Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

បានផុស

នៅ

មីយ៉ាន់ម៉ា បានផ្អាក​ការ​ផ្ដល់​ទិដ្ឋាការទាំងអស់សម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី​០៣​ខែមេសា ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនៅតែបន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយរប​ស់សារព័ត៌មាន​ The Irrawaddy កាលពីថ្ងៃទី០៨ខែមេសា។

(រូបភាព៖ The Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ា បានប្រកាសថា៖ «ដោយសារតែការរញ្ជួយដីនាពេលថ្មីៗនេះ យើងជូនដំណឹងដល់អ្នកថា ពាក្យសុំទិដ្ឋាការទេសចរណ៍នឹងត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០២៥។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែល​អាច​កើត​មាន និងអរគុណចំពោះការយោគយល់របស់អ្នកក្នុងអំឡុងពេលនេះ។ ការប្រកាសបន្ថែមនឹងត្រូវបានធ្វើឡើងនៅពេលដែលសេវាកម្មចាប់ផ្តើមឡើងវិញ»។ ទោះយ៉ាងណាបើតាមសេចក្ដីប្រកាសនេះ ពាក្យសុំទិដ្ឋាការ​ពាណិជ្ជកម្ម​នៅតែ​​​ដំណើរការ​ជាធម្មតា។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរបបយោធាប្រកាសថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ ៦០០នាក់ស្លាប់ ជិត ៥ ០០០នាក់រងរបួស និងជាង ២០០នាក់បាត់ខ្លួន ខណៈសមាគម​សំឡេង​ប្រជាធិបតេយ្យ​ភូមា (DVB) បាន​ផ្សាយ​ថា ចំនួនអ្នកស្លាប់បានកើនលើសពី​ ៤ ០០០​នាក់ហើយ។

(រូបភាព៖ AP)

ក្រៅពីផ្អាកទិដ្ឋាការទេសចរណ៍ របបយោធាក៏បានបដិសេធសំណើសុំចូលប្រទេសពី​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែលមាន​គោល​បំណង​ស្វែងរកព័ត៌មានពីការរញ្ជួយដីនៅក្នុងតំបន់​រងគ្រោះ។ របបយោធា​បាន​​លើក​ហេតុ​ផល​ថា ខ្លួន​ពុំ​មាន​​កន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់​​អ្នក​សារព័ត៌មាន​បរទេស​ទាំង​នោះ​ទេ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ឧត្តមសេនីយរងលោក Soe Win ក៏បាននិយាយដែរថា ក្រុមជំនួយសង្គ្រោះគ្រោះរញ្ជួយដីបរទេសមកពី២៦ប្រទេស មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ប្រតិបត្តិការពួកគេត្រូវបានអនុញ្ញាតលុះត្រាតែពួកគេសហការជាមួយអាជ្ញាធរ។ លោកក៏បានព្រមានដល់អ្នកគ្រប់គ្រងក្នុងតំបន់មិនត្រូវអនុញ្ញាតឱ្យក្រុមជំនួយ និងអង្គការក្រៅរដ្ឋាភិបាលចូលក្នុងតំបន់របស់ពួកគេទេ លុះត្រាតែពួកគេសហការជាមួយក្រុមជំនួយក្នុងស្រុក។

(រូបភាព៖ AP)

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានមនុស្សជាង ១៧.២លាននាក់រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ក្នុងនោះជាង ៩.១លាននាក់បានប្រឈមនឹងការរញ្ជួយខ្លាំងបំផុតនៅ​តំបន់​ចំនួន​៥៨ ហើយបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់ជាមួយនឹងតម្រូវការ​ចំបាច់ ដូចជា អាហារ ទឹកស្អាត ការថែទាំសុខភាព ជំនួយជាសាច់ប្រាក់ និងទីជម្រកបណ្ដោះអាសន្ន។

ស្របពេលជាមួយគ្នានេះ របបយោធានៅតែបន្តការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិលនៅទូទាំងប្រទេស រួមទាំងតំបន់ដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦៨នាក់គិតត្រឹមថ្ងៃទី៤​ខែមេសា៕

(រូបភាព៖ Getty)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៧ នាទីutes មុន

គ្រួសារដែលបង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពីសម្តេច ម៉ែន សំអន

ព័ត៌មានជាតិ១៣ នាទីutes មុន

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

Sokha Hotels

ព័ត៌មានពេញនិយម