ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង
ការរញ្ជួយដីដ៏ខ្លាំងមួយដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់នៅមីយ៉ាន់ម៉ាលើសពី ១៤០នាក់។ នេះបើតោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែមីនានេះ។

ទំហំនៃការស្លាប់ របួស និងការបំផ្លិចបំផ្លាញមិនទាន់មានរបាយការណ៍ច្បាស់លាស់ភ្លាមៗនោះទេ ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងកើតមានសង្គ្រាមស៊ីវិល និងជាកន្លែងដែលព័ត៌មានត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាននិយាយតាមទូរទស្សន៍ក្នុងស្រុកថា មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់បានស្លាប់ និង ៧៣០ នាក់បានរងរបួស ហើយតួលេខនេះរំពឹងនឹងបន្តកើនឡើងថែមទៀត។
បើតាមកាសែតរដ្ឋជាភាសាអង់គ្លេសរបស់មីយ៉ាន់ម៉ា Global New Light of Myanmar ទីក្រុង និងទីប្រជុំជនចំនួន ៥មានការដួលរលំអគារដោយសាររញ្ជួយដីនេះ ហើយស្ពានចំនួនពីរបានបាក់ រួមទាំងមួយនៅលើផ្លូវហាយវេដ៏សំខាន់មួយរវាងទីក្រុង Mandalay និង Yangon។
នៅទីក្រុង Mandalay ការរញ្ជួយដីត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យអគារជាច្រើនដួលរលំ រួមទាំងវត្តអារាមដ៏ធំបំផុត Ma Soe Yane របស់ទីក្រុងផងដែរ បណ្ដាលឲ្យព្រះសង្ឃជាច្រើនអង្គសុគតនិងរងរបួស។ លើសពីនេះក៏មានការខូចខាតដល់អតីតព្រះបរមរាជវាំង, ព្រះវិហារ Christian Aid និងទំនប់វារីអគ្គិសនីមួយដែលបានបាក់នៅក្នុងទីក្រុងYangon ដែលបណ្តាលឱ្យកម្រិតទឹកកើនឡើងនៅក្នុងតំបន់ទំនាប។ បន្ថែមពីនេះ ផ្ទះនិងអគាររដ្ឋាភិបាលជាច្រើនក៏រងការបំផ្លិតបំផ្លាញផងដែរ។ មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តការជួយជនរងគ្រោះចេញពីគំនរបាក់បែក។

រដ្ឋាភិបាលមីយ៉ាន់ម៉ានៅពេលនេះកំពុងត្រូវការឈាមបន្ទាន់សម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ លោក មីន អ៊ុងឡាំង បាននិយាយថា មីយ៉ាន់ម៉ាបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកជំនួយ ដោយអង្គការសហប្រជាជាតិ បានផ្តល់ថវិកាចំនួន ៥លានដុល្លារ ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ជាមួយគ្នានេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងជួយឆ្លើយតប ប៉ុន្តែអ្នកជំនាញមួយចំនួនមានការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងនេះ ដោយសារការកាត់ផ្តាច់ជំនួយបរទេសយ៉ាងខ្លាំងរបស់រដ្ឋបាលរបស់លោក។
លើសពីនេះចំពេលរូបភាពនៃផ្លូវដែលបាក់ និងប្រេះស្រាំ និងរបាយការណ៍អំពីស្ពានបាក់ និងទំនប់បាក់ កាន់តែបង្កឲ្យមានការព្រួយបារម្ភថា ក្រុមអ្នកជួយសង្គ្រោះអាចទៅដល់តំបន់មួយចំនួននៅក្នុងប្រទេសដោយរបៀបណា ខណៈតំបន់ទាំងនោះកំពុងមានវិបត្តិមនុស្សធម៌រួចទៅហើយ។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនេះបានវាយប្រហារនៅពេលថ្ងៃត្រង់ ដែលមានចំណុចកណ្តាលនៅជិតទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។ ការរញ្ជួយដីបានកើតឡើងបន្តបន្ទាប់ ក្រោយពីរញ្ជួយដីលើកទីពីរដែលមានកម្លាំង ៦.៤ រ៉ិចទ័រ។ មីយ៉ាន់ម៉ាស្ថិតនៅក្នុងខ្សែក្រវាត់រញ្ជួយដីដ៏សកម្មមួយ បើទោះបីជាការរញ្ជួយដីជាច្រើនកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជនតិច មិនមែនក្នុងទីក្រុងដូចកាលពីថ្ងៃសុក្រក៏ដោយ ក៏ការស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចលើសពី ១ ០០០នាក់។
ឥទ្ធិពលនៃការរញ្ជួយនេះក៏បានធ្វើឲ្យអគារ៣៣ជាន់ដែលកំពុងសាងសង់ក្នុងប្រទេសថៃបាក់រលំសម្លាប់កម្មករ១០នាក់និងជាច្រើននាក់ទៀតរងរបួស ខណៈប្រជាជនភ័យខ្លាចរត់ចេញពីអគារខ្ពស់ៗរកកន្លែងសម្រាកនៅតាមសួនច្បារនានាបណ្ដោះអាសន្នកាលពីយប់ថ្ងៃសុក្រ។ ជាមួយគ្នានេះ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានឱ្យដឹងដែរថា នៅភាគឦសានប្រទេសចិននៅក្នុងខេត្តYunnanនិង Sichuan ក៏រងការរញ្ជួយដីដែរ បានបណ្តាលឱ្យមានការខូចខាត និងរបួសនៅក្នុងទីក្រុង Ruili ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា៕






អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី