ព័ត៌មានអន្ដរជាតិ
មរណភាពអតីតប្រធានរដ្ឋឡាវដ៏មានឥទ្ធិពល និងជាបងធំនយោបាយពីភាគខាងត្បូង តើអាចរង្គើរដល់តំណែងកូនរបស់គាត់ឬទេ?
មរណភាពរបស់បងធំភាគខាងត្បូងឡាវ «ខាំតៃ ស៊ីផាន់ដន» ដែលមានដើមកំណើតនៅខេត្តចំប៉ាសាក់ ត្រូវបានមជ្ឈដ្ឋាននយោបាយឡាវកំពុងតាមដានមើលថា តើកូនច្បងរបស់គាត់ លោកនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន នៅតែអាចរក្សាការកាន់តំណែងបានយូរប៉ុណ្ណា? ខណៈអ្នកនយោបាយឡាវដ៏មានឥទ្ធិពលកំពុងកាន់តំណែងជាអគ្គលេខាធិការបក្សនិងជាប្រធានរដ្ឋឡាវបច្ចុប្បន្នដែលមានសិទ្ធិដកហូតនិងតែងតាំងថ្នាក់ដឹកនាំរដ្ឋាភិបាល លោក ថងលូន ស៊ីសូលីត ត្រូវគេដឹងថា ជាបងធំពីភាគខាងជើង។
ជាង២ទសវត្សរ៍កន្លងមកហើយ ចាប់តាំងពីលោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtai Siphandon) បានចូលកាន់កាប់កាច់ចង្កូតនយោបាយឡាវ និងមុនពេលឈានដល់ដង្ហើមចុងក្រោយនេះ លោកបានរៀបចំអ្នកស្នងមរតករបស់លោកចំនួន៤នាក់ ដោយតែងតាំងឱ្យកាន់មុខតំណែងសំខាន់ៗក្នុងជួរបក្សនិងរដ្ឋ។ យោងសារព័ត៌មាន The Nations របស់ប្រទេសថៃ។

អតីតប្រធានរដ្ឋឡាវ លោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtai Siphandon) គឺជាអតីតអគ្គលេខាធិមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានទទួលមរណភាពកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងវ័យ១០១ឆ្នាំ។
មរណភាពរបស់លោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់មជ្ឈដ្ឋាននយោបាយឡាវ ព្រោះកន្លងមក លោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន គឺជានិមិត្តរូបនយោបាយដ៏សំខាន់ ឬអាចហៅបានថា ជាបងធំនយោបាយនៅភាគខាងត្បូងឡាវ។
នៅក្នុងសង្គមឡាវសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ក្នុងចំណោមអ្នកដឹកនាំឡាវរួមមាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសន្តិសុខ និងអភិបាលខេត្តភាគខាងត្បូង សុទ្ធតែជាកូនចៅជំនិតរបស់លោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ទាំងអស់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ប្រកាសចូលនិវត្តន៍នៅឆ្នាំ២០០៦ លោកបានផ្លាស់ទៅរស់នៅផ្ទះឯកជនមួយនៅក្រុងប៉ាកសេ (Pakse) ខេត្តចំប៉ាសាក់ (Champasak) ដោយដើរតួជាអ្នកដឹកនាំនៅពីក្រោយក្នុងការតែងតាំងលោក ជុំម៉ាលី សៃយ៉ាសន (Choummaly Sayasone) និងតែងតាំងលោក ប៊ុនញ៉ាំង វរឡាចីត (Bounnhang Vorachith) ឱ្យឡើងកាន់តំណែងជាប្រធានរដ្ឋឡាវជាបន្តបន្ទាប់។
សំខាន់ជាងនេះទៅទៀត នៅមុនពេលលោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន លាលែងពីតំណែងជាប្រធានរដ្ឋឡាវ លោកក៏បានផ្ចុងផ្តើមកូនប្រុសធម៌របស់លោកម្នាក់ ឈ្មោះ ប៊ូសន បុផាវ៉ាន់ (Buason Buphawan) ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០៦ ប៉ុន្តែបន្ទាប់ពីកាន់អំណាចបាន៤ឆ្នាំ ក៏លាលែងពីតំណែងវិញ ដោយសារមានបញ្ហាផ្ទៃក្នុងគ្រួសារ។

បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន មានកូនចំនួន៤នាក់ដែលកាន់តំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលរួមមាន៖
១-លោក សនសៃ ស៊ីផាន់ដន (Sonsai Siphandon) កូនប្រុសច្បងរបស់លោកដែលកាន់តំណែងជានាយករដ្ឋមន្ត្រីឡាវបច្ចុប្បន្ន ដែលជាក្តីសុបិនចុងក្រោយរបស់លោកដែលចង់ឃើញកូនប្រុសច្បងរបស់ខ្លួនរូបនេះ ក្លាយជានាយករដ្ឋមន្ត្រី។
២-លោកស្រី វៀងថង ស៊ីផាន់ដន (Viengthong Siphandon) កាន់តំណែងជាប្រធានតុលាការកំពូល។
៣-លោក អាតសាផាំងថង ស៊ីផាន់ដន (Adsaphanthong Siphandon) កាន់តំណែងជាចៅហ្វាយក្រុងវៀងចន្ទន៍បច្ចុប្បន្ន។
៤-លោក វៀងសាវ៉ាត់ ស៊ីផាន់ដន (Viengsawat Siphandon) កាន់តំណែងជាអភិបាលខេត្តហ្លួងណាំថា(Luang Namtha) ខេត្តដ៏ធំមួយជាប់ព្រំដែនប្រទេសចិន។
សេចក្តីរាយការណ៍របស់ NationWeekend បានបន្តថា នៅឆ្នាំ២០២១ ក្នុងមហាសន្និបាតលើកទី១១ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ត្រូវបានទទួលការទុកចិត្តពីមហាសន្និបាតឱ្យធ្វើជាអគ្គលេខាធិការមជ្ឈឹមបក្សសម្រាប់អាណត្តិទី២ និងបន្តកាន់តំណែងជាប្រធានរដ្ឋឡាវបច្ចុប្បន្ន។
ក្នុងមជ្ឈដ្ឋាននយោបាយឡាវទាំងអស់បានលើកឡើងស្រដៀងៗគ្នាថា មហាសន្និបាតគណបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១២ នៅឆ្នាំ២០២៦ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់នយោបាយឡាវ។
នៅពេលបងធំនៅភាគខាងត្បូងឡាវ ខាំតៃ ស៊ីផាន់ដន បានលាចាកលោកនៅជាមួយបងធំជំនាន់ដំបូងគេបង្អស់ ពោលគឺលោក កៃសុន ភូមិវិហាន (Kaisone Phomvihan) និងលោក នូហាក់ ភូមិសាវ៉ាន់ (Noohak Phoumsavan)។
សូមទាញការចាប់អារម្មណ៍ថា លោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវបច្ចុប្បន្ន គឺជាមេដឹកនាំឡាវដែលមានដើមកំណើតនៅភាគខាងជើង។ សំណួរសួរថា តើលោក ថងលូន នឹងប្រគល់តួនាទីអគ្គលេខាធិការបក្ស និងតំណែងប្រធានរដ្ឋទៅឱ្យនរណាជាអ្នកស្នងបន្ត? តើ លោក សនសៃ ស៊ីផាន់ដន នឹងនៅអាចរក្សាតំណែងនាយករដ្ឋមន្ត្រីដដែលបានដែរឬទេ នៅពេលដែលគ្មានស្រមោលឪពុករបស់ខ្លួននៅពីក្រោយឆាកនយោបាយយ៉ាងដូច្នេះ?៕
ដោយ ភ្នាក់ងារ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា