​ប្រធានាធិបតីអាមេរិក ៤រូបចុងក្រោយ Donald Trump ជាប្រធានាធិបតី​ម្នាក់​គត់ កាន់​អំណាច​បាន​ត្រឹម ៤ឆ្នាំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រធានាធិបតីអាមេរិក ៤រូបចុងក្រោយ Donald Trump ជាប្រធានាធិបតី​ម្នាក់​គត់ កាន់​អំណាច​បាន​ត្រឹម ៤ឆ្នាំ

Published

on

បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​នៅ​អាមេរិក អាណត្តិ​នេះហាក់​មាន​ភាព​តាន​តឹង​ និង​អូស​បន្លាយ​ពេល​ជាច្រើន​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ គឺ​បង្ហាញ​ថា បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ ជា​អ្នក​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដីក្នុង​បណ្តា​រដ្ឋ​ភាគ​ច្រើន​នៅ​អាមេរិក ខណៈ​ប្រធានាធិបតីអាមេរិក Donald Trump នៅ​តែ​ចាញ់​ដោយ​មក​អស់​ចិត្ត។

ទោះ​ជា​លោក Donald Trump នៅ​តែ​មិន​អស់​ចិត្ត និង​ប្តឹងផ្តល់ទាម​ទារ​រាប់​សន្លឹក​ឆ្នោតតាម​បណ្តា​រដ្ឋសំខាន់ៗ​មួយ​ចំនួន​ដូច​ជា Georgia, Pennsylvania, Wisconsin ក៏ដូច​ជារដ្ឋ Nevada ក្តី ប៉ុន្តែលទ្ធផល​នៅ​ពេល​នេះ បញ្ជាក់​ច្បាស់​ថាលោក Donald Trump គឺ​ជាអ្នក​ចាញ់​ទាំង​ស្រុង ខណៈ​អនាគត​ប្រធានាធិបតី​ទី ៤៦របស់​អាមេរិក គឺ​ជា​លោក Joe Biden។

ជាមួយ​លទ្ធផល​បោះ​ឆ្នោត​នេះ​ដែរ ក្រៅ​ពី​ចាញ់​ស្ពឹក​មុខជាមួយ​ការ​គាំទ្រ​របស់​ពលរដ្ឋ​អាមេរិក លោក Trump ក៏​បាន​ជាប់​ឈ្មោះ​ថ្មី​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ជិត៣ទស្សវត្សរ៍ឆ្នាំ​ចុងក្រោយ ជាប្រធានាធិបតី​កាន់​អំណាច​បាន​ត្រឹម​ ៤ឆ្នាំ ប៉ុណ្ណោះ ខណៈ​ប្រធានាធិបតី​មុនៗ សុទ្ធ​តែ​ជាប់ឆ្នោត ៨ឆ្នាំ។

ចាប់តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតីអាមេរិក ឆ្នាំ១៩៩២មក លោក Bill Clinton ជាប្រធានាធិបតី​អាមេរិក​ មក​ពី​បក្ស​ប្រជាធិបតេយ្យ និងលេច​ធ្លោរ​ខ្លាំង ដោយ​​កាន់​កាប់​អំណាចបាន ៨ឆ្នាំ (១៩៩៣-២០០១) បន្ទាប់​មក​ពី​លោក George W Bush មក​ពី​បក្ស​សាធារណ​រដ្ឋ កាន់​អំណាច ៨ឆ្នាំ (២០០១-២០០៩) ខណៈ​ក្រោយ​មក​ទៀត គឺ​លោក Barack Obama ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​បង្អស់ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក កាន់​អំណាច ៨ឆ្នាំ (២០០៩-២០១៧) ដែល​ក្រោមយមកពី​លោក Donald Trump យក​ឈ្នះ​បេក្ខ​ភាព​មក​ពី​បក្ស​ប្រជាធិបតេយ្យ គឺលោក ស្រី Hillary Clinton ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​លើកទី ៥៨ ធ្វើ​ឡើងចុង​ឆ្នាំ ២០១៦ ប៉ុន្តែ​បែរ​ជា​គ្រប់​គ្រង​អំណាច​ត្រឹម​ ៤​ឆ្នាំ​ប៉ុណ្ណោះ៕

ដោយ៖ សុភា
ប្រភព៖ List of US Presidents

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម