ព័ត៌មានអន្ដរជាតិ
[អត្ថបទវិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា គឺជាច្រកចេញរបបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និងការទទួលស្គាល់
អត្ថបទវិភាគស៊ីជម្រៅ របស់សារព័ត៌មាន naewna ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ជុំវិញការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ដែលនឹងបើកវាំងននបើកពន្លឺផ្តល់សង្ឃឹមរបស់របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលចម្រុះដោយសម្រុះសម្រួលជាមួយភាគីតស៊ូ ប៉ុន្តែអំណាចនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធា។

របបសឹកយោធាមីយ៉ាន់ម៉ាបានធ្វើសកម្មភាពនយោបាយធំៗចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ដោយប្រកាសប្តេជ្ញារៀបចំការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ហើយការបោះឆ្នោតដែលរបបសឹកយោធាគ្រោងនឹងធ្វើឡើងនេះខុសប្លែកពីការបោះឆ្នោតដែលធ្លាប់ធ្វើមុនៗ ដោយត្រូវបែងចែកជា៤ដំណាក់កាល ពោលគឺនៅសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែធ្នូ ឆ្នាំ២០២៥ និងនៅសប្តាហ៍ទី១ និងសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៦។
បើទោះបីជា មីយ៉ាន់ម៉ា បានជួបបញ្ហាគ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែតាមទស្សនៈរបស់អ្នកវិភាគនយោបាយនៅតែមានជំនឿថា ការបោះឆ្នោតរបស់មីយ៉ាន់ម៉ាលើកនេះនឹងមិនជាបញ្ហាអ្វីនោះទេ ដោយសារតែរបបសឹកយោធាមីយ៉ាន់ម៉ាមានការត្រៀមខ្លួនរួចជាស្រេច និងមានក្តីសង្ឃឹមលើការឈ្នះនយោបាយរួចទៅហើយ។
អ្នកវិភាគនយោបាយ លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat ប្រធានសមាគមសិក្សាថ្នាក់តំបន់និងជាសាស្ត្រាចារ្យមកពីមហាវិទ្យាល័យអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យធម្មសាស្ត្រក្នុងប្រទេសថៃ មានជំនឿថា បើទោះបីជាប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងគ្រោះរញ្ជួយដីដែលបានបង្កការខូចខាតដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ផែនការ ឬពេលវេលានៃការបោះឆ្នោតរបស់របបសឹកយោធាមីយ៉ាន់ម៉ានៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ឡើយ ដោយសារតែរបបសឹកយោធាចង់នាំមកនូវការផ្លាស់ប្តូរ នយោបាយដើម្បីទទួលបានការទទួលស្គាល់ពីអន្តរជាតិ និងកាត់បន្ថយសម្ពាធពីសហគមន៍អន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈការបោះឆ្នោតនោះ លោកជឿថា នឹងស្ថិតក្នុងលក្ខខណ្ឌមួយដែលយោធាមីយ៉ាន់ម៉ានៅតែអាចចាត់ចែងគ្រប់គ្រងបានដដែល ហើយអ្វីដែលរបបសឹកយោធាមីយ៉ាន់ម៉ាចង់ឱ្យកើតឡើងនោះគឺជាអ្វីដែលហៅថា៖ “លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ” បើទោះបីជាមានការប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើនចូលរួមក៏ដោយ ប៉ុន្តែនឹងមិនមានគណបក្សនយោបាយណាមួយដែលលេចធ្លោខ្លាំងរហូតអាចគ្រប់គ្រងអំណាចផ្តាច់មុខបានឡើយ ដែលអាចនិយាយបានថា វានឹងមិនដូចដែលធ្លាប់កើតឡើងចំពោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi)នាពេលកន្លងមកនោះទេ។
-ការបោះឆ្នោតមីយ៉ាន់ម៉ាអាចបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែមិនមែនបន្ធូរបន្ថយជម្លោះនោះទេ៖
លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat បានបន្តថា ការសិក្សានយោបាយដែលប្រៀបធៀបជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោកបានរកឃើញថា ការបោះឆ្នោតអាចជួយបន្ធូរបន្ថយភាពតានតឹង និងផ្តល់អត្ថប្រយោជន៍ដល់គណបក្សនយោបាយក្នុងករណីជាច្រើន។ ដូច្នេះការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅចុងឆ្នាំ២០២៥នេះ ក៏នឹងជួយបន្ធូរបន្ថយភាពតានតឹងដែលអូសបន្លាយចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ បានខ្លះ ប៉ុន្តែនោះមិនមានន័យថា ជម្លោះនឹងត្រូវបានដោះស្រាយទាំងស្រុងនោះទេ។
លោកបានពន្យល់ថា ប្រសិនបើយើងគិតលើមូលដ្ឋាននៃការបោះឆ្នោតនេះថា ជាការបិទល្បែង (Game) នយោបាយ ដែលអាចបញ្ចប់អ្វីៗបានទាំងអស់នោះ វាមិនអាចទៅរួចទេ ហើយការបោះឆ្នោតក៏មិនមែនជាកត្តាគ្រប់គ្រាន់ដែលជួយដោះស្រាយជម្លោះបានដែរ ពីព្រោះប្រសិនបើចង់បញ្ចប់ជម្លោះពិតមែននោះ គឺនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវធ្វើ ទាំងការអភិវឌ្ឍដំណើរការសន្តិភាព និងការដោះស្រាយមូលដ្ឋានបញ្ហានានា ដែលជាឫសគល់នៃបញ្ហាក្នុងប្រទេស។ ប៉ុន្តែការបោះឆ្នោតនេះអាចជាមូលហេតុនៃភាពតានតឹងពីជម្លោះដែលអូសបន្លាយ ហើយក៏នៅមិនទាន់មានអ្នកឈ្នះ-ចាញ់ច្បាស់លាស់ឡើយ ពោលគឺគ្រាន់តែអាចបន្ធូរបន្ថយភាពតានតឹងបានខ្លះប៉ុណ្ណោះ។
-ក្តីសង្ឃឹមរដ្ឋាភិបាលចម្រុះថា ការបោះឆ្នោតនេះនឹងធ្វើឱ្យបក្សប្រឆាំងចុះខ្សោយ៖
លោកសាស្ត្រាចារ្យបណ្ឌិត Dulyapak Preecharat បានបន្តថា អ្វីដែលមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ាព្យាករណ៍ពីការបោះឆ្នោតនេះ គឺរំពឹងថា គណបក្សប្រឆាំងនឹងត្រូវបែកខ្ញែកជាពីរ ពោលគឺនឹងមានក្រុមប្រឆាំងមួយចំនួននឹងផ្លាស់ប្តូរចិត្តទទួលស្គាល់ការបោះឆ្នោតនេះនិងមកឈរនៅខាងយោធា ហើយនឹងធ្វើឱ្យបក្សប្រឆាំងដែលនៅសេសសល់កាន់តែចុះខ្សោយ។
លោកថា របបសឹកយោធាចង់បានរដ្ឋាភិបាលចម្រុះ ប៉ុន្តែមិនមែនចម្រុះជាមួយបក្ស (NLD) នោះទេ ពោលគឺអាចចម្រុះជាមួយគណបក្សរួបរួមនិងការអភិវឌ្ឍន៍ (Union Solidarity and Development Party) របស់យោធាចម្រុះជាមួយគណបក្សរបស់ជនជាតិភាគតិច ហើយទទួលស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប៉ុន្តែយោធានៅតែគ្រប់គ្រងអំណាចដដែល។
ជាងនេះទៅទៀត លោកថា ប្រសិនបើបក្សប្រឆាំង គឺរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែលបានរួមកម្លាំងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនចង់រារាំងការបោះឆ្នោតនេះ ដោយសារពួកគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីជម្រះជាមួយរបបសឹកយោធាដើម្បីរក្សាអំណាចរបស់ខ្លួន ពេលនោះបក្សប្រឆាំងខ្លួនឯងត្រូវតែបង្កើនយុទ្ធសាស្ត្រក្នុងការដណ្តើមកាន់កាប់តំបន់ ឬក្រុងសំខាន់ៗបន្ថែមទៀត មុននឹងឈានដល់ការបោះឆ្នោតនៅដំណាច់ឆ្នាំនេះដើម្បីបង្កើតតំបន់រំដោះ និងកសាងទីក្រុងថ្មីដើម្បីធ្វើជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ខ្លួន (រដ្ឋាភិបាលបង្រួបបង្រួមជាតិ-NUG)។
លោកថា ត្រង់ចំណុចទាំងនេះនឹងបង្កើតឱ្យមានអំណាចក្នុងការគ្រប់គ្រងប្រទេសជាពីរប៉ូលដែលប្រកួតប្រជែងគ្នា ពោលគឺប៉ូលមួយស្ថិតនៅក្នុងទីក្រុង Naypyidaw ដែលជារបស់រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា និងប៉ូលមួយទៀតអាចនឹងស្ថិតនៅទីក្រុង Mandalay ឬក្រុង Magway ដែលភាគីប្រឆាំងដណ្តើមកាន់កាប់បាន និងកំណត់គោលការណ៍អនុវត្តគោលនយោបាយសាធារណៈប្រកួតប្រជែងជាមួយរដ្ឋាភិបាលរបបសឹកយោធា។
បើធ្វើដូច្នេះ វានឹងធ្វើឱ្យភាគីប្រឆាំងមានអំណាចក្នុងការបែងចែកដែនដីអធិបតេយ្យភាពរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាបាន ហើយនឹងធ្វើឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើង។ ប៉ុន្តែដែលភាគីប្រឆាំងធ្វើយ៉ាងដូច្នេះទៅបាននោះ គឺត្រូវតែមានសក្ដានុពល និងកម្លាំងខ្លាំងជាងពេលបច្ចុប្បន្នទើបអាចនៅឈរជើងបាន។
សំណួរសួរថា តើរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះបានជោគជ័យដែរឬទេ ព្រោះរបបសឹកយោធាគ្រប់គ្រងទឹកដីបានត្រឹមតែពាក់កណ្តាលនៃប្រទេសប៉ុណ្ណោះ?។
អ្នកវិភាគនយោបាយរូបនេះ បានបង្ហាញការយល់ឃើញថា ប្រសិនបើរាប់រយៈពេលពីនេះទៅ រហូតដល់ចុងឆ្នាំ២០២៥ ហើយបើគ្មានការលើកកម្ពស់យុទ្ធសាស្ត្រណាមួយពីភាគីប្រឆាំងទេនោះ នឹងមានលទ្ធភាពខ្ពស់ដែលភាគីយោធាអាចរៀបចំការបោះឆ្នោតបានជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពិនិត្យមើលពីយុទ្ធសាស្ត្រក្នុងការបោះឆ្នោតវិញ ត្រូវបានបែងចែកជា៤ដំណាក់កាល ពោលគឺនៅសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែធ្នូ ឆ្នាំ២០២៥ និងនៅសប្តាហ៍ទី១ និងសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៦។ លោកថា ការបែងចែកការបោះឆ្នោតបែបនេះ គឺជាអ្វីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនយោបាយរបស់មីយ៉ាន់ម៉ាឡើយ ហើយក៏គ្មានប្រទេសណាធ្វើបែបនេះដែរ ប៉ុន្តែផ្លូវច្បាប់ក៏គ្មានការហាមប្រាមដែរ។
ដូច្នេះ របបសឹកយោធាមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតនេះបានជោគជ័យ ឬមិនជោគជ័យ ដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះបាន ឬមិនបាននោះ គឺអាស្រ័យលើភាគីប្រឆាំង បង្កើនការប្រយុទ្ធឬមិនប្រយុទ្ធក្នុងយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួលដោយភ្នាក់ងារ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល