សុខភាព
ស្វែងយល់អំពីជំងឺឫសដូងបាត!
១. អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើង ដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឫសដូងបាតនេះ មិនអាចវិវត្តន៍ទៅជាជំងឺមហារីកបាននោះទេ។
២. តើជំងឺឫសដូងបាត មានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
– ឫសដូងបាតក្នុង ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតខាងក្នុងរន្ធគូថ
– ឫសដូងបាតក្រៅ ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតនៅខាងក្រៅរន្ធគូថ
៣. តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើន ដែលបណ្តាលឲ្យមានជំងឺនេះកើតឡើង ដែលមានដូចជា ៖
– បញ្ហានៃការបន្ទោរបង់លាមក ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤. តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោរបង់លាមកមានឈាម លានឫសដូងចេញមកក្រៅ ការឈឺចាប់នៅក្រសាលគូថ ។
ក. ចំពោះឫសដូងបាតខាងក្នុង មានរោគសញ្ញាជា ៤ដំណាក់កាល ៖
– ដំណាក់កាលទី១ អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់
– ដំណាក់កាលទី២ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង
– ដំណាក់កាលទី៣ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅតែចូលវិញដោយយកដៃរុញបញ្ចូល
– ដំណាក់កាលទី៤ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេ ទោះបីរុញក៏ដោយ
ខ. ចំពោះឫសដូងបាតក្រៅ
អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាលគូថ ដែលដុំនោះមានការឈឺចាប់ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូថ។
* សំគាល់៖ ការបន្ទោរបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ។
៥. តើមានវិធីអ្វីខ្លះ ដើម្បីព្យាបាលជំងឺឫសដូងបាត?
ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។
ខ. ចំពោះបញ្ហាឫសដូងបាតក្នុង
ការព្យាបាលចម្បង គឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាតមានដូចជា
– ការដុតកំដៅ(Infrarouge photocoagulation)
– ការចាក់ (Sclérothérapie)
– ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឫសដូងបាត
● ដំណាក់កាលទី ១ អាចព្យាបាលដោយការដុតកំដៅឬការចាក់
● ដំណាក់កាលទី ២ និងទី៣ អាចព្យាបាលដោយការចង
● ចំពោះការវះកាត់ឫសដូងបាត គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤ ឬ ឫសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។
៦. តើមានវិធីអ្វីខ្លះ ដែលអាចបង្ការជំងឺឫសដូងបាត?
កត្តាមួយចំនួន ដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
– អ្នកជំងឺត្រូវពិសារបន្លែ និងពិសារទឹកឲ្យបានច្រើន
– លំហាត់ប្រាណជាប្រចាំ
– មិនត្រូវបន្ទោរបង់លាមកដោយប្រើរយៈពេលយូរ
– មិនត្រូវប្រឹងខ្លាំងពេលបន្ទោរបង់
* បញ្ជាក់៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ថាពិតជាជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោត ត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេ អ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថ ដែលជាបញ្ហាធ្ងន់ធ្ងរ។
ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហ័ស៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការតាមដានសុខភាព និងស្វែងរកដុំមហារីកពោះវៀនធំ នៅដំណាក់កាលដំបូងបំផុត!
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់