ព័ត៌មានអន្ដរជាតិ
លោកស្រី ផែថងថាន មេដឹកនាំថៃដំបូងដែលអញ្ជើញ មីន អ៊ុនឡាំង ចូលវេទិកាតំបន់
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថៃដំបូងដែលបានអញ្ជើញមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យចូលរួមកិច្ចប្រជុំកម្រិតតំបន់លើកដំបូង បន្ទាប់ពីលោកស្រីកាន់អំណាចមិនដល់១ឆ្នាំ ខណៈមេដឹកនាំមីយ៉ាន់ម៉ារូបនេះមានបំណងបង្កើនការទទួលស្គាល់មុនការបោះឆ្នោតដែលខ្លួនប្រកាសនៅសល់ប្រហែល៧ខែទៀតប៉ុណ្ណោះ។
ប្រមុខរដ្ឋរបស់របបសឹកមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បានចូលរួមវេទិកាតំបន់ជាលើកដំបូង បន្ទាប់ពីដឹកនាំមីយ៉ាន់ម៉ាអស់រយៈពេលជាង៤ឆ្នាំដោយគ្មានការបោះឆ្នោត និងប្រឈមសង្គ្រាមបង្ហូរឈាមដោយសង្គ្រាមស៊ីវិលដ៏ខ្លាំង និងបន្ទាប់ពីប្រទេសនេះរងនៅមហន្តរាយដ៏អាក្រក់បំផុតពីគ្រោះរញ្ជូយដីដ៏មហាបំផ្លិចបំផ្លាញ។

វេទិកាតំបន់ (BIMSTEC) ដែលមកពីពាក្យពេញ «គំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation)» គឺជាវេទិកាធំមួយសម្រាប់ប្រទេសភាគច្រើននៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ពីប្រទេស រួមមានសមាជិកចំនួន៧ ប្រទេស ដូចជា បង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា និងថៃ។
សារព័ត៌មាន nationtv របស់ថៃ បានដកស្រង់ការលើកឡើងរបស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ ដែលបានព្រមាននាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ឱ្យនៅឆ្ងាយពីមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅអំឡុងកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសសមាជិក «BIMSTEC» ដោយខ្លាចក្រែងមានការបកស្រាយ ឬយល់ថា មេដឹកនាំថៃផ្តល់ភាពសំខាន់ចំពោះរបបសឹកយោធាមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៥ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ប្រធានសមាគមសិក្សាក្នុងតំបន់ និងជាសាស្រ្តាចារ្យប្រចាំនៅនាយកដ្ឋានសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យធម្មសាស្ត្របានលើកឡើងថា អ្វីដែលត្រូវតាមដានក្នុងកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសសមាជិក «BIMSTEC» កាលពីថ្ងៃទី ២-៤ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងបាងកក គឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃជាផ្លូវការជាលើកដំបូងរបស់លោក មីន អ៊ុងឡាំង។

ការលើកឡើងរបស់អ្នកជំនាញនយោបាយ បានបន្ថថា៖«មេដឹកនាំរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា ដែលភាគីជាច្រើនមើលឃើញថា នេះគឺជាសកម្មភាពមួយដើម្បីបង្ហាញ និងទាមទារឱ្យមានការទទួលស្គាល់ភាពស្របច្បាប់របស់ខ្លួនតាមរយៈសហគមន៍អន្តរជាតិ នៅមុនពេលដែលមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០២៥នេះ»។
អ្នកជំនាញរូបនេះបានបន្តថា បើទោះបីជាកិច្ចប្រជុំកំពូល «BIMSTEC» ដែលមានប្រទេសជាសមាជិកចំនួន៧គឺ៖ បង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា និងថៃ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិដែលតភ្ជាប់ទៅឈូងសមុទ្រ “Bengal” ក៏ដោយ ប៉ុន្តែអ្វីដែលនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) គួរផ្តល់ភាពសំខាន់ខ្លាំងនោះ គឺការរក្សាគម្លាតនិងសកម្មភាពការទូតជាមួយលោក មីន អ៊ុងឡាំង ពីព្រោះប្រសិនបើមានលេចធ្លាយរូបភាព នាយករដ្ឋមន្ត្រីថៃជួបជជែកជាមួយលោក មីន អ៊ុងឡាំង ក្នុងលក្ខណៈស្និទ្ធស្នាលនិងជាឯកជននោះ វានឹងធ្វើឱ្យប្រទេសជាច្រើនបកស្រាយថា នាយករដ្ឋមន្ត្រីថៃផ្តល់ភាពសំខាន់និងទទួលស្គាល់មេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ារូបនេះ។
លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ត្រូវបានស្រង់សម្តីដោយសារព័ត៌មានថៃ The Nations ដូចបាននិយាយថា៖«ក្នុងឱកាសនេះ ការជួបជជែកគ្នាជាមួយមេដឹកនាំប្រទេសផ្សេងៗទៀត ឬថតរូបជាមួយលោក មីន អ៊ុងឡាំង ដោយបង្ហាញពីការព្រួយបារម្ភចំពោះការគ្រប់គ្រងគ្រោះមហន្តរាយក្នុងប្រទេសមីយ៉ាន់ម៉ា ឬសម្តែងការអរគុណទាក់ទងនឹងការដោះលែងក្រុមអ្នកនេសាទថៃ៤នាក់ថ្មីៗនេះ គឺជារឿងដែលគួរធ្វើទៅបាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នមិនគួរបង្ហាញការគាំទ្រដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ាច្បាស់ពេកនោះទេ។ ក្រៅពីនេះ ប្រសិនបើលោក មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ក៏ជាការល្អផងដែរ ដែលបានកាត់បន្ថយរូបភាពឈុតឆាកជួបជជែកគ្នាដែលអាចមានជ្រុងមួយចំនួនត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកទៅធ្វើការបកស្រាយ ឬយល់ថា រដ្ឋាភិបាលថៃអាចនឹងផ្តល់ការគាំទ្ររដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា»។
អ្នកជំនាញរូបនេះបានបន្ថែមថា រដ្ឋាភិបាលថៃគួរប្រើឱកាសកិច្ចប្រជុំ “BIMSTEC” ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះលើកនេះ ដើម្បីលើកកម្ពស់មុខមាត់របស់ប្រទេសថៃក្នុងឋានៈជាអ្នកតភ្ជាប់ទំនាក់ទំនងរវាងអាស៊ាននិងតំបន់អាស៊ីខាងត្បូង តាមរយៈការបង្ហាញខ្លួនជាតួអង្គសំខាន់ក្នុងការដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏ជាឱកាសល្អដើម្បីនាំយកគោលនយោបាយរបស់ខ្លួនទៅកាន់ប្រទេសលោកខាងលិចជាថ្មីម្តងទៀតផងដែរ។
លោកថា ថៃគួរតែប្រើវេទិកានេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃជាមួយឥណ្ឌា ហើយយើងក៏ត្រូវតែមានគោលនយោបាយលោកខាងលិចផងដែរ ដែលនឹងផ្តោតលើយុទ្ធសាស្ត្រនេះឱ្យកាន់តែខ្លាំងក្លាឡើង។ លើសពីនេះ ឥណ្ឌាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសយ៉ាងច្បាស់នៅមុនពេលបោះឆ្នោតថា ឥណ្ឌាចង់ចូលមកគ្រប់គ្រងការអភិវឌ្ឍដោយសន្តិវិធីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះរដ្ឋាភិបាលថៃគួរតែចរចារអំពីគោលនយោបាយលោកខាងលិចព្រមគ្នាជាមួយនឹងការដើរតួនាទីជាអ្នកសម្របសម្រួលដំណើរសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ ភ្នាក់ងារ


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល