ព័ត៌មានអន្ដរជាតិ
៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩
វ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ក្មេងចន្លោះពី ១២-១៥ ឆ្នាំ អាចនឹងអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២១ ឬយ៉ាងយូរនៅដើមឆ្នាំ ២០២២ ព្រោះក្រុមហ៊ុនផលិតឱសថធំៗកំពុងចាប់ផ្តើមតេស្តថ្នាំបង្ការលើកុមារនិងក្មេងជំទង់បានជោគជ័យជាបណ្ដើរៗហើយ។
ទោះបីពេលនេះប្រទេសកម្ពុជា មិនទាន់មានវ៉ាក់សាំងសម្រាប់ក្មេងៗក៏ពិតមែន ប៉ុន្តែឪពុកម្ដាយគ្រប់គួរស្វែងយល់ជាមុន ត្បិតថាមិនយូរទៀតទេ ប្រទេសយើងនឹងមានវ៉ាក់សាំងនេះប្រើប្រាស់ហើយ។

ទាំងនេះជាចម្ងល់និងការពន្យល់ពីអ្នកវិទ្យាសាស្ត្រជុំវិញការចាក់វ៉ាក់សាំងសម្រាប់ក្មេង!
១. តើវ៉ាក់សាំងការពារកូវីដ-១៩មានសុវត្ថិភាពប៉ុណ្ណាចំពោះកូនខ្ញុំ?
ការសាកល្បងវ៉ាក់សាំង Covid-19 ចំពោះកុមារដែលមានអាយុពី ១២-១៥ ឆ្នាំនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពណាស់។
ចំណែកផលប៉ះពាល់លើកុមារមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញកើតឡើងចំពោះមនុស្សពេញវ័យដែរ ដែលភាគច្រើនពួកគេនឹងមានអាការដូចជា ឈឺដៃ ឬអស់កម្លាំងជាដើម។

២. តើកូនៗរបស់ខ្ញុំត្រូវការចាក់វ៉ាក់សាំងពីរដូសដូចមនុស្សធំដែរឬយ៉ាងណា?
កុមារនឹងត្រូវចាក់វ៉ាក់សាំងចំនួនពីរដូសមិនខុសពីមនុស្សពេញវ័យទេ ពីព្រោះទាល់តែពីរដូសទើបផ្តល់នូវការការពារបានប្រសើរពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងចាក់តែមួយដូស។
៣. តើក្មេងៗនឹងរងផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់សាំងការពារកូវីដ-១៩?
ផលរំខានទូទៅចំពោះកុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំរួមមាន ឈឺចាប់ត្រង់កន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនតិចតួច ឈឺសន្លាក់ និងក្ដៅខ្លួន។ល។
៤. តើខ្ញុំគួរធ្វើអ្វី ប្រសិនបើកូនៗរងផលប៉ះពាល់ណាមួយ?
ប្រសិនក្មេងមានប្រតិកម្មឈឺសាច់ដុំ ឬឈឺក្បាល បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំប៉ារ៉ាសេតាមុលអាចយកមកប្រើបាន ដើម្បីជួយឱ្យអាការធូរស្រាល។ យ៉ាងណាមិញផលប៉ះពាល់ទាំងនេះនឹងត្រឡប់រកភាពប្រក្រតីវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។
៥. តាមដែលធ្លាប់ដឹងវីរុសកូវីដ-១៩មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់កុមារដូចមនុស្សពេញវ័យទេ ហេតុអ្វីពួកគេចាំបាច់ត្រូវចាក់វ៉ាក់សាំង?
ទោះបីជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់កម្រកើតមានចំពោះកុមារ បន្ទាប់ពីឆ្លងវីរុស Covid-19 ក៏ដោយ ក៏ពេលខ្លះកុមារនៅតែអាចវិវត្តទៅជាផលវិបាកដូចជា ជំងឺរលាកផ្សេងៗ ឬកូវីដរយៈពេលវែង (Long-Covid)។

ដូច្នេះការចាក់ថ្នាំបង្ការកូវីដ-១៩ដល់កុមារមិនត្រឹមតែអាចជួយកុមារទេ តែក៏អាចការពារសមាជិកវ័យចាស់ផងដែរដូចជា ឪពុកម្តាយ និងជីដូនជីតាជាដើម។
៦. បើ “Long-Covid” មានហានិភ័យខ្លាំងចំពោះកុមារ អ៊ីចឹងវ៉ាក់សាំងអាចជួយបានកម្រិតណា?
តាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រ “Long-Covid” អាចកើតឡើងចំពោះកុមារច្រើនជាងមនុស្សវ័យចំណាស់។ មកទល់នឹងពេលបច្ចុប្បន្ន គេមិនទាន់ដឹងថា តើការចាក់វ៉ាក់សាំងនឹងការពារប្រឆាំងនឹង “Long-Covid” ប៉ុនណាឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿថា ប្រសិនបើវ៉ាក់សាំងកាត់បន្ថយហានិភ័យនៃការឆ្លងនិងរោគសញ្ញាធ្ងន់ធ្ងរ ដូច្នេះវានឹងកាត់បន្ថយហានិភ័យផលវិបាករយៈពេលវែងរបស់ Covid-19 ផងដែរ។

៧. តើកុមារនឹងមានអង់ទីគ័រការពារបានយូរប៉ុនណា?
ដោយសារតែវីរុសដែលបណ្តាលឱ្យមានជំងឺ Covid-19 ចេះតែបន្តផ្លាស់ប្តូរថ្មីជានិច្ច(វីរុសបំប្លែងខ្លួន) ដូច្នេះវ៉ាក់សាំងអាចការពារមនុស្សពេញវ័យនិងកុមារបានតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។
សម្រាប់រយៈពេលប៉ុនណាដែលអង់ទីគ័រអាចប្រឆាំងនឹងវីរុសកូវីដ-១៩ មិនទាន់មានចម្លើយសមស្របទេ។ ប៉ុន្តែជាទូទៅវ៉ាក់សាំងបង្ការកូវីដ-១៩អាចការពារបានពី៦ខែទៅ១ឆ្នាំ។
៨. ប្រសិនបើក្មេងមិនបានចាក់វ៉ាក់សាំង តើពួកគេអាចប៉ះពាល់ដោយសារវីរុសបំប្លែងខ្លួនដែរទេ?

វ៉ាក់សាំងទាំងអស់ដែលកំពុងតេស្តនិងសិក្សា សុទ្ធតែអាចការពារប្រឆាំងនឹងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងសូម្បីវីរុសបំប្លែងខ្លួនថ្មីៗក៏អាចការពារបានដែរ។
ផ្ទុយទៅវិញ កុមារដែលមិនបានទទួលថ្នាំបង្ការកូវីដ-១៩នឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរ ដោយសារវីរុសបំប្លែងខ្លួននាពេលអនាគត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ ឆ្លើយសំណួរ៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ក្មេងៗ
ចុចអាន៖ វ៉ាក់សាំងកូវីដសម្រាប់ក្មេងតូចៗ អាចរួចរាល់នៅដើមឆ្នាំក្រោយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?