សុខភាព
ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង ព្រោះវាអាចគ្រោះថ្នាក់ដល់អាយុជីវិតម្ដាយនិងទារក
ក្នុងចំណោមស្ដ្រីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។
១) តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?
ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ មាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលអត់មានផ្ទៃពោះ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។
ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖
ក) ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension) ៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃពោះស្ដ្រីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។
ខ) ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។
គ) ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia) ៖ មានន័យថាអ្នកជំងឺមានលើសសម្ពាធឈាមរួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖
– ស្រវាំងភ្នែក
– ការប៉ះពាល់ទៅលើមុខងារថ្លើមសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំការឡើងខ្ពស់នៃអង់ស៊ីម Transaminase
– ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine
– អាចឃើញមានជំងឺហើមសួត (Pulmonary edema) ផងដែរ
ឃ) ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។
២) តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ?
កត្តាដែលស្ត្រីមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖
– ស្ដ្រីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ
– ស្ដ្រីធាត់ខ្លាំង
– ស្ដ្រីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក
– ស្ដ្រីពពោះកូនភ្លោះ
– ស្ត្រីមានជំងឺលើសឈាម
– ស្ដ្រីមានវិបត្តិតម្រងនោម
– ស្ដ្រីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
– ឬស្ដ្រីមានជំងឺទឹកនោមផ្អែម
៣) តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន?
អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។
– ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្ដ្រីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ដោយស្ដ្រីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់ បែកគ្រាប់ឈាម ការថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។
– ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។
៤) តើត្រូវព្យាបាលជំងឺនេះដូចម្តេច?
យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។
៥) តើជំងឺនេះអាចបង្កាបានយ៉ាងដូចម្តេច?
ចំពោះវិធីបង្ការវិញ ប្រសិនបើស្ត្រីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត។
ប្រសិនបើស្ត្រីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សុំបញ្ឈប់ការបញ្ច្រកទឹកផ្សេងៗ ចូលមាត់ជនរងគ្រោះពេលបាត់បង់ស្មារតី ព្រោះវាអាចបង្កជាគ្រោះថ្នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន