ព័ត៌មានអន្ដរជាតិ
ហេតុអ្វីមនុស្សក្មេងកាន់តែច្រើនឆ្លងកូវីដ-១៩ខុសពីលើកមុននៅប្រេស៊ីល?
វាត្រឹមតែ១០ថ្ងៃប៉ុណ្ណោះពីចាប់ផ្តើម និងដល់ទីបញ្ចប់។ នេះពីស្ត្រីឈ្មោះ Graciane da Silva អាយុ២៨ឆ្នាំដែលបានឆ្លង និងបានស្លាប់។
គាត់នៅតែម្នាក់ឯងនៅពេលស្លាប់ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Rio de Janeiro ដែលធ្វើឲ្យម្តាយរបស់គាត់ឈ្មោះ Maria da Penha da Silva Siqueira ទុក្ខសោកយ៉ាងខ្លាំង។ ម្តាយបាននិយាយថា ៖«មិនដែលគិតសោះថា កើតឡើងលឿនយ៉ាងនេះ។ វាលឿនពេក។ ជំងឺនេះមិនឲ្យបាននិយាយលាគ្នា សូម្បីឃើញមុខចុងក្រោយ»។
ស្ត្រី Da Silva ដែលបន្សល់ទុកកូនអាយុ៤ឆ្នាំ បានស្លាប់ដោយកូវីដ-១៩ កាលពីខែមិថុនា ឆ្នាំ មុន។ ការស្លាប់របស់គាត់អាចចាត់ទុកថា ចម្លែងជាងគេបន្តិច ដោយសារពេលនោះ នៅប្រេស៊ីលភាគច្រើនមនុស្សវ័យចំណាស់។
កំឡុងពេលការផ្ទុះលើកដំបូងនៅប្រទេសប្រេស៊ីល ភាគច្រើនមនុស្សចាស់ដែលឆ្លង និងស្លាប់ដោយកូវីដ-១៩។
ប៉ុន្តែចូលឆ្នាំថ្មី២០២១នេះ ប្រេស៊ីលបានចូលពេលវេលាអាក្រក់បំផុតនៃកូវីដ-១៩។ ចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មីបានបំបែកកំណត់ត្រាចាស់ស្ទើររាល់ថ្ងៃ។
លោកវេជ្ជបណ្ឌិតបានប្រាប់ CNN ថា អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ អ្នកឆ្លងភាគច្រើននៅក្មេងទំនងជាធ្ងន់ធ្ងរខ្លាំង និងស្លាប់ច្រើនដោយសារកូវីដ-១៩។
សំនួរលើកឡើងថា ហេតុអ្វីបានជាមនុស្សក្មេងឆ្លងកាន់តែច្រើន ហើយធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់? តើមកពីឥរិយាបថរបស់ពួកគេដែលបណ្តាលឲ្យឆ្លង?
ផ្នែកសង្គ្រោះបន្ទាន់ «ទទួលអ្នកជំងឺកូវីដ-១៩ក្មេងកាន់តែច្រើន»
ទូទាំងប្រទេសប្រេស៊ីល ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់បាននិយាយដូចគ្នាថា អ្នកឆ្លងមួយរយៈពេលចុងក្រោយនេះក្មេងច្រើនជាងមុនដែលមិនធ្លាប់មាន។
វេជ្ជបណ្ឌិត Pedro Archer អាយុ៣៣ឆ្នាំនៅផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីររដ្ឋនៅទីក្រុង Rio de Janeiro បាននិយាយថា ៖«យើងមានអ្នកឆ្លងដែលមានសុខភាពល្អអាយុចន្លោះពី៣០ឆ្នាំ ទៅ៥០ ហើយនេះជាប្រភេទអ្នកជំងឺភាគច្រើន។ នោះគឺភាគខុសគ្នាខ្លាំងក្នុងរលកចុងក្រោយបំផុត»។
ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ និងគិលានុប្បដ្ឋាកជាច្រើននៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសប្រេស៊ីលបាននិយាយដូចៗគ្នាថា គ្រែសង្គ្រោះបន្ទាន់ពេញដោយអ្នកជំងឺក្មេងដែលនេះមិនធ្លាប់មានពីមុន។
វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ Luan Matos de Menezes កាលពីខែមករា បាននិយាយនៅមន្ទីរពេទ្យរដ្ឋមួយនៅទីក្រុង Manaus ថា ៖«ចំនួននៃការឆ្លងធ្ងន់ធ្ងរខ្ពស់ខ្លាំងជាងកាលលើកទី១។ យើងអាចប្រាប់បានថា ស្ថានភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង»។
ក្រសួងសុខាភិបាលប្រេស៊ីបានផ្សាយពីស្ថិតិជាតិអំពីអាយុនៃជនរងគ្រោះដោយកូវីដ-១៩។ ផ្អែកតាមការវិភាគទិន្នន័យរបស់ AFP ពីក្រសួងរកឃើញថា ចំនួនមនុស្សអាយុ៣០ឆ្នាំទៅ៥៩ឆ្នាំមានប្រហែល២៧%ដែលបានស្លាប់ដោយកូវីដ-១៩ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ដែលកើនឡើង៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាមុនខែធ្នូ។
AFP ក៏រកឃើញពីចំណែកនៃតួលេខស្លាប់សម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងគឺបានធ្លាក់ចុះ៧%ក្នុងរយៈពេលដូចគ្នា។
មន្ត្រីសុខាភិបាលនៅក្នុងរដ្ឋ São Paulo ដែលជារដ្ឋមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសបាននិយាយដើមខែនេះថា សក្ខីកម្មខ្លីពីវេជ្ជបណ្ឌិតទូទាំងប្រទេសអំពីកម្រិតធ្ងន់ធ្ងរនៃករណីឆ្លងចំពោះមនុស្សក្មេងត្រូវបានគាំទ្រដោយទិន្នន័យរបស់ពួកគេ។
មន្ត្រីបាននិយាយថា ៦០%នៃអ្នកជំងឺក្មេងដោយកូវីដ-១៩ត្រូវនៅលើគ្រែសង្គ្រោះបន្ទាន់ ដែលតួលេខនេះខ្ពស់ជាងការផ្ទុះលើកមុន។
សម្រាប់វេជ្ជបណ្ឌិត ការមើលអ្នកជំងឺវ័យក្មេងស្លាប់ពិតជាវេទនាចិត្តខ្លាំងណាស់។
វេជ្ជបណ្ឌិត Maria Dolores da Silva អាយុ៤២ឆ្នាំនៅផ្នែកឱសងសង្គ្រោះបន្ទាន់នៅទីក្រុង São Paulo បាននិយាយថា ៖«ការស្លាប់នៅអាយុខ្ទង់៣០ឆ្នាំ ពិតជាឈឺចាប់ណាស់។ ពួកគេមានពេលវេលារស់នៅយូរអង្វែងទៀត ប៉ុន្តែកូវីដមកផ្តាច់ជីវិតរបស់ពួកគេ»។
តើអ្វីត្រូវបន្ទោសដែលបណ្តាលឲ្យឆ្លងកាន់តែច្រើន?
ការកើនឡើងនៃការឈឺ និងការស្លាប់ចំពោះមនុស្សក្មេងស្របពេលដែលកូវីដ-១៩បំប្លែងខ្លួនកើនឡើងហោចណាស់១នៅប្រេស៊ីល។
វីរុសបំប្លែង P.1 ដែលអ្នកវិទ្យាសាស្ត្រនិយាយថាប្រភពមកពីប្រទេសប្រេស៊ីលត្រូវបានគេយល់ស្របជាទូទៅថា ងាយស្រួលឆ្លងជាងមុនរហូតដល់ ២.២ដង។ នេះបើផ្អែកតាមការសិក្សាថ្មី។
យោងតាមការសិក្សាមួយកាលពីថ្ងៃទី៤ ខែមីនា ទៅលើរដ្ឋ៨នៅប្រេស៊ីលដោយវិទ្យាស្ថានស្រាវជ្រាវជាតិសាធារណៈ Fiocruz បង្ហាញថា ជាងពាក់កណ្តាលនៃករណីឆ្លងកូវីដ-១៩នៅក្នុងរដ្ឋចំនួន៦ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី ក្នុងនោះមាន P.1 និងវីរុសបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
ការបង្ហាញខ្លួនដំបូងកាលពីចុងឆ្នាំមុន វេជ្ជបណ្ឌិតជាច្រើនប៉ាន់ស្មាន វីរុស P1 ជាអ្វីដែលធ្វើឲ្យមានការប្រែប្រួលប្រជាសាស្ត្រក្នុងចំណោមអ្នកឈឺ។ ប៉ុន្តែវាឆាប់ពេកដែលដឹងពីអ្វីដែលវីរុសបំប្លែងនេះកំពុងរាតត្បាត។
វេជ្ជបណ្ឌិត Jesem Orellana អ្នកជំនាញជំងឺឆ្លងប្រេស៊ីល បាននិយាយថា ៖«វាអាចទៅរួចដែរ វីរុសបំប្លែងខ្លួនថ្មីទាំងនោះដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំង ប៉ុន្តែយើងមិនមានទិន្នន័យជាក់លាក់ដើម្បីបញ្ជាក់ទេ។ យ៉ាងណា អ្វីដែលយើងដឹងពី P.1 គឺឆ្លងលឿនខ្លាំង និងថា ជាផ្នែកដ៏ធំនៃរលកលើកទី២នេះ»។
អ្នកជំនាញក៏បង្ហាញពីការកើនឡើងដែរគឺបណ្តាលមកពីមានពិធីជប់លៀងក្នុងឱកាសឆ្លងឆ្នាំថ្មី និងពិធីបុណ្យ Carnival កាលពីដើមឆ្នាំ។ មនុស្សក្មេងបានចូលរួមពិធីជប់លៀងប្រហែលជាលាតត្រដាងកាន់តែច្បាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា