Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

បានផុស

នៅ

ដោយមើលឃើញថា បទឈប់បាញ់នៅអ៊ុយក្រែន មានភាពជាប់គាំង, ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានចេញសារលើបណ្តាញសង្គម ដោយអំពាវនាវឲ្យប្រើធម៌ក្តៅលើប្រទេសរុស្ស៊ី ប្រសិនបើលោក វ្ល៉ាឌីមៀរ ពូទីន នៅតែមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាព។

លោក ម៉ាក្រុង (ឆ្វេង) ជាមួយលោក ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាក្រុង បង្ហោះសារកាលពីថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ថា «ទោះសហរដ្ឋអាមេរិកនិងអឺរ៉ុប ខំប្រឹងរៀបចំឲ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាងក៏ដោយ ក៏រុស្ស៊ីនៅតែសម្លាប់ជនស៊ីវិលនិងកុមារ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះរាល់កុមារនិងជនស៊ីវិលដែលរងគ្រោះ ក្នុងការវាយប្រហារដ៏សាហាវដែលជាថ្វីដៃរបស់រុស្ស៊ី រួមទាំងការវាយប្រហារកាលពីថ្ងៃទី៤ខែមេសា នៅទីក្រុង Kryvyi Rih ផងដែរ»។

លោកបន្តថា «ចាំបាច់ត្រូវតែមានបទឈប់បាញ់ឲ្យបានឆាប់បំផុត! ត្រូវតែប្រើធម៌ក្តៅហើយ បើរុស្ស៊ីនៅតែបន្តពន្យារពេលនិងបដិសេធចំពោះសន្តិភាព។ ទោះអ៊ុយក្រែន ទទួលយកសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រាប់ការឈប់បាញ់ទាំងស្រុង ហើយអឺរ៉ុបក៏កំពុងធ្វើការដើម្បីធានាស​ន្តិភាពក៏ដោយ ប៉ុន្តែរុស្ស៊ីនៅតែបន្តសង្រ្គាមកាន់តែខ្លាំង មិនគិតពីអាយុជីវិតជនស៊ីវិលទាល់តែសោះ»។

លោក ម៉ាក្រុង (រូបថត៖ Reuters)

ប្រតិកម្មរបស់លោកម៉ាក្រុង កើតឡើងពីរថ្ងៃ ក្រោយពេលរុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៩នាក់ផងដែរ ខណៈច្រើននាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ BBC, មីស៊ីល Iskander-M របស់រុស្ស៊ីបានវាយប្រហារអគារកម្ពស់១០ជាន់ ក្នុងទីក្រុង Kryvyi Rih បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

(រូបថត៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន)

ភ្លាមៗនោះ មេដឹកនាំអ៊ុយក្រែន បានបង្ហោះសារថ្កោលទោសលើបណ្តាញដោយនិយាយថា «រុស្ស៊ីនៅតែបន្តវាយប្រហារ ហើយហេតុផលតែមួយគត់គឺ រុស្ស៊ីមិនចង់បានបទឈប់បាញ់ទេ»។

នោះមិនមែនទើបលើកដំបូងឡើយ ដែលរុស្ស៊ី បើកការវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី។ ជាក់ស្តែង កាលពីដើមខែមុន កងកម្លាំងលោកពូទីន ក៏បាញ់មីស៊ីលសម្លាប់មនុស្ស៤នាក់និងរបួស៣១នាក់ផងដែរនៅទីនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម