នឹងទទួលបានអំណាចវិញដោយស្វ័យប្រវត្តិ។
- កត្តាសាធារណៈជននិងនយោបាយអន្តរជាតិ៖ ការគាំទ្រពីសាធារណៈប្រជាជនដែលចេះតែកើនឡើងនាពេលនេះ ក៏ធ្វឲ្យប្រធានាធិបតី Yoon Suk Yeol ដែលកំពុងស្ថិតនៅមាត់ជ្រោះនៃការអស់អំណាចនេះ ទទួលបានប្រជាប្រិយភាព និងធ្វើឲ្យចៅក្រមដែលសម្រេចដោយការបោះឆ្នោតម្នាក់ៗនេះ មានភាពច្របូកច្របល់ និងការថ្លឹងថ្លែងខុសៗគ្នាទៅលើសភាពការបច្ចុប្បន្នជាជាង ព្រឹត្តិការណ៍ដែលបានកន្លងហួស ពោលគឺថ្ងៃដែលប្រធានាធិបតី Yoon ប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូ២០២៤នោះ។ ប្រសិនបើ លោក Yoon អាចបង្ហាញការគាំទ្រជាសាធារណៈយ៉ាងរឹងមាំ តុលាការអាចស្ទាក់ស្ទើរក្នុងការដកគាត់ចេញ។ ម្យ៉ាងទៀត មូលដ្ឋានរបស់គណបក្សអភិរក្សនិយមរបស់ប្រធានាធិបតី Yoon និងសម្ព័ន្ធមិត្តអន្តរជាតិអាចមានឥទ្ធិពលលើការយល់ឃើញអំពីភាពស្របច្បាប់របស់គាត់ផងដែរ។
- កត្តាភស្តុតាងដាក់បន្ទុកត្រូវតែកម្រិតខ្ពស់សម្រាប់ការបណ្តេញចេញពីអំណាច៖ តុលាការធម្មនុញ្ញត្រូវគេដឹងថា ទាមទារឱ្យមានស្តង់ដារខ្ពស់នៃភស្តុតាងបទល្មើសឬកំហុសធ្ងន់ធ្ងរក្នុងពេលដែលលោក Yoon Suk Yeol បញ្ជាដាក់ច្បាប់អាជ្ញាសឹក ដើម្បីតម្កល់ការចោទប្រកាន់របស់រដ្ឋសភាចាត់ទុកជាបានការ។ ប៉ុន្តែក្រោយការប្រកាសច្បាប់អាជ្ញាសឹកប្រមាណ៦ម៉ោង ក្រោយរដ្ឋសភាបោះឆ្នោតប្រឆាំងច្បាប់អាជ្ញាសឹកនោះ ស្ថានភាពប្រទេសប្រទេសបានងាកទៅរកប្រក្រតីភាពឡើងវិញ ដោយមិនមានការប្រឈមសង្គ្រាមប្រដាប់អាវុធអ្វីនោះទេ។ ទោះបីក្រោយមានការចាប់ខ្លួន មេដឹកនាំយោធា និងក្រសួងការពារជាតិក៏ដោយ។ ការមិនបង្កបញ្ហាខូចខាតធ្ងន់ធ្ងរនេះ និងការបន្ទន់ជំហរក្រោយការប្រកាសលើកច្បាប់អាជ្ញាសឹកនោះវិញ ក៏អាចធ្វើឲ្យចៅក្រមមានការពិចារណាមិនបោះឆ្នោតគាំទ្រការចោទប្រកាន់ទម្លាក់លោក Yoon Suk Yeol ពីអំណាចដែរ។ ក្នុងករណីកន្លងមក ដូចជា ការចោទប្រកាន់ប្រឆាំងអតីតប្រធានាធិបតី Roh Moo-hyun ក្នុងឆ្នាំ ២០០៤ តុលាការធម្មនុញ្ញបានសម្រេចថា ការបំពានត្រូវតែធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបណ្តេញចេញពីអំណាច ហើយ កាលនោះ តុលាការរកឃើញថាទង្វើរបស់ Roh Moo-hyun មិនធ្ងន់ធ្ងរទេ ហើយក៏ប្រគល់អំណាចឲ្យគាត់វិញ៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ម៉ោង ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់