ព័ត៌មានអន្ដរជាតិ
តើប្រទេសណាខ្លះទទួលប្រយោជន៍និងរងផលប៉ះពាល់ពីការជាប់ឆ្នោតរបស់លោក Joe Biden?

បន្ទាប់ពីភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនថ្ងៃ នៅទីបំផុត លោក Joe Biden បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងពេល៤ឆ្នាំនៃការកាន់តំណែងរបស់លោក Donald Trump ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។
សារព័ត៌មាន BBC បានពន្យល់អំពីឥទ្ធិពលនៃជ័យជម្នះរបស់លោក Biden ទៅលើទំនាក់ទំនងសំខាន់ៗរបស់សហរដ្ឋអាមេរិក។
ចិន

ជ័យជម្នះរបស់លោក Biden បានចោទជាបញ្ហាប្រឈមមួយទៀតសម្រាប់ប្រព័ន្ធចិន។
អ្នកប្រហែលជាគិតថាទីក្រុងប៉េកាំងនឹងរីករាយដែលបានឃើញលោក Donald Trump បរាជ័យ។ ក្នុងនាមជាមេដឹកនាំប្រឆាំងចិន លោកបានវាយប្រហារពួកគេដោយសង្គ្រាមពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មជាច្រើននិងស្តីបន្ទោសពួកគេចំពោះការរាតត្បាតនៃជំងឺកូវីដ១៩។
ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា ថ្នាក់ដឹកនាំចិនពេលនេះអាចនឹងមានអារម្មណ៍ខកចិត្ត។ មិនមែនដោយសារតែពួកគេមានចំណូលចិត្តលើលោក Trump នោះទេប៉ុន្តែដោយសារតែ បើគាត់កាន់តំណែងរយៈពេលបួនឆ្នាំទៀត ចិននឹងទទួលបានរង្វាន់ធំ។ ការបែកបាក់គ្នាក្នុងប្រទេសនិងភាពឯកោនៅក្រៅប្រទេស គឺជាអ្វីដែលទីក្រុងប៉េកាំងចង់ឃើញ។
ជាការពិតប្រទេសចិនអាចព្យាយាមស្វែងរកអត្ថប្រយោជន៍ពីឆន្ទៈរបស់លោក Joe Biden ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាធំៗដូចជាបម្រែបម្រួលអាកាសធាតុជាដើម។ ប៉ុន្តែលោកក៏បានសន្យាថានឹងធ្វើការជួសជុលសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរដើម្បីរារាំងមហិច្ឆតាមហាអំណាចរបស់ចិន។
ឥណ្ឌា

ដើមកំណើតរបស់អនុប្រធាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris គឺជាប្រភពនៃមោទនភាពនៅក្នុងប្រទេសឥណ្ឌាប៉ុន្តែលោក Narendra Modi អាចទទួលបានការស្វាគមន៍ពីលោក Biden មិនសូវកក់ក្តៅដូចអ្នកកាន់តំណែងមុនទេ។
ឥណ្ឌាគឺជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកតាំងពីយូរយារណាស់មកហើយហើយទិសដៅរួមនៃការធ្វើដំណើរទំនងជាមិនផ្លាស់ប្តូរក្រោមការដឹកនាំរបស់លោក Biden ទេ។
ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីខាងត្បូងមួយនេះនឹងនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកដើម្បីកាត់បន្ថយការកើនឡើងនៃឥទ្ធិពលរបស់ចិននិងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពិភពលោក។
លោក Biden និយាយមិនសំចៃមាត់ទេ។ វេបសាយឃោសនាបោះឆ្នោតរបស់លោកបានអំពាវនាវឲ្យមានការស្តារសិទ្ធិសម្រាប់អ្នករាល់គ្នានៅតំបន់កាស្មៀរនិងបានរិះគន់ការចុះឈ្មោះជាតិរបស់ពលរដ្ឋ (NRC) និងច្បាប់ស្តីពីវិសោធនកម្មពលរដ្ឋ (CAA) ដែលជាច្បាប់ចំនួន២ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ។
កូរ៉េ

ប្រទេសកូរ៉េខាងជើងធ្លាប់បានហៅលោក Biden ថា “ឆ្កែឆ្កួត” ប៉ុន្តែពេលនេះលោកគីមជុងអ៊ុននឹងត្រូវធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នមុននឹងព្យាយាមបង្កហេតុដល់ប្រធានាធិបតីអាមេរិកថ្មីរូបនេះ។
វាទំនងជាថា លោកប្រធាន គីម ប្រហែលជាពេញចិត្តនឹងអាណត្តិបួនឆ្នាំទៀតរបស់លោក Donald Trump។
កិច្ចប្រជុំនិងរឿងរ៉ាវជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំទាំងពីរបានចារក្នុងប្រវត្តិសាស្រ្តប៉ុន្តែមានកិច្ចព្រមព្រៀងតិចតួចណាស់ដែលត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរមិនបានទទួលអ្វីដែលពួកគេចង់បានពីកិច្ចពិភាក្សាទាំងនេះទេ៖ កូរ៉េខាងជើងបានបន្តកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយសហរដ្ឋអាមេរិកបានបន្តអនុវត្តការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។
ផ្ទុយទៅវិញ លោក Joe Biden បានទាមទារឲ្យប្រទេសកូរ៉េខាងជើងបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនមុនពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំណាមួយជាមួយលោកគីមជុងអ៊ុន។ អ្នកវិភាគជាច្រើនជឿជាក់ថា ប្រសិនបើក្រុមរបស់លោក Biden មិនចាប់ផ្តើមជជែកជាមួយក្រុងព្យុងយ៉ាងឆាប់ៗទេនោះ ថ្ងៃនៃ “ភ្លើងនិងកំហឹង” អាចនឹងវិលត្រឡប់មកវិញ។
ប្រទេសកូរ៉េខាងត្បូងបានព្រមានរួចទៅហើយថា កូរ៉េខាងជើងមិនត្រូវដើរតាមផ្លូវបង្កហេតុឡើយ។ ទីក្រុងសេអ៊ូលប្រហែលជាមានការលំបាកក្នុងការដោះស្រាយជាមួយលោក Donald Trump ប៉ុន្តែលោកប្រធានាធិបតី Moon មានឆន្ទៈក្នុងការបញ្ចប់សង្គ្រាមរយៈពេល៧០ឆ្នាំនៅឧបទ្វីបកូរ៉េហើយលោកបានកោតសរសើរលោក Trump ដែលមាន “ភាពក្លាហាន” ក្នុងការជួបជាមួយលោកគីម។ កូរ៉េខាងត្បូងនឹងតាមដានយ៉ាងដិតដល់ចំពោះសញ្ញាណាមួយដែលបង្ហាញថា លោក Biden មានឆន្ទៈធ្វើដូចគ្នា។
រុស្ស៊ី

កាលពីឆ្នាំ២០១១ លោកអនុប្រធានាធិបតី Biden បាននិយាយថា ប្រសិនបើគាត់ជាលោក Putin គាត់នឹងមិនឈរឈ្មោះជាប្រធានាធិបតីម្តងទៀតទេ វានឹងអាក្រក់សម្រាប់ប្រទេសនិងខ្លួនគាត់។ លោកប្រធានាធិបតី Putin នឹងមិនភ្លេចរឿងនោះឡើយ។
ដោយសារតែមេដឹកនាំទាំងពីរមិនត្រូវគ្នានោះ ទីក្រុងមូស្គូបារម្ភថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Biden មានន័យថា នឹងមានសម្ពាធនិងការដាក់ទណ្ឌកម្មកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន។ ជាមួយនឹងអ្នកប្រជាធិបតេយ្យក្នុងសេតវិមាន តើវាអាចជាពេលវេលាដើម្បីសងសឹកសម្រាប់អន្តរាគមន៍របស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ដូចការចោទប្រកាន់ដែរឬទេ?
សារព័ត៌មានរុស្ស៊ីមួយថ្មីៗនេះបានអះអាងថា ក្រោមការដឹកនាំរបស់លោក Trump ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានធ្លាក់ចុះដល់បាតសមុទ្រ។ ប៉ុន្តែវាបានប្រដូចលោក Biden ទៅនឹង “អ្នកបូមខ្សាច់” ដែលនឹងជីកកាន់តែជ្រៅជាងនេះទៀត។
អ្នកអត្ថាធិប្បាយជនជាតិរុស្ស៊ីបានព្យាករណ៍ថា រដ្ឋបាលលោក Biden នឹងអាចស្រួលព្យាករណ៍ ជាងក្រុមលោក Trump។ នោះអាចធ្វើឲ្យមានភាពងាយស្រួលក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗនានាដូចជា New Start ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរដ៏សំខាន់រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលនឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។
ទីក្រុងមូស្គូចង់បន្តដំណើរពីយុគសម័យលោក Trump ហើយព្យាយាមកសាងទំនាក់ទំនងការងារជាមួយសេតវិមានថ្មីប៉ុន្តែមិនមានការធានាពីជោគជ័យទេ។
អ៊ីរ៉ង់

ជ័យជម្នះរបស់លោក Biden អាចនាំទីក្រុងតេអេរ៉ង់វិលត្រលប់មកតុចរចាវិញ។
ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី Trump បាននិយាយដោយសុទិដ្ឋិនិយមថា នៅពេលលោកជាប់ឆ្នោតជាថ្មី ទូរស័ព្ទដំបូងបង្អស់ដែលលោកបានទទួលគឺមកពីមេដឹកនាំអ៊ីរ៉ង់ដែលស្នើសុំចរចា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ឈ្នះមែន ការហៅទូរស័ព្ទទៅលោក Trump នឹងមិនកើតឡើងទេ។ ការចរចាជាមួយរដ្ឋបាលលោក Trump នឹងមិនអាចទៅរួចសម្រាប់អ៊ីរ៉ង់ឡើយ វាគួរឲ្យអាម៉ាស់ណាស់។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយនៃសម្ពាធអតិបរិមាបានធ្វើឲ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកការដួលរលំនៃសេដ្ឋកិច្ច។ លោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ អាក្រក់ជាងនេះទៅទៀត គាត់បានបញ្ជាឲ្យសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani ដែលជាមិត្តជិតស្និទ្ធរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ ការសងសឹកចំពោះការសម្លាប់របស់គាត់នៅតែស្ថិតក្នុងរបៀបវារៈកំពូលសម្រាប់ក្រុមអ្នកកាន់សាសនាឥស្លាម។
ការជាប់ឆ្នោតរបស់លោក Joe Biden ធ្វើឲ្យការចរចាជាមួយរដ្ឋបាលអាមេរិកកាន់តែមានភាពងាយស្រួលសម្រាប់អ៊ីរ៉ង់។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះខុសពីលោក Trump។ គាត់បាននិយាយថា គាត់ចង់ប្រើផ្នែកការទូតនិងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់វិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង