ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស
ការចាក់វ៉ាក់សាំងពីរដូសរបស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ជួយបន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ចំពោះបុគ្គលិកថែទាំសុខភាព និងក្រុមហានិភ័យជួរមុខផ្សេងទៀតរហូតដល់ ៩០ ភាគរយ ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ។

យោងតាមទិន្នន័យបានបង្ហាញថា ក្នុងចំណោមបុគ្គលិកថែទាំសុខភាព ក្រុមហានិភ័យជួរមុខ និងបុគ្គលិកសំខាន់ដទៃទៀតដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរនេះដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នានេះ ហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ត្រូវបានកាត់បន្ថយ ៩០ ភាគរយ ក្រោយចាក់វ៉ាក់សាំងពេញលេញចំនួន ២ ដូស បានរយៈពេល ២ សប្ដាហ៍ ឬច្រើនសប្ដាហ៍ជាងនេះ ។
លោកស្រីវេជ្ជបណ្ឌិត Rochelle P. Walensky នាយក CDC បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វ៉ាក់សាំងទាំងពីរនេះបានផ្តល់ការការពារយ៉ាងពិតប្រាកដប្រឆាំងនឹងការឆ្លងជំងឺកូវីដ ១៩ ដល់បុគ្គលិកសុខាភិបាល ក្រុមហានិភ័យជួរមុខ និងបុគ្គលិកសំខាន់ដទៃទៀតរបស់យើង” ។

ការវិភាគនេះបានវាយតម្លៃពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer-BioNTech និង Moderna ក្នុងការការពារការឆ្លងក្នុងចំណោមបុគ្គលិកព្យាបាល ប៉ូលិស បុគ្គលិកអគ្គិភ័យ និងបុគ្គលិកសេវាកម្មប្រៃសណីយ៍អន្តរជាតិ (EMS) ចំនួន ៣,៩៥០ នាក់ និងបុគ្គលិកជួរមុខផ្សេងទៀតនៅក្នុងរដ្ឋចំនួន ៦ ក្នុងរយៈពេល ១៣ សប្តាហ៍ចាប់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ ។
បើយោងតាម CDC បានឲ្យដឹងថា ក្នុងចំនោមអ្នកចូលរួមការសិក្សាមាន ៦៣ ភាគរយបានទទួលការចាក់វ៉ាក់សាំងពីរដូសនៃវ៉ាក់សាំងទាំងពីរ ខណៈ ១២ ភាគរយផ្សេងទៀតទទួលបានតែមួយដូសប៉ុណ្ណោះ ។

CDC បាននិយាយថា ដោយសារវាត្រូវចំណាយពេលប្រហែល ២ សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងនីមួយៗសម្រាប់រាងកាយដើម្បីផលិតអង្គបដិបក្ខ ឬអង់ទីគ័រដែលការពារប្រឆាំងនឹងការឆ្លង មនុស្សត្រូវបន្តអនុវត្តវិធានការការពារខ្លួនរយៈពេល ២ សប្ដាហ៍ បន្ទាប់ពីចាក់ដូសដំបូង និងពេញ ២ សប្ដាហ៍ទៀតក្រោយចាក់ដូសទី ២ ។

ទន្ទឹមនោះលទ្ធផលបង្ហាញទៀតថា អ្នកចូលរួមចាក់វ៉ាក់សាំងពេញ ២ ដូសចំនួន ៣ នាក់ក្នុងចំណោមអ្នកចូលរួមចំនួន ២,៤៧៩ នាក់ និងអ្នកចូលរួមចាក់វ៉ាក់សាំងដូសដំបូងចំនួន ៨ នាក់ក្នុងចំណោម ៤៧៧ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បន្ទាប់ពីការចាក់ថ្នាំបង្ការរោគ ហើយវាជាចំនួនឆ្លងតិចបំផុត ខណៈអ្នកចូលរួម ១៦១ នាក់ក្នុងចំណោម ៩៨៩ នាក់ដែលមិនបានទទួលការចាក់វ៉ាក់សាំងបានឆ្លងមេរោគ ។
បន្ថែមពីនេះការស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងទាំងពីរនេះកាត់បន្ថយហានិភ័យនៃការឆ្លងទាំងករណីមិនចេញរោគសញ្ញាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ អាមេរិក រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីជាង ១ ម៉ឺនករណី និងព្រមានពីជំងឺថ្មីផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ