ព័ត៌មានអន្ដរជាតិ
ជនជាតិវៀតណាម ៣៩នាក់ធ្វើមាតុភូមិនិវត្តន៍ពីមីយ៉ាន់ម៉ា ដែលមានមណ្ឌលឆបោកច្រើន
អាជ្ញាធរវៀតណាមបានដឹកជនជាតិរបស់ខ្លួនចំនួន៣៩នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាពីបទរំលោភលើការធ្វើអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី១០ខែមេសានេះ។

ការធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាម ដោយមានការសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ បេសកកម្មការទូតរបស់វៀតណាមប្រចាំនៅមីយ៉ាន់ម៉ា និងថៃ ព្រមទាំងអាជ្ញាធរក្នុងស្រុករបស់មីយ៉ាន់ម៉ា និងថៃ ដែលពាក់ព័ន្ធ។
បុគ្គលទាំងនេះគឺជាក្រុមដំបូងក្នុងចំណោមក្រុមធំនៃជនជាតិវៀតណាមដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍ពី តំបន់ប្រជុំជន Myawaddy ប្រទេសមីយ៉ាន់ម៉ា។ ក្រសួងការបរទេសវៀតណាមក៏កំពុងធ្វើការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋដែលនៅសេសសល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រសួងការបរទេសវៀតណាមក៏បានជំរុញឱ្យពលរដ្ឋវៀតណាមប្រុងប្រយ័ត្នចំពោះការទៅធ្វើនៅបរទេសដែលសន្យាថា ការងារងាយស្រួលជាមួយប្រាក់ខែខ្ពស់ មិនទាមទារលក្ខណៈសម្បត្តិ កិច្ចសន្យា និងមិនមានបណ្តាញជ្រើសរើសផ្លូវការ។
ក្រសួងបានណែនាំដល់បុគ្គលទាំងឡាយឱ្យស្រាវជ្រាវឱ្យបានហ្មត់ចត់នូវព័ត៌មានលម្អិតអំពីការងារ ទីតាំង លិខិតសម្គាល់អ្នកជ្រើសរើស គោលនយោបាយធានារ៉ាប់រង និងអត្ថប្រយោជន៍ ព្រមទាំងពិគ្រោះជាមួយអាជ្ញាធរពាក់ព័ន្ធមុនពេលទទួលយកការងារនៅក្រៅប្រទេស ដើម្បីចៀសវាងការក្លាយជាជនចំណាកស្រុកខុសច្បាប់។

ចាប់តាំងពីខែមករាមកប្រតិបត្តិការសង្គ្រោះអ្នកធ្វើការនៅល្បែងអនឡាញបានជាច្រើនករណី។ ប្រទេសថៃ ចិន និងមីយ៉ាន់ម៉ាកំពុងធ្វើការរួមគ្នាដើម្បីបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Call-Center) នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។
អាជ្ញាធរថៃកំពុងត្រួតពិនិត្យការជម្លៀស និងដំណើរការជាច្រើន ដោយកម្មករត្រូវបានបញ្ជូនពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃជាក្រុមតូចៗ ហើយធ្វើមាតុភូមិនិវត្តន៍បន្តទៅកាន់ប្រទេសផ្សេងៗ ដែលក្នុងនោះមានជនជាតិចិនច្រើនជាងគេ។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សរហូតដល់១២ម៉ឺននាក់អាចកំពុងធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត( Call-Center) ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមឧក្រិដ្ឋជនបានទាញយកផលប្រយោជន៍ពីអស្ថិរភាពនិងសង្គ្រាមស៊ីវិលដែលកំពុងបន្តក្នុងប្រទេសមីយ៉ាន់ម៉ា។
អង្គការសហប្រជាជាតិ ក៏បានឲ្យដឹងថា មនុស្ស១០ម៉ឺននាក់ទៀតអាចនឹងជាប់ក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងករណីនេះ ខណៈរាប់ពាន់នាក់ទៀតនៅក្នុងកន្លែងស្រដៀងគ្នានេះនៅទូទាំងអាស៊ីអាគ្នេយ៍៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា