Connect with us

សុខភាព

១២ សំណួរ UNICEF ឆ្លើយពាក់ព័ន្ធនឹងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

១.  តើវ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាព​ដែរឬទេ?

ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល – មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ជាធម្មតា ​ត្រូវ​ឆ្លងកាត់​បីដំណាក់កាលសិន។ នៅរាល់​ដំណាក់កាលទាំងអស់សុទ្ធតែមានការ​វាយតម្លៃលើសុវត្ថិភាព។ ​ដំណាក់កាលទី III ដែលជាដំណាក់កាលចុងក្រោយ ​ ជាធម្មតា ​ធ្វើឡើងជាមួយនឹង​មនុស្ស​ជា​ច្រើននាក់​ ពោលគឺរាប់ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​កម្ពុជា មានអាជ្ញាធរ​និយ័តកម្ម​នៅថ្នាក់ជាតិ​មួយ​សម្រាប់គ្រប់គ្រងការងារនេះ ស្ថិត​នៅក្រោមក្រសួង​សុខាភិបាល។ ក្រសួង​សុខាភិបាលចេញ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង​មួយចំនួន ក្រោយពី​បានវាយតម្លៃលើ​ទិន្នន័យ​អំពី​សុវត្ថិភាពនិង​ប្រសិទ្ធភាព​របស់វ៉ាក់សាំងទាំងនោះ ព្រមទាំង​ទិន្នន័យដែលបាន​ពីអាជ្ញាធរ​និយ័តកម្មដទៃទៀត ឬក្រោយ​ពេលដែល​វ៉ាក់សាំង​ណាមួយ​បានទទួល​ការអនុញ្ញាត​ឱ្យប្រើប្រាស់​បន្ទាន់​ (EUL) ពីអង្គការសុខភាពពិភព​លោក។

ក្រោយពេល​ដាក់ឱ្យប្រើប្រាស់​ នឹង​មានការ​បន្តតាមដាន​វ៉ាក់សាំង ដើម្បីធានាថា​ វ៉ាក់សាំង​ទាំងនេះ​ពិត​ជា​មាន​សុវត្ថិភាព​ពេញលេញ សម្រាប់​អ្នកដែលបានចាក់វ៉ាក់សាំង​ទាំងនេះ​រួច។  

២.  តើវ៉ាក់សាំងទាំងនេះ​ការពារ​អ្នកពី​ជំងឺកូវីដដែរឬទេ?

វ៉ាក់សាំង​ដែលដាក់​ឱ្យ​ប្រើប្រាស់ទាំងអស់ សុទ្ធតែ​បានបង្ហាញពីប្រសិទ្ធភាពក្នុងការ​កាត់បន្ថយ​ការឆ្លងជំងឺ​កូវីដ។ ពុំមានវ៉ាក់សាំង​ណាអាច​ផ្ដល់​ផ្ដល់ការការពារ​បាន ១០០% បាននោះឡើយ។ ដូច្នេះ​ វិធានការ​ដទៃទៀត ដូចជា ការ​លាង​សម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាត​សុវត្ថិភាព ត្រូវតែបន្តអនុវត្ត។

៣. តើខ្ញុំអាចកើត​ជំងឺកូវីដ១៩ ពីការចាក់វ៉ាក់​សាំងនេះដែរឬទេ?

ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុង​ដាក់​ឱ្យប្រើប្រាស់នាពេល​បច្ចុប្បន្ន ឬទំនងជាយកមកប្រើប្រាស់នាពេលអនាគតយក​មានផ្ទុក​វីរុស​រស់​ ដែល​បង្ក​ឱ្យមាន​ជំងឺកូវីដ-១៩ នោះឡើយ។ នេះមានន័យថា វ៉ាក់សាំង​កូវីដ-១៩ មិនអាចធ្វើ​ឱ្យអ្នក​កើត​ជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងករណី​ដែលកម្រកើតមាន​មួយចំនួន អ្នកនៅតែ​អាច​ឆ្លងជំងឺកូវីដ-១៩ ក្រោយពេលចាក់វ៉ាក់សាំង​រួច ហេតុនេះហើយទើបអ្នកត្រូវ​បន្ត​ប្រុង​ប្រយ័ត្នរហូត​ដល់​មានការ​ជូនដំណឹង​ផ្សេងពីនេះ។

ដូចគ្នានឹង​ការ​ចាក់វ៉ាក់សាំង​ទាំងអស់ផងដែរ អាចមានផលរំខានកើតឡើង​ ក្រោយពេលចាក់វ៉ាក់សាំង​រួច ប៉ុន្តែ​ជាធម្មតា​ ផលរំខានទាំងនេះ​មាន​កម្រិតតិចតួចតែប៉ុណ្ណោះ ដូចជា ឈឺដើមដៃ ឬ​ក្កៅខ្លួនតិចតួចជាដើម ហើយជាធម្មតា វានឹងបាត់ទៅវិញ​ តែ​នៅក្នុង​រយៈពេលពីរបីថ្ងៃ។ អាចមានផលរំខានធ្ងន់ធ្ងរជាងនេះ ប៉ុន្តែកម្រកើតមានបំផុត។

៤.  ថាតើការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើ​ឱ្យខ្ញុំមានសុវត្ថិភាព​ដែរឬទេ ប្រសិនបើខ្ញុំ​មាន​​ជំងឺប្រចាំកាយ?

ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ជា​ពិសេស​សម្រាប់អ្នកដែលមាន​ជំងឺប្រចាំកាយ ដែលធ្វើ​ឱ្យពួកគេកាន់តែប្រឈម​នឹង​ការធ្លាក់ខ្លួន​ឈឺ ដោយសារជំងឺកូវីដ-១៩។

ប៉ុន្តែ ​ប្រសិនបើ​អ្នក​មានជំងឺប្រចាំកាយ អ្នកគួរពិគ្រោះយោបល់ជាមួយនឹង​អ្នកផ្ដល់សេវា​សុខាភិបាល ដើម្បី​ពិភាក្សា​ថាតើ​វ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់អ្នកដែរឬទេ។

នៅក្នុងករណីដែលកម្រកើតមាន អាចមានអាលែហ្សីកើតឡើង ក្រោយចាក់វ៉ាក់សាំង​រួច។ ក្នុង​ចំណោម​​ការ​ចាក់វ៉ាក់សាំង​មួយលានដូស ប្រតិកម្មអាឡាក់​ស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​ដល់អាយុជីវិត ត្រូវ​បានសង្កេតឃើញថា បានកើតតែប្រហែល​ជាមួយករណីប៉ុណ្ណោះ។

ប្រសិនបើកន្លងមក អ្នក​មានប្រតិកម្មជាអាឡ័កហ្សីជាមួយនឹង​វ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូម​ពិភាក្សា​បញ្ហាទាំងនេះ​ជាមួយនឹងអ្នកផ្ដល់សេវា​ថែទាំសុខភាព មុនពេល​ចាក់វ៉ាក់សាំង។

៥. តើខ្ញុំអាចវិល​ត្រឡប់ទៅរកជីវិត​ដូចធម្មតាវិញបានដែរឬទេ ក្រោយ​ពេល​ចាក់វ៉ាក់សាំងរួច?

ដរាបណាជំងឺកូវីដ-១៩ នៅតែជា​ការរាតត្បាតជាសកល​ អ្នកគួរ​បន្ត​អនុវត្ត​វិធានការការពារ​ ដូចជា ពាក់ម៉ាស់​ដើម្បី​គ្របមាត់និងច្រមុះរបស់អ្នក លាងសម្អាតដៃរបស់​អ្នក​ឱ្យបានទៀងទាត់ និងរក្សាគម្លាតយ៉ាង​ហោចណាស់ ១,៥ ម៉ែត្រពីមនុស្សដទៃទៀត។ អ្វីដែលសំខាន់ផងដែរ គឺត្រូវ​ចៀសវាង​ទៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងមិនសូវ​មាន​ខ្យល់អាកាសចេញចូល។ ការ​អនុវត្ត​តាមវិធានការទាំងនេះ នឹង​ជួយ​កាត់បន្ថយលទ្ធភាព​ចម្លង​វីរុស នេះទៅកាន់មនុស្សដទៃទៀត។

ជំងឺកូវីដ-១៩ ធ្វើ​ឱ្យអ្វីៗជាច្រើនមានការ​ផ្លាស់ប្ដូរ​ រួមទាំង​ ការរស់នៅ​ “បែប​ធម្មតា” ផងដែរ ដរាប​ណា​ការរាតត្បាត​ជាសកល​នេះ​នៅតែ​បន្ត​កើតមានឡើង យើងត្រូវ​សម្របខ្លួនទៅតាម​ “គន្លងថ្មី” សូម្បីតែក្រោយចាក់វ៉ាក់សាំង​រួច។

៦.  តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំមិនចង់​ចាក់វ៉ាក់សាំង?

ពុំមាននរណាម្នាក់នឹង​ត្រូវ​បានគេ​បង្ខំ​ឱ្យចាក់វ៉ាក់សាំងឡើយ។ ការ​ចាក់វ៉ាក់សាំង​ធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែ គួបផ្សំ​នឹង​វិធានការ​ដទៃទៀត ​វ៉ាក់​សាំង​គឺជា​ឧបករណ៍មួយដ៏សំខាន់ ​ ដើម្បីការពារ​ខ្លួនយើង គ្រួសាររបស់យើង សហគមន៍របស់យើងពីជំងឺកូវីដ-១៩ និង​ជួយសង្គ្រោះអាយុជីវិត។ ចុងក្រោយ ការចាក់វ៉ាក់សាំងផ្ដល់​នូវសុវត្ថិភាពខ្ពស់​ជាងការ​ឆ្លង​ជំងឺនេះ។

៧. តើខ្ញុំនឹង​ទទួលបាន​វ៉ាក់សាំង​ប្រភេទណា?

ប្រភេទ​វ៉ាក់សាំង​ដែលមានសម្រាប់អ្នក គឺអាស្រ័យទៅតាម​ការផ្គត់ផ្គង់វ៉ាក់សាំង និងកត្តា​ដទៃទៀត ប៉ុន្តែ​វ៉ាក់សាំង​ទាំងអស់ ដែលផ្ដល់​ជូន សុទ្ធ​តែ​បំពេញ​ទៅតាមស្ដង់ដារ​សុវត្ថិភាពខ្ពស់។ បើតាមព័ត៌មានដែលយើងមាន វ៉ាក់សាំង​ភាគច្រើន​ត្រូវការ​ចាក់​ ២ ដូស។ អ្នកគួរទៅទទួលវ៉ាក់​សាំង​ប្រភេទតែមួយ​ទាំង ២ ​ដូស។

៨. តើខ្ញុំត្រូវធ្វើអ្វី ប្រសិនបើ​ក្រោយ​ពេលចាក់វ៉ាក់សាំងរួច ខ្ញុំមិនស្រួលខ្លួន?

ដូចវ៉ាក់សាំង​ផ្សេងទៀតផងដែរ វ៉ាក់សាំងកូវីដ-១៩ នាំ​ឱ្យមានប្រតិកម្មតិចតួច ដូចជា ឡើងកន្តួល​ក្រហម ឡើង​ហើម ឬ​ឈឺនៅត្រង់​កន្លែង​ចាក់វ៉ាក់សាំង។ ផលរំខាន​ដែល​តែងកើតឡើងផ្សេងទៀត មានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺដៃជើងនៅក្នុងរយៈពេល​ពីរបីថ្ងៃដំបូង ក្រោយចាក់វ៉ាក់សាំង​រួច។ ផលរំខាន​ធ្ងន់ធ្ងរ​ពីការ​ចាក់វ៉ាក់សាំងអាចកើតឡើង​ផងដែរ ប៉ុន្តែកម្រមានណាស់។ ប្រសិនបើអ្នកមានការព្រួយបារម្ភនៅពេលណាមួយនោះ សូម​ទាក់ទងទៅកាន់អ្នកផ្ដល់សេវា​សុខភាព។

ចំណុច​សំខាន់នៅមុនពេលដែលអ្នកទៅចាក់វ៉ាក់សាំង អ្នកត្រូវ​ប្រាប់​ទៅ​បុគ្គលិកសុខាភិបាល​ឱ្យបាន​ដឹង​ពីស្ថានភាពសុខភាព ឬ​បញ្ហាអាឡ័កហ្សីដែលអ្នកមាន។

អ្នកដែលទៅ​ចាក់វ៉ាក់សាំងនឹង​ត្រូវ​ស្នើ​ឱ្យ​បន្ត​នៅក្នុង​មូលដ្ឋានសុខាភិបាលរយៈពេល ៣០ នាទី ក្រោយ​ចាក់វ៉ាក់សាំង​រួច ដើម្បី​តាមដានរកផលរំខាននានា។ ប្រតិកម្មធ្ងន់ធ្ងរ​ភាគច្រើន​ពីការចាក់វ៉ាក់សាំង ជាធម្មតា ​កើតឡើង ​នៅក្នុងអំឡុងពេលនេះ បើទោះជា​ផលរំខាន​ទាំងនេះ​កម្រ​កើតមាន​ក៏ដោយ។ បុគ្គលិកសុខាភិបាល​បានទទួល​ការបណ្ដុះបណ្ដាលអំពីរបៀប​គ្រប់គ្រង​ស្ថានការណ៍​ សម្រាប់ករណី​ដែលកម្រកើតមានទាំងនេះ។

វ៉ាក់សាំង​​សុទ្ធតែ​ឆ្លងកាត់​ការ​សាកល្បងគ្លីនិកយ៉ាងហ្មត់ចត់ ហើយត្រូវ​បានអនុម័ត​ឱ្យប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋទូទៅ ក្រោយពេលដែល​មានការ​ធ្វើតេស្ត​យ៉ាងល្អិតល្អន់លើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា និង​ក្រោយពេលដែលមានការ​បញ្ជាក់​ថា អត្ថប្រយោជន៍ដែលបានពីវ៉ាក់សាំង​ មាន​ច្រើនឆ្ងាយជាងហានិភ័យ​តែប៉ុណ្ណោះ។

ប្រតិកម្មធ្ងន់ធ្ងរ​ដោយសា​រវ៉ាក់សាំង កម្រនឹងកើតមានណាស់។ រដ្ឋាភិបាល​បាន​ដាក់​ឱ្យអនុវត្ត​នូវ​ប្រព័ន្ធពិនិត្យតាមដានអំពីបញ្ហាសុខភាព​ដែលអាចកើតឡើង​ដោយ​គេពុំ​បានរំពឹង​ទុក​ជាមុន ក្រោយពេលនរណាម្នាក់​បានទទួល​វ៉ាក់សាំងរួច ដែលអាចកើតឡើងដោយសារវ៉ាក់សាំង ឬ​ដោយសារបញ្ហាផ្សេងក្រៅពី​វ៉ាក់សាំង។

៩.  ខ្ញុំឃើញព័ត៌មានផ្សាយថា មនុស្ស​នៅតែអាច​ឆ្លង​ជំងឺនេះ ក្រោយ​ពេល​ចាក់វ៉ាក់សាំងរួច ឬថែមទាំង​អាចបាត់បង់ជីវិតទៀត ដូច្នេះ​ ហេតុអ្វីបានជា​ខ្ញុំគួរ​ប្រថុយទៅចាក់វ៉ាក់សាំង?

ក្រោយពេលចាក់វ៉ាក់សាំងរួច វាត្រូវ​ការ​ពេលមួយរយៈ ដើម្បីឱ្យ​សារពាង្គកាយរបស់យើង​ផលិតអង់ទីគ័រប្រយុទ្ធជាមួយនឹង​វីរុសនេះ និងការ​ពារ​អ្នកដែលចាក់វ៉ាក់សាំង​រួចមិន​ឱ្យឆ្លងជំងឺ។ វ៉ាក់សាំង​អាច​ពុំបានផ្ដល់ការការពារ​ភ្លាមៗនោះឡើយ ដូច្នេះ​អាចមានលទ្ធភាព​ដែល​បុគ្គលនេះអាចឆ្លងជំងឺ ក្រោយពេលចាក់វ៉ាក់សាំង​រួច។

នេះគឺជា​មូលហេតុមួយដែលគេគួរបន្ត​អនុវត្ត​តាមវិធានការការពារ ដូចជា ពាក់ម៉ាស់ លាង​សម្អាតដៃ រក្សា​គម្លាត​សុវត្ថិភាព។ល។ សូម្បីតែក្រោយពេល​ចាក់វ៉ាក់សាំង​រួច។

១០. ខ្ញុំបានឮថាប្រទេសមួយបញ្ឈប់ការ​ប្រើប្រាស់វ៉ាក់សាំង អាស្ត្រាហ្សែនីកា (AstraZeneca) ដោយសារ​​តែ​ផល​រំខានអវិជ្ជមានរបស់វ៉ាក់សាំងនេះ។ តើខ្ញុំគួរ​ព្រួយបារម្ភដែរឬទេ ប្រសិនបើខ្ញុំចាក់វ៉ាក់សាំងនេះ?

ជា​វិធានការ​បម្រុង​ប្រយ័ត្ន ប្រទេស​មួយចំនួន​នៅសហភាពអឺរ៉ុប​ បានផ្អាកប្រើប្រាស់​វ៉ាក់សាំង​អាស្ត្រាហ្សែនីកាមួយចំនួន​ ដែលត្រូវ​បានចែកចាយនៅសហភាពអឺរ៉ុប ដោយសារ​តែ​មាន​ការ​រាយការណ៍​ពី​ករណី​ឈាមកក ជាករណីដែលកម្រ​កើតមាន​លើ​អ្នកដែលបាន​ចាក់វ៉ាក់សាំង​ប្រភេទទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះគណៈកម្មាធិការ​វាយតម្លៃហានិភ័យ​និង​ឃ្លាំមើលការ​ប្រើប្រាស់​ផលិតផលវេជ្ជសាស្ត្រ ​នៃទីភ្នាក់ងារ     វេជ្ជសាស្ត្រ​អឺរ៉ុប​បាន​យល់ស្រប​ថា វ៉ាក់សាំងនេះ​នៅតែ​បន្តមាន​អត្ថប្រយោជន៍​ច្រើនជាង​ហានិភ័យ ហើយគេនៅតែអាច​បន្តចាក់វ៉ាក់សាំងនេះទៀត​ ខណៈពេលដែល​កំពុង​មានការ​បន្ត​ស៊ើបអង្កេតលើករណីកំណកឈាមទាំងនេះ។

វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ នឹងមិនកាត់បន្ថយការស្លាប់​ដែលកើតឡើង​ដោយសារ​មូលហេតុផ្សេងទៀត​នោះឡើយ។  ការ​ស្លាប់​ដោយសារ​មូលហេតុផ្សេងទៀត​ នឹង​នៅតែបន្តកើតឡើង សូម្បីតែ​ក្រោយពេលចាក់វ៉ាក់​សាំង ប៉ុន្តែវាមិនមែនជាអ្វីដែលកើតឡើង​ដោយសារ​ការ​ចាក់​វ៉ាក់សាំងនេះនោះឡើយ។

គិតត្រឹមថ្ងៃទី ១២ ខែ មីនា មានវ៉ាក់​សាំង​កូវីដ-១៩ ជាង ៣០០ លានដូសហើយ ដែលត្រូវ​បាន​ចាក់​ ចាប់តាំង​ពី​ពេលដែល​ការ​រាតត្បាត​ជាសកលនេះ​ចាប់ផ្ដើមកើតឡើង នេះ​បើតាមទិន្នន័យ ដែល​រដ្ឋាភិបាល​តាមប្រទេសនានាផ្ញើជូនអង្គការសុខភាពពិភព​លោក។ កន្លងមក ពុំមាន​ការរកឃើញករណីបាត់បង់ជីវិត​ ដែលបង្កឡើង​ដោយសារ​វ៉ាក់សាំង​កូវីដ-១៩ នេះឡើយ។

១១. តើអ្នកដែល​ធ្លាប់មានប្រវត្តិប្រតិកម្មអាលែហ្សី គួរទៅ​ចាក់វ៉ាក់សាំងនេះដែរឬទេ?

អ្នកដែលធ្លាប់មានប្រវត្តិ​ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ (ឧទាហរណ៍ ប្រតិកម្មថ្នាំ (anaphylaxis) ជាដើម) ជាមួយនឹង​សារធាតុផ្សំណាមួយ​ដែលប្រើប្រាស់​នៅក្នុងការផលិតវ៉ាក់សាំងនេះ មានន័យថាបុគ្គលនោះមិនគួរចាក់វ៉ាក់សាំង ដែលមាន​ផ្ទុក​សារធាតុផ្សំនេះឡើយ។ នេះមានន័យថា បុគ្គលទាំងនេះ មិនគួរ​ទៅ​ទទួលវ៉ាក់សាំងនេះ​ឡើយ។ សម្រាប់បុគ្គលដែលរាយការណ៍ថាធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំ គួរមានការ​វាយតម្លៃហានិភ័យ ដើម្បីកំណត់ពីប្រភេទ និងកម្រិតធ្ងន់ធ្ងរ​នៃប្រតិកម្ម​ដែល​ត្រូវ​បាន​រាយការណ៍ថាធ្លាប់កើតឡើងកន្លងមក និង​លើភាពអាចជឿទុក​ចិត្ត​បាននៃព័ត៌មាននេះ។​ បុគ្គលទាំងនេះអាច​នៅ​តែទទួលបានវ៉ាក់សាំង​ ប៉ុន្តែ​គួរមានការ​ប្រឹក្សា​យោបល់ជាមុនសិនអំពី​ហានិភ័យ​នៃការកើតមាន​ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ​ដោយ​គេ​ពុំ​បាន​ដឹង​ជា​មុន និង​ត្រូវ​ថ្លឹងថ្លែង​រវាងហានិភ័យនេះ ជាមួយនឹង​អត្ថ​ប្រយោជន៍ដែលទទួលបានពី​វ៉ាក់សាំង។ គួរមានការ​មានការ​សង្កេតមើលបុគ្គលទាំងនេះ រយៈពេល ៣០ នាទី ក្រោយចាក់វ៉ាក់សាំង​រួច។

១២. ខ្ញុំ​ឈឺធ្ងន់រួចទៅហើយ តើខ្ញុំគួរ​មិនចាក់វ៉ាក់សាំងនេះមែនទេ ព្រោះវា​អាច​ធ្វើឱ្យខ្ញុំបាត់បង់​ជីវិត?

នាពេលនេះ អ្នកជំងឺមួយចំនួន ប្រហែលជា​ត្រូវ​ពន្យារពេល​ចាក់វ៉ាក់សាំង​នេះសិន ។ សូមនិយាយ​ទៅកាន់​​អ្នកផ្ដល់សេវា​ថែទាំសុខភាព ប្រសិនបើ​អ្នកមានការព្រួយបារម្ភ។ ពួកគេនឹង​អាច​ផ្ដល់ជា​ដំបូន្មាន​ថាតើអ្នកគួរចាក់វ៉ាក់សាំង​ ឬអត់៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រជាកសិករជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី តែងតែសង់ជម្រុកទុកដាក់ស្រូវ ដាច់ដោយឡែកពីផ្ទះស្នាក់នៅ

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង ៤យ៉ាង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កម្ចីមិនដំណើរការថៃ​ ហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល​ ៣ ឆ្នាំ ​​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​

កីឡា២៧ នាទីutes មុន

វគ្គផ្តាច់ព្រ័ត្រ ស្វាយរៀងស៊ុបភើខាប់ ថ្ងៃ​សៅរ៍នេះ​ចូល​រួម​សម្ដែងដោយកញ្ញា Mina

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

បុរស​ចុះ​កំណត់​ត្រា​ចាស់​ជាងគេបំផុត​ទទួលមរណៈ​ភាព​នៅ​អង់គ្លេសក្នុងអាយុ១១២ឆ្នាំ

ចរាចរណ៍៥ ម៉ោង មុន

រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី រៀបផែនការរួចហើយ ដើម្បីសងសឹកអ៊ុយក្រែន ក្រោយយកមីស៊ីលអាមេរិក បាញ់ចូលដីខ្លួន ឥតឈប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រតិកម្ម​ពិភពលោកដូច​ម្ដេច​ខ្លះ ជុំវិញ​បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល និង​ហេសបូឡា?

Sokha Hotels

ព័ត៌មានពេញនិយម