ព័ត៌មានអន្ដរជាតិ
បេសកកម្មសង្គ្រោះនិងស្វែងរកទាហាអាមេរិកបាត់ខ្លួន៤នាក់កំពុងមមាញឹកនៅលីទុយអានី
ទាហានរាប់រយនាក់និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វះស្វែងរកទាហានអាមេរិក៤នាក់ដែលបានបាត់ខ្លួនក្នុងអំឡុងបេសកកម្មហ្វឹកហាត់មួយនៅជិតព្រំដែនរបស់ប្រទេសលីទុយអានីជាមួយប្រទេសបេឡារុស បន្ទាប់ពីរថពាសដែករបស់ពួកគេត្រូវបានរកឃើញលិចនៅក្នុងទឹក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ខែមីនានេះ។

យោងតាមកងទ័ពសហរដ្ឋអាមេរិក ទាហានទាំង៤នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនក្នុងតំបន់ហ្វឹកហ្វឺនមួយនៅជិតទីក្រុង Pabrade នៅម៉ោងប្រហែល៤និង៤៥នាទីរសៀលកាលពីថ្ងៃអង្គារ។ បន្ទាប់មករថពាសដែក M88 Hercules របស់ពួកគេត្រូវបានរកឃើញលិចក្នុងទឹកជម្រៅជាង៥ម៉ែត្រកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីពួកគេបានបាត់ខ្លួនពេលកំពុងហ្វឹកហាត់ជាមួយកងកម្លាំងប្រដាប់អាវុធលីទុយអានី។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានដំណើរការអស់រយៈពេល៤៨ម៉ោងចុងក្រោយនេះ តម្រូវឱ្យប្រើប្រាស់ឧបករណ៍ជំនាញដើម្បីបូមទឹក និងភក់ចេញពីកន្លែងលិច និងធ្វើឱ្យដីទន់នៃតំបន់ជុំវិញនោះមានសភាពរឹង ដែលនឹងអនុញ្ញាតឱ្យវាជួយទ្រទ្រង់ឧបករណ៍ធុនធ្ងន់ដែលត្រូវការដើម្បីទាញយករថពាសដែកចេញពីទឹក។
ក្រសួងការពារជាតិរបស់ប្រទេសលីទុយអានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ «មិនមានភស្តុតាង ឬព័ត៌មានណាមួយបញ្ជាក់ពីការស្លាប់បាត់បង់ជីវិត» នោះទេ ខណៈកិច្ចខិតខំប្រឹងប្រែងជួយ សង្គ្រោះកំពុងបន្ត។ ក្រសួងការពារជាតិប៉ូឡូញ ក៏កំពុងបញ្ជូនទាហាន និងឧបករណ៍វិស្វកម្ម ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះផងដែរ។

គួរបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិកបានរក្សាវត្តមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់ទិកចាប់តាំងពីឆ្នាំ២០១៤ នៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា «ដំណោះស្រាយអាត្លង់ទិក» បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើឧបទ្វីបគ្រីមៀ។ ប្រទេសលីទុយអានី ដែលជាសមាជិកនៃអង្គការណាតូ និងសហភាពអឺរ៉ុប ទទួលស្វាគមន៍ទាហានអាមេរិករាប់រយនាក់ ដែលឈរជើងប្តូរវេនគ្នា។
ក្រសួងការពារជាតិរបស់ប្រទេសលីទុយអានីធ្លាប់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំរំយោធាអាមេរិកមួយដែលមានឈ្មោះថា Camp Herkus ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Pabrade ក្នុងខែសីហា ឆ្នាំ២០២១។ យោងតាមកងកម្លាំងប្រដាប់អាវុធលីទុយអានី ជំរំនេះមានទាហានចន្លោះពី ៧០០នាក់ទៅ១០០០នាក់ហ្វឹកហាត់ក្នុងរយៈពេលខ្លី៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី