Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

បានផុស

នៅ

កាលពីថ្ងៃ​​​ទី​៧​ខែមេសា​ឆ្នាំ​២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) ត្រូវតែបង្កើនការទិញថាមពលរបស់អាមេរិក ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្មដ៏ច្រើនរវាង​ភាគី​ទាំង​ពីរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯសេតវិមាន លោក ត្រាំ បានរិះគន់សហភាពអឺរ៉ុបចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការនាំចូលទំនិញអាមេរិកមិនគ្រប់គ្រាន់។

លោក ត្រាំ បាននិយាយថា៖ «យើងមានឱនភាពជាមួយសហភាពអឺរ៉ុបចំនួន ៣៥០​ពាន់លានដុល្លារ ហើយវានឹងរលាយបាត់យ៉ាងឆាប់រហ័ស។ វិធីមួយដែលអាចរលាយបាត់បានយ៉ាងងាយ និងឆាប់រហ័សគឺពួកគេនឹងត្រូវទិញថាមពលរបស់យើងពីយើង… ពួកគេអាចទិញវាបាន យើងអាចកាត់បន្ថយ៣៥០​ពាន់លានដុល្លារក្នុងរយៈពេលមួយសប្តាហ៍»។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មជាបន្តបន្ទាប់រវាង​អាមេរិក និងសហភាពអឺរ៉ុប។ កាល​ពី​ខែធ្នូ​ឆ្នាំ​២០២៤ លោក ត្រាំ ធ្លាប់​បានព្រមានសហភាពអឺរ៉ុបថា ខ្លួននឹងប្រឈមមុខនឹងពន្ធពាណិជ្ជកម្មលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក លុះត្រាតែប្រទេសសមាជិកបង្កើនការទិញប្រេង និងឧស្ម័នអាមេរិក។ លោក​បានបញ្ជាក់​ថា EU ត្រូវតែ​ប៉ះប៉ូវ​​«ឱនភាពដ៏​ធំ​​សម្បើម» របស់ខ្លួនជាមួយអាមេរិក តាមរយៈការទិញថាមពលដ៏​ច្រើន​របស់អាមេរិក បើមិនដូច្នេះទេ នឹង​ប្រឈមពន្ធគយ។

ថ្មីៗ​នេះ សហភាពអឺរ៉ុប បានស្នើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «zero-for-zero» ក្នុងគោលបំណងលុបបំបាត់ពន្ធលើរថយន្ត និងទំនិញឧស្សាហកម្ម។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានច្រានចោលការផ្តល់ជូននេះ ដោយចាត់ទុកថា វាមិនគ្រប់គ្រាន់ដើម្បីទូទាត់ពន្ធលើការនាំចូលដែលមានស្រាប់ និងរិះគន់សហភាពអឺរ៉ុបចំពោះការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌​តាំង​ពី​យូរ​ណាស់​មក​ហើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម