ព័ត៌មានអន្ដរជាតិ
ផ្លូវការហើយ! កូរ៉េខាងត្បូងនឹងរៀបចំបោះឆ្នោតប្រធានាធិបតីថ្មីនៅថ្ងៃទី៣មិថុនា
ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក Han Duck-soo ដែលទើបរួចផុតពីការចោទប្រកាន់ទម្លាក់អំណាច បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ខែមិថុនា គឺមានរយៈពេល៥៩ថ្ងៃ បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្កាលថ្ងៃទី៤ខែមេសានេះ។

នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Han Duck-soo បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត រួចរាល់ហើយ ដើម្បីគិតគូរពីតម្រូវការក្នុងការធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងទុកពេលគ្រប់គ្រាន់សម្រាប់គណបក្សនយោបាយក្នុងការរៀបចំចូលរួមការប្រកួតប្រជែង។ យោងបណ្តាញសារព័ត៌មានសំខាន់ៗរបស់កូរ៉េខាងត្បូងផ្សាយនៅព្រឹកថ្ងៃអង្គារនេះ។
ក្រោយការពិភាក្សា ពួកគេបានសម្រេចចិត្ត «កំណត់ថ្ងៃទី ៣ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី២១របស់កូរ៉េខាងត្បូង» ដោយលោកបានបន្ថែមថា ថ្ងៃនោះនឹងត្រូវកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការបោះឆ្នោត។ នេះបើយោងតាម AFP។
លោក Han បានអំពាវនាវដល់ក្រសួង និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «ធ្វើឱ្យមានភាពហ្មត់ចត់ ដើម្បីធានាឱ្យមានការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពជាងពេលណាៗទាំងអស់ និងមួយដែលអាចទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ»។
មិនដូចការបោះឆ្នោតប្រធានាធិបតីដែលប្រព្រឹត្តទៅតាមធម្មតាទេ ប្រធានាធិបតីជាប់ឆ្នោតដែលកើតចេញពីការបោះឆ្នោតក្នុងរយៈពេលអន្តរកាលពីរខែនេះ បេក្ខភាពដែលឈ្នះការបោះឆ្នោតថ្ងៃទី៣ខែមិថុនា នឹងត្រូវធ្វើពិធីឡើងកាន់អំណាចភ្លាមៗនៅថ្ងៃបន្ទាប់ពីការប្រកាសលទ្ធផលតែម្តង។

តុលាការធម្មនុញ្ញកូរ៉េខាងត្បូងដែលមានចៅក្រម៨រូបក្នុងចំណោម៩រូប ស្ថិតនៅក្នុងតំណែងកាលពីថ្ងៃសុក្រទី៤ខែមេសាសប្តាហ៍មុន បានសម្រេចជាឯកច្ឆ័ន្ទដកតំណែងលោក Yoon Suk Yeol តាមការចោទប្រកាន់របស់សភា សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។
ការចេញសាលក្រមដកលោក Yoon Suk Yeol ចេញពីអំណាចនេះ បន្ទាប់ពីតុលាការធម្មនុញ្ញរកឃើញកំហុសលើការរំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។
ច្បាប់ធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងតម្រូវឱ្យមានការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ ប្រសិនបើអ្នកកាន់អំណាចស្លាប់ ឬត្រូវដកចេញពីតំណែង៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា