ព័ត៌មានអន្ដរជាតិ
មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ
ស្របពេលស្ថានការណ៍នៅអឺរ៉ុបកំពុងតានតឹងខ្លាំងខណៈទ្វីបនេះភ័យព្រួយចំពោះការគំរាមកំហែងរបស់រុស្ស៊ីនោះ ស្រាប់តែមេសន្តិសុខជាតិប៉ូឡូញ អះអាងថា បើសត្រូវ (រុស្ស៊ី) វាយលុក ប្រទេសខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ មុនពេលទ័ពណាតូមកដល់។

សម្តីនេះចេញពីមាត់លោក Dariusz Lukowski កាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ ឆ្លើយតបសំណួររបស់សារព័ត៌មាន Polsat News ដែលសួរថា តើប៉ូឡូញអាចប្រយុទ្ធតស៊ូដោយខ្លួនឯងបានយូរប៉ុនណា បើសម្ព័ន្ធមិត្តមិនចូលជួយទេនោះ។
យោងតាមចម្លើយលោក Lukowski, «បើពឹងលើស្តុកសព្វាវុធរបស់យើងសព្វថ្ងៃនេះ ខ្ញុំគិតថា ផ្អែកលើការវិវឌ្ឍនៅសមរភូមិ យើងអាចធានាប្រតិបត្តិការការពារបានត្រឹមរយៈពេលមួយឬពីរសប្តាហ៍ប៉ុណ្ណោះ។ ស្ថានភាពគឺធ្ងន់ធ្ងរខ្លាំងណាស់ នៅពេលនិយាយអំពីគ្រាប់សម្រាប់ប្រព័ន្ធអាវុធចាស់ៗ ដែលឥឡូវគេលែងផលិតទៀតហើយ ម្យ៉ាងកងទ័ពអាកាសក៏កំពុងប្រើគ្រឿងសព្វាវុធចាស់លាយជាមួយថ្មីដែរ។ ប៉ូឡូញបានបញ្ចេញស្តុករបស់ខ្លួន ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ប៉ុន្តែរឿងនេះកំពុងធ្វើដោយប្រុងប្រយ័ត្នបំផុត។ នៅដំណាក់កាលនេះ យើងកំពុងបំពេញស្តុកបន្ថែម»។

ទីក្រុងវ៉ាសូវី គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន ចាប់តាំងរុស្ស៊ីបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ ដោយផ្គត់ផ្គង់រថក្រោះ ឧបករណ៍ធុនធ្ងន់ និងគ្រាប់រំសេវយ៉ាងច្រើន។
ហេតុដែលប៉ូឡូញភ័យខ្លាំងចំពោះការវាយលុក ព្រោះខ្លួនមានព្រំដែនជាប់ជាមួយប្រទេសបេឡារុស និងដែនដី Kaliningrad របស់រុស្ស៊ី ស្ថិតនៅលើផ្នែកខាងកើតនៃអង្គការណាតូ ហើយក្នុងករណីណាតូ-រុស្ស៊ីផ្ទុះសង្គ្រាម ច្បាស់ណាស់ ប៉ូឡូញនឹងក្លាយជាគោលដៅដំបូងគេហើយ។

កាលពី២សប្តាហ៍មុន ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានអំពាវនាវដល់មេដឹកនាំសេតវិមានដូណាល់ ត្រាំ រួចហើយ ឲ្យយកអាវុធនុយក្លេអ៊ែរអាមេរិកមកដាក់លើទឹកដីប៉ូឡូញ ព្រោះថាការគំរាមកំហែងរបស់រុស្ស៊ី កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានច្រានចោលហើយច្រានចោលទៀត ចំពោះការអះអាងរបស់លោកខាងលិចដែលថា ខ្លួនមានបំណងវាយប្រហារប្រទេសណាតូឬសហភាពអឺរ៉ុប ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អះអាងថា អ្នកនយោបាយអឺរ៉ុប កំពុងយកលេសនៃការគំរាមកំហែងរបស់រុស្ស៊ី ទៅបំភ័យប្រជាជនរបស់ពួកគេ ដើម្បីទាញយកធនធានបន្ថែមនិងបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើនកញ្ចប់ចំណាយលើវិស័យយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?