ព័ត៌មានអន្ដរជាតិ
ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ
ប្រទេសជាច្រើនបានផ្តល់ជំនួយដល់មីយ៉ាន់ម៉ាតាមរយៈការបញ្ជូនក្រុមជួយសង្គ្រោះ ការផ្គត់ផ្គង់សំខាន់ៗ និងជំនួយហិរញ្ញវត្ថុ បន្ទាប់ពីប្រជាជាតិអាស៊ីមួយនេះរងគ្រោះព្រោះការរញ្ជួយដីកាលពីសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Nation កាលពីថ្ងៃទី៣០ខែមីនានេះ។
កាលពីថ្ងៃសុក្រទី២៨ខែមីនា មីយ៉ាន់ម៉ាបានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ។ មកដល់ពេលនេះចំនួនអ្នកស្លាប់បានកើនដល់ជិត ៣ពាន់នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ ក្រោយការរញ្ជួយដីដ៏សាហាវនេះ លោក មីន អ៊ុងឡាំង(Min Aung Hlaing) មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអំពាវនាវសុំជំនួយអន្តរជាតិ។ ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនបានប្រកាសពីផែនការបញ្ជូនបុគ្គលិកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលប្រទេសផ្សេងទៀតបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ។

១. ប្រទេសចិន
ប្រទេសចិនបានបញ្ជូនក្រុមជួយសង្គ្រោះស្ម័គ្រចិត្តដែលមានសមាជិក ១៦នាក់ឈ្មោះថា Blue Sky Rescue (BSR) ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ។
ក្រុម BSR ដែលជាកម្លាំងជួយសង្គ្រោះជនស៊ីវិល បានចាកចេញពីទីក្រុង Ruili ក្នុងខេត្ត Yunnan ដែលជាខេត្តភាគនិរតីរបស់ប្រទេសចិនជាប់ព្រំដែនមីយ៉ាន់ម៉ានៅម៉ោងប្រហែល ៩:៣០ព្រឹក។ ពួកគេបានធ្វើដំណើរជាមួយក្បួនរថយន្តចំនួន ៥គ្រឿងដែលដឹកសម្ភារៈសង្គ្រោះបន្ទាន់ រួមមានឧបករណ៍សង្គ្រោះបឋម ឧបករណ៍ថាមពល និងឧបករណ៍សម្រាប់កម្ទេចថ្ម។ ប្រធានផ្នែកទីក្រុង Ruili របស់ BSR បាននិយាយថា ក្រុមរបស់ពួកគេគឺជាក្រុមដំបូងដែលធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយក្រុមទីពីរ និងក្រុមទីបីរំពឹងថានឹងធ្វើដំណើរតាមក្រោយ។
បន្ថែមពីលើនេះ ការិយាល័យជំនួយបរទេសរបស់ចិន បានប្រកាសថា បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ជាមួយ លោក មីន អ៊ុងឡាំង រដ្ឋាភិបាលចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០ លានយ័ន (ប្រហែល ១៣.៧៧ លានដុលារអាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ា។ ជាងនេះទៅទៀត ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ក៏បានប្តេជ្ញាបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅជួយមីយ៉ាន់ម៉ាផងដែរ។

២. ប្រទេសរុស្សី
ក្រសួងការពារជនស៊ីវិល សង្គ្រោះបន្ទាន់ និងលុបបំបាត់ផលវិបាកនៃគ្រោះធម្មជាតិរបស់រុស្ស៊ី (EMERCOM) បានប្រកាសតាមរយៈគណនី X ផ្លូវការរបស់ខ្លួនថា រុស្ស៊ីបានដាក់ពង្រាយយន្តហោះពីរគ្រឿងដែលដឹកបុគ្គលិកសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសុក្រ។
ប្រតិបត្តិការនេះរួមមានអ្នកឯកទេសចំនួន១២០ នាក់ រួមជាមួយនឹងក្រុមស្វែងរក K9 អ្នកព្យាបាលជំងឺ និងអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់ជនរងគ្រោះដែលនៅរស់។

៣. ប្រទេសឥណ្ឌា
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានប្រកាសនៅលើវេទិកា X ថា ឥណ្ឌាបានបញ្ជូនបុគ្គលិកសង្គ្រោះ ក្រុមគ្រូពេទ្យ និងជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ កញ្ចប់ជំនួយរួមមាន ភួយ តង់ សម្ភារៈអនាម័យ ចង្កៀងសូឡា ការផ្គត់ផ្គង់អាហារ និងសម្ភារៈផ្ទះបាយ។

៤. អាស៊ាន
អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ «តម្រូវការបន្ទាន់» សម្រាប់ជំនួយមនុស្សធម៌ ហើយបានសន្យាថានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានអះអាងថា ប្លុកក្នុងតំបន់ដែលមានសមាជិក ១០ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់។
ប្រទេសក្នុងអាស៊ានក៏ផ្ដល់ជំនួយដោយឡែកផ្សេងទៀតដូចជាសិង្ហបុរី។ កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានដាក់ពង្រាយកងកម្លាំង៨០ នាក់ ដែលរួមមានបុគ្គលិកមកពីក្រុមជំនួយគ្រោះមហន្តរាយ និងជួយសង្គ្រោះ (DART) ប្រតិបត្តិការយោធា គ្រូពេទ្យអង្គភាព ពេទ្យសង្គ្រោះបន្ទាន់ អ្នកឯកទេសស្វែងរកជាមួយនឹងសត្វឆ្កែសង្គ្រោះចំនួន ៤ក្បាល អ្នកជំនាញខាងសម្ភារៈគ្រោះថ្នាក់ និងបុគ្គលិកជំនួយ។ ជាមួយគ្នានេះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំនេះបានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយដែលមានសមាជិកចំនួន៥០នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

៥. ប្រទេសនូវែលសេឡង់
ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់បានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ចំនួន ២ លានដុល្លារនូវែលសេឡង់ (ប្រហែល ១.១៤ លានដុល្លារ) ដល់ប្រទេសមីយ៉ាន់ម៉ា។ ថវិកាទាំងនេះនឹងត្រូវបញ្ជូនទៅកាកបាទក្រហមអន្តរជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងផ្តល់សម្ភារៈសង្គ្រោះដូចជាអាហារ តង់ ភួយ និងជំនួយផ្នែកវេជ្ជសាស្ត្រ។
៦. កូរ៉េខាងត្បូង
ក្រសួងការបរទេសកូរ៉េខាងត្បូងបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ២លានដុល្លារសម្រាប់មីយ៉ានម៉ា ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ ជំនួយបន្ថែមអាចត្រូវបានពិចារណាដោយផ្អែកលើស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។
ក្រៅពីនេះក៏មានអង្គការនិងទីភ្នាក់ងារអន្តរជាតិរបស់អង្គការសហប្រជាជតិជាច្រើនទៀតកំពុងស្វះស្វែងរកជំនួយជួយគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក