Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ ខេត្តថៃចំនួន២ គឺឈៀងម៉ៃនិងម៉ែហុងសុន បានកើតមានរញ្ជួយដី២១លើក ប៉ុន្តែត្រឹមកម្រិតស្រាលប៉ុណ្ណោះ ពោលគឺចន្លោះពី១.៩រ៉ិចទ័រដល់ ៣.៨រ៉ិចទ័រ។

(រូបថត៖ Google)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post,  បើគិតចាប់ពីម៉ោង៤:២២នាទីព្រឹកដល់១០:៤៣នាទីព្រឹក, ស្រុក Wiang Haeng នៃខេត្តឈៀងម៉ៃ បានកើតមានរញ្ជួយដីចំនួន១២លើក ក្នុងកម្រិត១.៩រ៉ិចទ័រទៅ៣.៥រ៉ិចទ័រ ខណៈនៅស្រុក Pai នៃខេត្ត ម៉ែហុងសុន ឯណោះ ក៏មានការរញ្ជួយដីកម្រិតស្រាល៩លើកដែរ ចាប់ពីម៉ោង៦:១១នាទីព្រឹកដល់១០:៥៧នាទីព្រឹក ដោយការរញ្ជួយខ្លាំងបំផុតមានកម្លាំងត្រឹម ៣.៨រ៉ិចទ័រប៉ុណ្ណោះ។

ការរញ្ជួយទាំងនេះ ត្រូវបានរាយការណ៍ដោយនាយកដ្ឋានសង្កេតការរញ្ជួយដីនៃប្រទេសថៃ ហើយដោយសារតែវាមានកម្រិតស្រាលពេក ទើបធ្វើឲ្យកន្លែងខ្លះ ពលរដ្ឋសឹងតែមិនដឹងថារង្គើផង។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន អ្នកជំនាញថៃ ព្រមានថា ប្រទេសនេះនឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណា ដូច្នេះហើយគេទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។

លោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លើកឡើងនៅថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥ថា បន្ទះទិចតូនិច Sagaing ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបន្ទះទិចតូនិចធំបំផុតរបស់អាស៊ីអាគ្នេយ៍ នៅតែបន្តមានសកម្មភាព ហើយនេះគឺជាកង្វល់ធំបំផុតសម្រាប់ប្រទេសថៃ ដោយសារតែឥទ្ធិពលរបស់វា។ 

(រូបថត៖ Geologyin)

ម្យ៉ាងវិញទៀត ប្រទេសថៃក៏ស្ថិតនៅលើខ្សែបន្ទាត់សកម្មចំនួន១៦ផងដែរ ដែលជាហេតុបង្កហានិភ័យនៃគ្រោះរញ្ជួយដីទាំងមិននឹកស្មានដល់ជាពិសេសក្នុងខេត្ត Phitsanulok និង Kanchanaburi។

សូមជម្រាបជាថ្មី ថៃបានរងឥទ្ធិពលធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ខែមីនា ដោយបណ្តាលឲ្យបាក់រលំអគារសវនកម្មកំពុងសាងសងក្នុងទីក្រុងបាងកក សម្លាប់មនុស្សច្រើននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម