Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យដ៏ធំឆាបឆេះរោងចក្រ​ច្នៃកាកសំណល់​ក្នុងទីក្រុងប៉ារីស ដោយមិនទាន់​ដឹងមូលហេតុ​

បានផុស

នៅ

អគ្គិភ័យដ៏សន្ធោសន្ធៅ​​មានផ្សែង​បាញ់​ខ្មួលខ្មាញ់​ទៅ​លើ​មេឃ បានឆាបឆេះរោងចក្រនៅក្នុងទីក្រុងប៉ារីសនៅជិតអគារតុលាការថ្មីដែលរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី Renzo Piano ដ៏ល្បីល្បាញ បានបញ្ចេញផ្សែងខ្មៅដេរដាស​ពេញទីក្រុង ប៉ុន្តែ​មិន​ទាន់​ដឹង​មូលហេតុនាំ​ដល់​ការ​ឆេះ​នោះទេ​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី០៨ខែមេសានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបានឆាបឆេះរោងចក្រកែច្នៃដ៏ធំបំផុតមួយរបស់ទីក្រុង និង​បានបញ្ចេញអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ខ្មឹក​ហោះ​ឡើងខ្ពស់ទៅលើមេឃនិងជំរុញឱ្យអាជ្ញាធរជំរុញសាធារណជនឱ្យនៅឆ្ងាយពីតំបន់នោះ។ ក្រុមពន្លត់អគ្គិភ័យបានប្រើ រថយន្តពន្លត់អគ្គិភ័យប្រហែល៦០គ្រឿង និងបុគ្គលិក២០០​នាក់ដើម្បីពន្លត់ភ្លើងនេះ។ អាជ្ញាធរក៏បានបិទផ្នែកមួយនៃផ្លូវក្រវ៉ាត់ក្រុងធំជុំវិញទីក្រុងប៉ារីស ដើម្បីអនុញ្ញាតឱ្យរថយន្តពន្លត់អគ្គិភ័យចូលទៅកាន់អគារដែលកំពុង​ឆាបឆេះ។

លោក Geoffrey Boulard អភិបាលក្រុងក្នុងសង្កាត់ទី១៧ ដែលរងផលប៉ះពាល់បានប្រាប់ទូរទស្សន៍ BFMថា៖ «អគារនេះត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមិនមានជនរងគ្រោះក្នុងហេតុការណ៍នេះនោះទេ។ ទោះបីក្រុមពន្លត់អគ្គិភ័យបានមកដល់យ៉ាងលឿន ប៉ុន្តែភ្លើងបានកើតឡើងនៅក្រោមដី ហើយបន្ទាប់មកបានរាលដាលពេញអគារ​យ៉ាង​លឿន»។

(រូបភាព៖​ Reuters)

រោងចក្រកែច្នៃដែលត្រូវបានភ្លើងឆេះនេះគឺជារបស់ Syctom ដែលជាអាជ្ញាធរសាធារណៈក្នុងស្រុករបស់បារាំង និងជាប្រតិបត្តិករសាធារណៈអឺរ៉ុប​ឈានមុខគេក្នុងការគ្រប់គ្រងកាកសំណល់ក្នុងស្រុក ស្ថិតនៅជាប់នឹងអគារតុលាការសំខាន់របស់ទីក្រុងប៉ារីស រចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី Piano និងបានសម្ពោធនៅឆ្នាំ២០១៨។ អាជ្ញាធរទីក្រុងបានឱ្យដឹងថា រោងចក្រនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ធ្វើឡើងដើម្បីគ្រប់គ្រងកាកសំណល់តាមផ្ទះរបស់អ្នករស់​នៅ​ទីក្រុងប៉ារីសជិតមួយលាននាក់៕

(រូបភាព៖​ X)
(រូបភាព៖​ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម