ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។
ក) រោគសញ្ញា៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសន្លាក់ដៃជើង និងសាច់ដុំ
- ស្នាមអុចក្រហមលើស្បែក
- អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ
ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១) ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
- ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
- ហូរឈាមតាមច្រមុះ
- ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ
២) ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
គ) ការកំណត់រោគវិនិច្ឆ័យ៖
- ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះ នៅក្នុងឈាមអ្នកជំងឺ។
- ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ឲ្យបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។
ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលឲ្យមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។
ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
• គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
• ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
• ចៀសវាងនៅក្នុងទីងងឺត
• ប្រើផលិតផលការពារមូស (លាបលើស្បែក)៕
អត្ថបទ ៖ រស្មី