ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងរៀបចំប្រជុំជាមួយអ៊ីរ៉ង់សប្ដាហ៍នេះ ហើយបើបរាជ័យ អ៊ីរ៉ង់នឹងជួបគ្រោះធំ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការសម្រាប់កិច្ចចរចា«ដោយផ្ទាល់»ជាមួយប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ បានព្រមានថា បើការចរចានេះបរាជ័យមិនឈានដល់កិច្ចព្រមព្រៀង អ៊ីរ៉ង់នឹងជួបគ្រោះធំមិនខាន។

ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី៧ខែមេសាថា៖ «យើងនឹងមានកិច្ចប្រជុំដ៏ធំមួយនៅថ្ងៃសៅរ៍ ហើយយើងនឹងដោះស្រាយជាមួយពួកគេដោយផ្ទាល់» ដែលជាកិច្ចពិភាក្សាកម្រិតកំពូលមួយ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា បើការចរចាមិនជោគជ័យនោះ «ប្រទេសអ៊ីរ៉ង់នឹងស្ថិតក្នុងគ្រោះថ្នាក់ធំ»។
លោកថា៖ «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយបើការចរចាមិនបានជោគជ័យ ខ្ញុំពិតជាគិតថា វានឹងក្លាយជាថ្ងៃអាក្រក់សម្រាប់អ៊ីរ៉ង់»។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ការពិភាក្សានឹងប្រព្រឹត្តទៅ ប៉ុន្តែមិនមែនជាការពិភាក្សាដោយផ្ទាល់នោះទេ ពោលគឺជាការពិភាក្សា «កម្រិតខ្ពស់ដោយប្រយោល» ដែលមានប្រទេសអូម៉ង់ធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា អាមេរិក និងអ៊ីរ៉ង់ ធ្លាប់បានធ្វើកិច្ចចរចាដោយប្រយោល កាលពីអំឡុងអាណត្តិរបស់លោក ចូ បៃដិន ធ្វើជាប្រធានាធិបតីអាមេរិក ប៉ុន្តែលទ្ធផលតិចតួចណាស់ដែលអាចសម្រេចបានបន្ទាប់ពីការពិភាក្សាទាំងនោះ។
ការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ធ្វើឡើងតាំងពីអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក Barack Obama មកម៉្លេះ។ លោក Obama បានដឹកនាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ២០១៥ ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ យ៉ាងណា លោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ២០១៨។
ចាប់តាំងពីពេលនោះមក ក្រុងតេហេរ៉ង់ក៏បានឈប់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
កន្លងមក ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបង្ហាញការមិនយល់ស្របចំពោះការពិភាក្សាដោយផ្ទាល់ជាមួយអាមេរិក ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដោយនិយាយថា លោកចូលចិត្តទំនាក់ទំនងដោយប្រយោល។
លោកបានប្រាប់ថា អ៊ីរ៉ង់មិនជំទាស់នឹងការចរចានោះទេ ប៉ុន្តែអាមេរិកត្រូវតែកែតម្រូវ «ការប្រព្រឹត្តខុស» នាពេលកន្លងមករបស់ខ្លួន និងបង្កើតមូលដ្ឋានថ្មីសម្រាប់ការជឿទុកចិត្ត៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា