Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ទទួល​បាន ២០​ពាន់​លាន​ដុល្លារ​ពី​ការ​ជួយ​រុស្ស៊ី​ច្បាំង​នៅ​អ៊ុយក្រែន

បានផុស

នៅ

យោងតាមរបាយការណ៍របស់វិទ្យាស្ថាន Korea Institute for Defense Analyzes (KIDA) ប្រទេសកូរ៉េខាងជើង​រក​ចំណូល​បាន​​២០ពាន់លានដុល្លារ តាមរយៈការផ្តល់ជំនួយផ្នែកយោធាដល់​រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លោក វ៉្លាឌីមៀរ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី និង​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំហូរ​នៃ​ប្រាក់ចំណូល និង​ការ​ចូលរួម​ចំណែក​សំខាន់ៗ មាន​ដូច​ជា៖

  • ការផ្គត់ផ្គង់​អាវុធ៖ ប្រាក់ចំណូលភាគច្រើនរបស់កូរ៉េខាងជើង​ប្រហែល ១៩,២​ពាន់លានដុល្លារ បាន​មកពីការផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ី។ នៅចន្លោះខែសីហា​ឆ្នាំ​២០២៣ ដល់ខែមីនា​ឆ្នាំ​២០២៥ កូរ៉េខាងជើង​តាមសេចក្តីរាយការណ៍បានដឹកជញ្ជូន​អាវុធជាង ១៥ ៨០០​កុងតឺន័រ​ទៅ​ឲ្យ​​រុស្ស៊ី ដែល​មាន​ដូចជា កាំភ្លើងធំ គ្រាប់រ៉ុកកែត និង​មីស៊ីល​បាលិស្ទិក។
  • ការដាក់ពង្រាយទ័ព៖ កូរ៉េខាងជើង បានដាក់ពង្រាយ​ទាហានប្រហែល ១១ ០០០​នាក់ ដើម្បីគាំទ្រ​សង្គ្រាមរបស់រុស្ស៊ី ជាចម្បងនៅក្នុងតំបន់ Kursk។ ការ​ដាក់​ពង្រាយ​នេះ​បាន​បង្កើត​ប្រាក់​ចំណូល​ប្រមាណ ២៨០លាន​ដុល្លារ ​សម្រាប់​​ទីក្រុង​​ព្យុងយ៉ាង។
  • ការផ្ទេរបច្ចេកវិទ្យា៖ កូរ៉េខាងជើងក៏ទទួលបានអត្ថប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យាដែលមានតម្លៃប្រហែល ៦៣០​លានដុល្លារ​ផង​ដែរ។

សម្ព័ន្ធភាពយោធាកាន់តែស៊ីជម្រៅ​រវាង​ប្រជាជាតិ​ទាំង​ពីរ បាន​បង្កើនការព្រួយបារម្ភក្នុងតំបន់កាន់តែខ្លាំង ដោយ KIDA ព្រមានថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ​នេះ​អាចនាំ​ឲ្យ​ក្រុងមូស្គូ​ធ្វើអន្តរាគមន៍នៅឧបទ្វីបកូរ៉េក្នុងករណីមានវិបត្តិ។

KIDA បាន​លើក​ឡើង​ថា៖ «កិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-កូរ៉េខាងជើងបង្កើនឱកាសនៃប្រទេសរុស្ស៊ីក្នុងការឈានជើងចូលឧបទ្វីបកូរ៉េ ប្រសិនបើមានគ្រាអាសន្ន» ដោយជំរុញ​ឲ្យ​​សហគមន៍អន្តរជាតិអនុម័តវិធានការដើម្បីបំបែកសម្ព័ន្ធភាព​​ដ៏​ល្អូកល្អឺន​មួយ​នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់​បានពណ៌នាកូរ៉េខាងជើងថាជា «ដៃគូ» របស់​ក្រុង​មូស្គូ ដោយបញ្ជាក់ថា សន្ធិសញ្ញាការពារគ្នា​ទៅ​វិញ​ទៅ​មក​​ដែលបានចុះហត្ថលេខានៅឆ្នាំ​២០២៤ ឥឡូវនេះចូលជាធរមានហើយ។ លោក​ក៏​បាន​ស្នើ​ដែរ​ថា ទីក្រុង​ព្យុងយ៉ាង​អាច​ត្រូវ​បញ្ចូល​ក្នុង​​កិច្ច​​ចរចា​​នា​ពេល​អនាគត ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម